• 2020-12-07 07:21:20
  • ព័ត៌មាន

អស្ចារ្យ! យានប្រមូលសំណាកអាចម៍ផ្កាយរបស់ជប៉ុនបានចុះមកដល់ផែនដីវិញ

  • 2020-12-07 07:21:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ពន្លឺ​មួយ​ឆ្នូត​បាន​ហោះ​កាត់​ផ្ទៃមេឃ​ពេល​រាត្រី សំណាក​វត្ថុ​ធាតុ​មក​ពី​អាចម៍ផ្កាយ​ដ៏​សែនឆ្ងាយ​មួយ​បាន​មកដល់​ផែនដី​កាលពីដើម​ថ្ងៃអាទិត្យ​ទី​៦​ធ្នូ ២០២០ ក្រោយ​ពី​វា​ត្រូវបាន​​ទម្លាក់​ចេញពី​យាន​ស្រាវជ្រាវ​ជប៉ុន​Hayabusa-2​នៅលើ​អូស្ត្រាលី​ខាងត្បូង​។​

អ្នកវិទ្យាសាស្ត្រ​សង្ឃឹមថា សំណាក​វត្ថុ​ធាតុ​ដ៏​មាន​តំលៃ​នេះ អាច​ជួយ​ផ្តល់​ពន្លឺ​អំពី​ប្រភព​នៃ​ជីវិត​និង​ការកកើត​ចក្រ​វាល​។ ប្រអប់​ផ្ទុក​សំណាក​នេះ បាន​ចូល​ក្នុង​បរិយាកាស​ផែនដី​នៅ​ម៉ោង​២​និង​៣០​នាទី ព្រឹក​ម៉ោង​នៅ​ជប៉ុន ដោយ​បង្ក​ជា​ដុំ​ភ្លើង​មួយ​ឆ្នូត​ក្នុង​ផ្ទៃមេឃ​ពេល​ជិត​ភ្លឺ ហើយ​ធ្លាក់​នៅ​វាល​ខ្សាច់​អូស្ត្រាលី​ខាងត្បូង​មុន​​ត្រូវ​បាន​រើស​យក​ដោយ​ក្រុម​អ្នកជំនាញការ​។​

មន្ត្រី​នៅ​មន្ទីរ​ស្រាវជ្រាវ​ជប៉ុន​បាន​និយាយថា «​ក្រោយ​ធ្វើដំណើរ​អស់​៦​ឆ្នាំ នៅ​ទីបំផុត​វា​បាន​មក​ដល់​ផែនដី​វិញ​»​។ ប្រអប់​ផ្ទុក​សំណាក​នេះ​បាន​ផ្តាច់ខ្លួន​ចេញពី​យាន​Hayabusa-2​កាលពី​ថ្ងៃ​សៅរ៍ នៅពេល​យាន​ស្រាវជ្រាវ​ប៉ុន​ទូរ​ទឹកកក​ដែល​បាន​ចេញដំណើរ​ពី​ផែនដី​នៅ​ឆ្នាំ​២០១៤ បាន​ស្ថិតនៅ​ចម្ងាយ​២២០.០០០​គីឡូម៉ែត្រ​​ពី​ផែនដី​។​

​សំណាក​វត្ថុ​ធាតុ​នេះ​ត្រូវបាន​យក​មក​ពី​អាចម៍​ផ្កាយ​Ryugu នៅ​ចម្ងាយ​ប្រមាណ​៣០០​លាន​គីឡូម៉ែត្រ​ពី​ផែនដី ក្នុង​បេសកកម្ម​២​ដំណាក់កាល​របស់​យាន​Hayabusa-2​កាលពី​ឆ្នាំទៅ​។​វា​រួម​មាន​ធូលី​លើ​ផ្ទៃ​​អាច​ផ្កាយ និង​វត្ថុ​ធាតុ​នៅក្រោម​ផ្ទៃ​របស់​វា​។​ ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ មជ្ឈមណ្ឌល​មួយ​នៃ​កងទ័ពអាកាស​អូស្ត្រាលី​បាន​តាមដាន​ការទម្លាក់​ខ្លួន​របស់​ប្រអប់​សំណាក​នេះ​យ៉ាង​ដិតដល់ ​។​វត្ថុ​ធាតុ​ដែល​​ប្រមូល​បាន​មក​នេះ​ត្រូវ​គេ​ជឿ​ថា​មិន​មាន​ការប្រែប្រួល​ទេ​ចាប់តាំងពី​ការកកើត​ចក្រវាល​មក​។​

​ភព​ធំៗ​ ដូចជា​ផែនដី បាន​ឆ្លងកាត់​ការផ្លាស់ប្តូរ​ប្រែប្រួល​ខ្លាំង រួមានការ​ឡើង​ក្តៅ​និង​ការធ្វើអោយ​កក ដែល​នាំ​ដល់​ការប្រែប្រួល​សមាសធាតុ​នៅលើ​ផ្ទៃ​និង​ក្រោម​ផ្ទៃ​របស់​វា។ តែបើ​និយាយ​អំពី​ភព​តូច​​ជាង ឬ​អាចម៍ផ្កាយ​តូច​ជាង សារធាតុ​ទាំងនេះ​មិន​រលាយ ដូច្នេះ​ពួក​អ្នកវិទ្យាសាស្ត្រ​ជឿថា សារធាតុ​តាំងពី​៤,៦​ពាន់​លាន​ឆ្នាំមុន ស្ថិតនៅ​ទីនោះ​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុង​ចង់ដឹងថា​តើ សំណាក​វត្ថុ​ធាតុ​នេះ​មាន​ផ្ទុក​ធាតុ​ទ្រទ្រង់​ជីវិត​ដែរ​ឬ​អត់ ដែល​នឹង​ជួយ​បង្កើត​ជីវិត​នៅលើ​ផែនដី​យើង​៕

ប្រភព៖ rasmeinews

មតិយោបល់