• 2020-12-04 01:45:46
  • ព័ត៌មាន

ទទួលយកហេតុផលអត់បាន ប្រទេសមួយបង្ខំ Apple ឲ្យដាក់ដុំសាកក្នុងប្រអប់ iPhone 12

  • 2020-12-04 01:45:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple នឹង​ត្រូវ​តម្រូវ​ឲ្យ​ដាក់​បញ្ចូល​ដុំ​សាក​ជា​មួយ iPhone ទាំង​អស់​ដែល​លក់​នៅ​ទីក្រុង​សៅប៉ូឡូ ប្រទេស​ប្រេស៊ីល​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ភ្នាក់ងារ​ការពារ​អ្នក​ប្រើ​ប្រាស់​នៅ​ទីក្រុង​សៅប៉ូឡូ។

ភ្នាក់ងារ​ Procon-SP បាន​ទាក់ទង​ទៅ Apple កាល​ពី​ខែ​តុលា និង​សុំ​ឲ្យ Apple បក​ស្រាយ​អំពី​មូលហេតុ​ដែល​មិន​​ផ្ដល់​ឆ្នាំង​សាក​មក​ជា​មួយ iPhone ថ្មី។

Apple បាន​ឆ្លើយ​តប​ដោយ​លើក​​យក​ហេតុ​ផល​ជួយ​ការពារ​បរិស្ថាន​ ហើយ​បាន​បញ្ជាក់​ថា​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​គឺ​មាន​ឆ្នាំង​សាក​រួច​ជា​ស្រេច​ទៅ​ហើយ ពេល​ទិញ iPhone ស៊េរី​មុនៗ​។

យ៉ាងណាក្ដី​ក្នុង​សេចក្ដី​ថ្លែង​ការ​របស់ Procon-SP កាល​ពី​ថ្មីៗ​នេះ បាន​និយាយ​ថា​ដុំ​សាក​គឺ​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការ​ប្រើ​ប្រាស់​ផលិតផល ហើយ​​ការ​លក់ iPhone ដោយ​មិន​មាន​ផ្ដល់​ជូន​ដុំ​សាក​គឺ​បាន​ល្មើស​នឹង​ច្បាប់​ការពារ​អ្នក​ប្រើ​ប្រាស់​នៅ​ប្រេស៊ីល។

លើស​ពី​នេះ​ភ្នាក់ងារ​បាន​និយាយ​ថា​ Apple មិន​បាន​បង្ហាញ​ភស្តុតាង​ជាក់​លាក់​នៃ​ផល​ប្រយោជន៍​ដែល​បរិស្ថាន​អាច​ទទួល​បាន​ពី​ការ​ដក​ដុំ​សាក​ចេញ​ពី​ប្រអប់ និង​មិន​បាន​បញ្ជាក់​ច្បាស់​ក្នុង​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន ថា​លែង​មាន​ផ្ដល់​ជូន​ដុំ​សាក​នោះ​ទេ។ ទង្វើ​របស់ Apple នឹង​ត្រូវ​ត្រួត​ពិនិត្យ​ដោយ​ក្រុម​ប្រឹក្សា​របស់​ភ្នាក់ងារ ដែល Apple អាច​នឹង​ត្រូវ​រង​ពិន័យ។

ត្បិត​ថា​ការ​សម្រេច​ចិត្ត​នេះ​គឺ​មាន​តែ​សម្រាប់​ទីក្រុង​សៅប៉ូឡូ ប៉ុន្តែ​រដ្ឋាភិបាល​ប្រេស៊ីល​​បាន​និយាយ​​អំពី​បំណង​​បង្ខំ​ឲ្យ​ Apple ​លក់ iPhone ​ដោយ​មាន​​ដុំ​សាក​មក​ក្នុង​ប្រអប់ នៅ​ទូទាំង​ប្រទេស​តែ​ម្ដង៕​​​​​

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី