• 2020-12-02 11:45:00
  • ព័ត៌មាន

សែលកាត ប្រកាសចេញគម្រោងថ្មី PlayGame Unlimited អាចលេងហ្គេមជាមួយទិន្នន័យអ៊ីនធឺណិតឥតដែនកំណត់

  • 2020-12-02 11:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនសែលកាត បានបង្ហាញជូននូវគម្រោងទិន្នន័យថ្មីឈ្មោះ PlayGame Unlimited ដែលបង្កើតឡើងជាពិសេសសម្រាប់បណ្តាអ្នកលេងហ្គេមប្រភេទទូរសព្ទដៃ ដែលកំពុងរីកដុះដាលគួរឱ្យកត់សម្គាល់បំផុតនាពេលបច្ចុប្បន្ននេះ។

ជាមួយគម្រោង PlayGame Unlimited នេះ អ្នកលេងហ្គេមទាំងអស់នឹងអាចលេងហ្គេម Mobile Legends, Bang Bang និង PUBG Mobile ជាមួយទិន្នន័យអ៊ីនធឺណិតដែលមានផ្ដល់ជូនឥតដែនកំណត់ ហើយក៏នឹងទទួលបានឈុតខាងក្រៅដែលហៅថា Skin ដោយឥតគិតថ្លៃ រួមទាំងរង្វាន់លើកទឹកចិត្ត និងការបញ្ចុះតម្លៃជាច្រើនទៀត។

ទិន្នន័យបន្ថែម ក៏នឹងត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់ Facebook Gaming រួមជាមួយនឹងកញ្ចប់ទិន្នន័យ សម្រាប់ប្រើប្រាស់លើសកម្មភាពផ្សេងៗទៀតដូចជា ការចូលទស្សនាហ្គេមផ្សាយផ្ទាល់ ការចូលប្រើប្រាស់គេហទំព័រ និងការផ្ញើសារជជែកគ្នាជាដើម។

គម្រោងថ្មីនេះដែរក៏មានប្រើប្រាស់ PlayCoins ដែលជារូបិយប័ណ្ណហ្គេមផ្ទាល់ខ្លួនរបស់វា សម្រាប់ប្តូរយករបស់របរហ្គេម និងប័ណ្ណបញ្ចុះតម្លៃអេឡិចត្រូនិច ដើម្បីផ្តល់ជារង្វាន់ជូនដល់អ្នកលេងហ្គេមដទៃទៀតនៅក្នុងប្រទេសកម្ពុជា។ អ្នកប្រើប្រាស់នឹងអាចទទួលបានពិន្ទុសម្រាប់ប្ដូរយក PlayCoins តាមរយៈការភ្ជាប់គម្រោង ការទិញកញ្ចប់សេវាកម្ម ឬការបញ្ចូលទឹកប្រាក់ជាដើម។

បន្ថែមពីនេះដែរ សមាជិក ៣ ពាន់នាក់ដំបូង ដែលភ្ជាប់គម្រោងនេះ នឹងទទួលបានរង្វាន់ជា PlayCoins បន្ថែមចំនួន ៥០ ភាគរយដោយឥតគិតថ្លៃ ជាមួយនឹងលេខកូដណែនាំ PlayGame ហើយរាល់សមាជិកទាំងអស់ ថែមទាំងមានឱកាសឈ្នះទូរស័ព្ទ iPhone 12 Pro ថ្មី នៅក្នុងការចាប់ឆ្នោតផ្សងសំណាងរៀងរាល់ថ្ងៃសុក្រ ដោយនឹងបន្តរហូតដល់ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១។

គួរដឹងថាការបង្ហាញគម្រោងថ្មីនេះដែរត្រូវបានធ្វើឡើង បន្ទាប់ពីសែលកាតបានដាក់ឱ្យដំណើរការកម្មវិធី PlayGame ដែលជា Virtual Game Platform ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលសែលកាតបានប្រកាសចេញកាលពីដើមឆ្នាំ ២០២០ កន្លងទៅនេះ។

បច្ចុប្បន្ននេះ PlayGame កំពុងបម្រើការកម្សាន្តដល់អ្នកលេងហ្គេមរាប់ពាន់នាក់ ដែលពួកគេអាចប្រកួតប្រជែងជាមួយមិត្តភក្តិ មានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់សម្រាប់ការជាប់ចំណាត់ថ្នាក់ និងអាចតាមដានមើលព័ត៌មាននិងវីដេអូថ្មីៗពីអ្នកបង្កើតមាតិកាល្បីៗផងដែរ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងថា PlayGame Unlimited ត្រូវបានរៀបចំបង្កើតឡើង ដោយផ្តោតយកចិត្តទុកដាក់ទៅលើបែបបទ និងតម្រូវការរបស់អ្នកលេងហ្គេមជាពិសេសតែម្តង ហើយគោលបំណងធំរបស់ក្រុមហ៊ុនគឺចង់ចូលរួមលើកកម្ពស់ដល់កីឡាករហ្គេមនៅក្នុងស្រុក ការអភិវឌ្ឍកីឡាករអេឡិចត្រូនិចសម្រាប់ថ្ងៃអនាគត និងការផ្តល់ឱកាសដល់កីឡាករយើងឱ្យអាចចូលរួមកម្មវិធីប្រកួតលំដាប់ថ្នាក់ពិភពលោក ក៏ដូចជាការចូលរួមនៅក្នុងកម្មវិធីប្រកួតធំៗ។

ទន្ទឹមនឹងការដាក់ឱ្យដំណើរការថ្នាល PlayGame ក្រុមហ៊ុនសែលកាត ក៏ត្រូវបានទទួលស្គាល់ថាជា បណ្តាញទូរស័ព្ទល្អជាងគេបំផុតនៅកម្ពុជាសម្រាប់ផ្នែកហ្គេម កាលពីខែសីហាដោយស្ថានប័ន OpenSignal ផងដែរ។

ប្រតិបត្តិករទូរសព្ទចល័តឈានមុខគេនេះ ជាញឹកញយត្រូវបានយកមកចុះផ្សាយនៅក្នុងទស្សនាវដ្តីកីឡាអេឡិចត្រូនិច និងហ្គេមល្បីៗ ដែលក្នុងនោះមានដូចជា Mashable និង IGN ជាដើម៕

មតិយោបល់