• 2020-12-01 11:11:20
  • ព័ត៌មាន

អ្នកជំនាញផ្នែកសូហ្វែខ្មែរមួយក្រុមបង្កើតកម្មវិធីគ្រប់គ្រងទិន្នន័យដើម្បីជួយអាជីវករ និងវិស័យ SME ដោយឥតគិតថ្លៃ

  • 2020-12-01 11:11:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកជំនាញផ្នែកសូហ្វែខ្មែរមួយក្រុមបាន បង្កើតកម្មវីធីគ្រប់គ្រងទិន្នន័យដើម្បីដោះស្រាយបញ្ហាឈឺក្បាលរបស់គណនេយ្យករក្នុងវិស័យ SME នៅកម្ពុជាដែលកំពុងប្រើប្រាស់កម្មវិធីគណនេយ្យ QuickBooks។ កម្មវិធីថ្មីដោះស្រាយបញ្ហាឈឺក្បាលរបស់គណនេយ្យករដែលបានបង្កើតឡើងដោយក្រុមអ្នកជំនាញផ្នែកសូហ្វែជនជាតិខ្មែរមួយក្រុមនោះមានឈ្មោះថា «QE Extension»។

សកម្មភាពរបស់អ្នកជំនាញកំពុងធ្វើតេសកម្មវិធី QE Extension

នាពេលបច្ចុប្បន្នតម្រូវការព័ត៌មានសម្រាប់ការប្រកាសពន្ធតាមអនឡាញ ឬហៅថា E-Filing និងអនុលោមភាពតាមស្ដង់ដារគណនេយ្យជាភាសាខ្មែរ សម្រាប់អ្នកប្រើប្រាស់កម្មវិធីគណនេយ្យ QuickBooks នឹងអាចលែងឈឺក្បាលបន្ទាប់ពីប្រើប្រាស់កម្មវិធីថ្មីនេះមកជំនួយបន្ថែម។

លោក គិត ខេមរារិទ្ធ តំណាងក្រុមអ្នកជំនាញផ្នែកសូហ្វែខ្មែរ Speed Account ប្រាប់ពីអត្ថប្រយោជន៍ និងគុណតម្លៃនៃកម្មវិធីនេះថា QE Extension គឺអាចកាត់បន្ថយពេលវេលារបស់គណនេយ្យករបានពី៦០ ទៅ៧០ភាគរយ។ QE Extension មានចំណុចសំខាន់ធំៗដូចជា៖

.QE Extension ជាកម្មវិធីដែលដំណើរការជាមួយ QuickBooks ដែលមានមុខងារជាភាសាខ្មែរ និងទម្រង់បទដ្ឋាន ជួយសម្រួលដល់ ការប្រកាសពន្ធស្របតាមប្រព័ន្ធពន្ធដារ និងស្តង់ដារគណនេយ្យកម្ពុជា។

.មានបច្ចុប្បន្នភាពអត្រាប្ដូរប្រាក់ពីធនាគារជាតិនៃកម្ពុជា (NBC) ដោយស្វ័យប្រវត្តិ។

.ទាញយកទិន្នន័យសម្រាប់ធ្វើការ Upload ទៅ E-VAT ឬ E-Filing ដោយស្វ័យប្រវត្តិ។

.បន្ថែមឈ្មោះនិងអាសយដ្ឋានដៃគូអាជីវកម្មរបស់អ្នកជាភាសាខ្មែរ បន្ថែមប្រភេទដៃគូអាជីវកម្មជាបុគ្គលជាប់អាករ ឬមិនជាប់អាករ និងលេខ VAT TIN ដៃគូអាជីវកម្មរបស់អ្នក សម្រាប់ចេញវិក្កយបត្រ ព្រមទាំងព័ត៌មានសម្រាប់ការបំពេញកាតព្វកិច្ចសារពើពន្ធគ្រប់ប្រភេទ។

.បោះពុម្ភប័ណ្ណចំណាយ ឬស្នើរសុំទូទាត់ពីមុខងារ Write Check និង Pay Bill ដោយស្វ័យប្រវត្តិ។

.មានរបាយការហិរញ្ញវត្ថុជាភាសារខ្មែរ។

.QE Extension បន្ថែមទិន្នន័យភាសាខ្មែរ និងមុខងារលើកម្មវិធី QuickBooks មុខងារសំខាន់ៗដទៃទៀតរបស់ QE Extensionមានដូចជា: SO, Convert SO to Invoice, Create Tax Invoice, Received Payment, PO, Convert PO to Enter Bill, Enter Bill, Bill Payment និង Write Check។ល។

.លោកអ្នកចាំបាច់ត្រូវមានកម្មវិធី QuickBooks ដើម្បីអាចប្រើប្រាស់កម្មវិធី QE Extension បាន។

សកម្មភាពរបស់ក្រុមអ្នកជំនាញកំពុងធ្វើតេសកម្មវិធី QE Extension

សម្រាប់សុវត្ថិភាពនិន្នន័យរបស់ស្ថាប័ន ឬក្រុមហ៊ុនដែលប្រើប្រាស់កម្មវិធីនេះ តំណាងក្រុមអ្នកជំនាញផ្នែកសូហ្វែខ្មែរ Speed Account លោក គិត ខេមរារិទ្ធ បញ្ជាក់ថា «យើងគិតថាប្រព័ន្ធកម្មវិធីរបស់យើងវាអាចប្រើប្រាស់និងជួយសម្រួលកិច្ចការបានច្រើន ហើយវាមានសុវត្ថិភាព ព្រោះយើងមិនបានប៉ះពាល់លើទិន្នន័យរបស់អ្នកប្រើប្រាស់ទេ ទិន្នន័យរបស់អ្នកប្រើប្រាស់គឺទុកនៅលើកុំព្យូទ័ររបស់អ្នកប្រើប្រាស់ អញ្ចឹងយើងធ្វើកម្មវិធីនឹងគ្រាន់តែជួយការងាររបស់គាត់ យើងអត់បានទៅប៉ះពាល់ទិន្នន័យរបស់គាត់ទេ បានន័យថាសុវត្ថិភាពអ្វីដែលគាត់មានធ្វើនៅលើប្រព័ន្ធ QuickBooks បន្ថែមទៅលើ QE Extension គឺមានសុវត្ថិភាពដូចគ្នាទាំងអស់»

សម្រាប់អាជីវករ ក្រុមហ៊ុន និងវិស័យ SME នៅកម្ពុជាដែលកំពុងប្រើប្រាស់ប្រព័ន្ធ QuickBooks ហើយចង់ទាញយកដោយឥតគិតថ្លៃ និងស្វែងយល់ពីកម្មវិធីជំនួយ QE Extension កាន់តែស៊ីជម្រៅ ដើម្បីយកទៅប្រើប្រាស់នោះ អាចចូលទៅដោនឡូតបាន សូមចុចនៅត្រង់នេះ

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់