• 2020-12-23 02:09:07
  • ព័ត៌មាន

សូម្បីអ្នកធ្វើការឲ្យ Facebook ក៏មិនកាន់ជើង Facebook ដែរ

  • 2020-12-23 02:09:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook បាន​​ធ្វើ​ការ​រិះគន់ Apple ជា​ហូរហែ​ក្រោយ​ពី​ត្រូវ​បាន​ Apple បង្ខំ​ឲ្យ​ផ្ដល់​ជម្រើស​ឲ្យ​អ្នក​ប្រើ​ប្រាស់​លើ iOS ក្នុង​ការ​បិទ​មុខងារ​តាមដាន​សកម្មភាព​អ្នក​ប្រើ​ប្រាស់។ យ៉ាងណាក្ដី សូម្បី​តែ​បុគ្គលិក​របស់ Facebook មើល​ទៅ​ដូច​ជា​មិន​យល់​ស្រប​នឹង​ក្រុមហ៊ុន​របស់​ខ្លួន ដោយ​មាន​មួយ​ចំនួន​បាន​និយាយ​ថា​យុទ្ធនាការ​ប្រឆាំង​នឹង Apple របស់ Facebook ​គឺ​ជា​ទង្វើ​លាក់​ពុត​ខ្លាំង។

ផ្អែក​តាម​ការ​ចេញ​ផ្សាយ​របស់ BuzzFeed News បាន​ឲ្យ​ដឹង​ថា​ Facebook បាន​ចាត់​នូវ​​ការ​​ប្រជុំ​ជា​មួយ​បុគ្គលិក​របស់​ខ្លួន ដើម្បី​ពិភាក្សា​អំពី​​​ផល​ប៉ះពាល់​លើ​ការងារ​របស់​ពួក​គេ ទាក់ទង​នឹង​គោលការណ៍​ថ្មី​របស់ Apple។

BuzzFeed News ដែល​ទទួល​បាន​ដំណឹង​ផ្ទៃ​ក្នុង​ពី​បុគ្គលិក Facebook បាន​ឲ្យ​ដឹង​ថា​បុគ្គលិក​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​ឯកភាព​លើ​ការ​​រិះគន់​លើ Apple នោះ​ទេ។ បុគ្គលិក​ម្នាក់​បាន​និយាយ​ថា​ចៅហ្វាយ​នាយ​របស់​ខ្លួន គឺ​គ្រាន់​តែ​ប្រើ​ប្រាស់​អាជីវកម្ម​តូចៗ​ធ្វើ​ជា​ខែល​បាំង​មុខ​ ដើម្បី​បិទបាំង​ទង្វើ​មិន​ល្អ​របស់ Facebook។ វិស្វករ​ Facebook ម្នាក់​បាន​​បញ្ចេញ​មតិ​ដូច​នេះ​​ថា ៖ "វា​ប្រៀប​ដូច​ជា​យើង​ព្យាយាម​បិទបាំង​ទង្វើ​អាក្រក់​ ដោយ​​ប្រើ​ប្រាស់​សារ​ដ៏​គួរ​ឲ្យ​អាណិតអាសូរ។” ​​​​ ​ អ្នក​នាំ​ពាក្យ​ Facebook បាន​បន្ត​ឈរ​លើ​គោល​ជំហរ​ថា​ក្រុមហ៊ុន​គឺ​ព្រួយ​បារម្ភ​អំពី​​អ្នក​ដែល​បាន​ប្រើ​ប្រាស់​ Facebook ជា​កន្លែង​ដើម្បី​ផ្សព្វផ្សាយ​អំពី​ផលិតផល និង​សេវាកម្ម ជា​ពិសេស​គឺ​អាជីវកម្ម​តូចៗ។

Apple ឯណោះ​វិញ​ក៏​បាន​ឆ្លើយ​តប​នឹង​ការ​រិះគន់​របស់ Facebook ដោយ​និយាយ​ថា​ Facebook គួរ​គិតគូរ​ឡើង​វិញ​លើ​ភាព​ជា​ឯកជន​​របស់​អ្នក​ប្រើ​ប្រាស់។ Apple ក៏​បាន​និយាយ​ដែរ​ថា​​អ្នក​ប្រើ​ប្រាស់​គួរ​តែ​មាន​សិទ្ធ​គ្រប់គ្រង​លើ​ព័ត៌មាន​ដែល​ពួក​គេ​ចង់​ចែក​រំលែក​ជា​មួយ Developer និង​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។ បើ​តាម​ការ​ឲ្យ​ដឹង​ពី Apple ក្រុម​ Developer អាច​មាន​ពេល​ដល់​ដើម​ឆ្នាំ ២០២១ ដើម្បី​ប្រតិបត្តិ​តាម​គោលការណ៍​ថ្មី​របស់ Apple បើ​មិន​ដូច្នោះ​ទេ​កម្មវិធី​របស់​ពួក​គេ​អាច​នឹង​ត្រូវ​ហាម​ឃាត់​ពី iOS តែ​ម្ដង៕​​

ចុចអាន ៖

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់