• 2020-12-04 08:03:14
  • ព័ត៌មាន

ឡាន Sedan ថោកបំផុតរបស់ Lexus ឆ្នាំ២០២១ ចេញលក់នៅថៃហើយ

  • 2020-12-04 08:03:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Lexus IS ស៊េរីឆ្នាំ២០២១ បានចេញលក់នៅក្នុងប្រទេសថៃជាផ្លូវការ ដោយមានតែជម្រើសម៉ាស៊ីន Hybrid ប៉ុណ្ណោះ ហើយចែកចេញជា ៣ ម៉ូដែល គឺ Luxury, Premium និង F Sport។

រថយន្ត Lexus IS 300h ឆ្នាំ២០២១ ដាក់លក់នៅប្រទេសថៃ ក្នុងតម្លៃចាប់ពី ២,៦៩លានបាត (៨៩ ២០០ដុល្លារ) សម្រាប់ម៉ូដែល Luxury, ៣,៣៧លានបាត (១១១ ៧០០ដុល្លារ) សម្រាប់ម៉ូដែល Premium និង ៣,៨៩លានបាត (១២៣ ០០០ដុល្លារ) សម្រាប់ម៉ូដែល F Sport។

IS 300h បំពាក់ម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង naturally aspirated មានកម្លាំង ១៧៨សេះ ជាមួយម៉ូទ័រអគ្គិសនីមួយកម្លាំង ១៤១សេះ ធ្វើឲ្យវាអាចបង្កើតកម្លាំងបានសរុប ២២០សេះ។

រថយន្ត Sedan នេះដំណើរការដោយប្រអប់លេខអូតូ E-CVT និងប៉ុងមួយវិលកង់ក្រោយ ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៨,៥វិនាទី ហើយមានល្បឿនអតិបរមាដល់ ២០០គីឡូម៉ែត្រក្នុងមួយម៉ោង។ បើតាម Lexus អះអាងថា IS 300h ថ្មី មានកម្រិតស៊ីសាំងជាមធ្យម ៥,២លីត្រ/១០០គីឡូម៉ែត្រ។

ថ្វីបើមិនបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ប៉ុន្តែរថយន្ត Lexus IS ជំនាន់ទី៣ នេះ បានផ្លាស់ប្តូរមុខមាត់ថ្មី ដូចជា ប៉ាណាមុខ និងចង្កៀងមុខ ដែលធ្វើឲ្យវាមើលទៅរឹតតែទាន់សម័យ។ បន្ថែមពីនេះ វាបានបំពាក់យ៉ាន់ Alloy ធំជាងមុន គឺ ១៨អ៊ីញ, កែកុនផ្នែកចំហៀង និងបានបំពាក់ចង្កៀងក្រោយថ្មី ដែលរត់កាត់ពេញគូទខាងក្រោយ មើលទៅពិតជាស្រស់ស្អាតតែម្តង។

ផ្នែកខាងក្នុងវាមានបំពាក់អេក្រង់ Touchscreen ទំហំ ៨អ៊ីញមកស្តង់ដារ អាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple CarPlay ព្រមទាំង Amazon Alexa ហើយក៏មានបំពាក់បច្ចេកវិទ្យា Lexus Safety System+ មកស្តង់ដារផងដែរ៕

ប្រភព៖ Xehay ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី