• 2020-11-25 03:12:59
  • ផលិតផលថ្មី

ទូរសព្ទស៊េរី ២០២១ ដំបូងគេរបស់ Samsung តម្លៃចាប់ពី ១៧៨ដុល្លារ

  • 2020-11-25 03:12:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បាន​ប្រកាស​ចេញ​នូវ​ Galaxy A12 និង Galaxy A02s ជា​ផ្លូវ​ការ​ ដែល​ពួក​វា​គឺ​ជា​សមាជិក​ដំបូង​គេ​នៃ​ត្រកូល Galaxy A ស៊េរី​ឆ្នាំ ២០២១ ហើយ​ក៏​ជា​ស្មាតហ្វូន​ស៊េរី​ឆ្នាំ​ ២០២១ ដំបូង​គេ​របស់ Samsung ផង​ដែរ។

  • Galaxy A02s

Galaxy A02s ជា​អ្នក​ស្នង​តំណែង​ Galaxy A01 ​ដែល​បាន​ចេញ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​កន្លង​ទៅ។ ស្មាតហ្វូន​នេះ​មាន​អេក្រង់​ទំហំ ៦,៥អ៊ីញ ​​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត HD+ និង​មាន​ប្រើ​រចនាបថ​​ Infinity-V ដែល​មាន​កាមេរ៉ា Selfie ទំហំ ៥MP។

កាមេរ៉ា​ខាង​ក្រោយ​មាន​ចំនួន​បី​គ្រាប់​ ដែល​​មាន​នូវ​កាមេរ៉ា​មេ​ទំហំ ១៣MP ហើយ​កាមេរ៉ា​ពីរ​គ្រាប់​ទៀត​មាន​ទំហំ ២MP ជា​ប្រភេទ​កាមេរ៉ា​ Macro និង​កាមេរ៉ា​វាស់​ជម្រៅ​។ ស្មាតហ្វូន​នេះ​មាន​ប្រើ​ប្រាស់​បន្ទះ​ឈីប Snapdragon 450 ដែល​មាន​ RAM ទំហំ ៣GB និង​អង្គ​ផ្ទុក​ទំហំ ៣២GB និង​មាន​រន្ធ​សម្រាប់​ដោត​មេមូរី​កាត​បាន​ទំហំ​ដល់ ១TB។

ចំណុច​លេច​ធ្លោ​មួយ​ទៀត​របស់ Galaxy A02s គឺ​វា​មាន​បំពាក់​នូវ​ថ្ម​ទំហំ ៥០០០mAh ធំ​ជាង​មុន ២០០០mAh ដែល​អាច​សាក​បាន​ក្នុង​ល្បឿន ១៥វ៉ាត់។ ជា​មួយ​លក្ខណៈ​សម្បត្តិ​ទាំង​អស់​នេះ Galaxy A02s នឹង​ដាក់​លក់​នៅ​អឺរ៉ុប​ចាប់​ពី​ខែ​កុម្ភៈ ឆ្នាំ ២០២១ ជា​មួយ​តម្លៃ​​ប្រមាណ ១៧៨​ដុល្លារ។

  • Galaxy A12

Galaxy A12 គឺ​ជា​អ្នក​ស្នង​តំណែង​ Galaxy A11 ដែល​ Samsung បាន​ប្រកាស​ចេញ​កាល​ពី​ខែ​មីនា​កន្លង​ទៅ។ ស៊េរី​ថ្មី​នេះ​មាន​បំពាក់​ថ្ម​ធំ​ជាង​មុន ១០០០mAh ដែល​ពេល​នេះ​វា​មាន​ទំហំ​ដល់ ៥០០០mAh ជា​មួយ​ល្បឿន​សាក​ ១៥វ៉ាត់​ដដែល។

Galaxy A12 មាន​បំពាក់​អេក្រង់ Infinity-V ទំហំ ៦,៥អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត HD+ និង​មាន​កាមេរ៉ា​ Selfie ទំហំ ៨MP។

នៅ​ផ្នែក​ខាង​ក្នុង​មាន​ដំណើរ​ការ​ដោយ​​បន្ទះ​ឈីប​ដែល​មាន​ល្បឿន​រត់​ ២,៣GHz និង ១,៨GHz។ Samsung មិន​បាន​បញ្ជាក់​អំពី​ម៉ូដែល​នៃ​បន្ទះ​ឈីប​នេះ​ទេ ប៉ុន្តែ​មើល​លើ​សមត្ថភាព​វា​ទំនង​ជា​ Helip P35។ ស្មាតហ្វូន​នេះ​មាន​ជម្រើស​ RAM ទំហំ ៣GB, ៤GB និង ៦GB ជា​មួយ​អង្គ​ផ្ទុក​ទំហំ ៣២GB, ៦៤GB និង ១២៨GB ហើយ​ក៏​មាន​រន្ធ​ដោត​មេមូរី​កាត​ផង​ដែរ។

កាមេរ៉ា​ក្រោយ​មាន​ចំនួន​​បួន​​គ្រាប់ ដែល​មាន​កាមេរ៉ា​មេ​ទំហំ ៤៨MP, កាមេរ៉ា​ Ultrawide ទំហំ ៥MP, កាមេរ៉ា​វាស់​ជម្រៅ​ទំហំ ២MP និង​មាន​បន្ថែម​កាមេរ៉ា Macro ទំហំ ២MP មួយ​ទៀត ដែល​មិន​មាន​លើ Galaxy A11។

Galaxy A12 មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ផ្នែក​ចំហៀង និង​មាន​ជម្រើស​ពណ៌​ចំនួន​បី។ Samsung នឹង​ដាក់​លក់​ស្មាតហ្វូន​នេះ​ចាប់​ពី​ខែ​មករា ឆ្នាំ ២០២១ ជា​មួយ​តម្លៃ​ចាប់​ពី​ប្រមាណ ២១៣​ដុល្លារ​នៅ​ទីផ្សារ​អឺរ៉ុប៕​​​​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់