• 2020-11-25 01:33:23
  • ផលិតផលថ្មី

Poco M3 តម្លៃត្រឹម ១២៩ដុល្លារ មានញាត់ថ្មទំហំដល់ ៦០០០mAh

  • 2020-11-25 01:33:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​តម្លៃ​ធូរ​​ថ្លៃ​ទី​បី​របស់ Poco ដែល​ជា​ម៉ាក​សាខា​បំបែក​ខ្លួន​ចេញ​ពី Xiaomi បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ ជា​មួយ​រូបរាង​ដ៏​ទាក់ទាញ និង​មាន​បំពាក់​​គ្រឿង​ក្នុង​​ខ្លាំងៗ​ជា​ច្រើន​សម្រាប់​តម្លៃ​ត្រឹម ១២៩​ដុល្លារ​ប៉ុណ្ណោះ​នៅ​ទីផ្សារ​បរទេស។

Poco M3 មាន​បំពាក់​ថ្ម​ទំហំ ៦០០០mAh ដែល​ជា​ចំណុច​សំខាន់​មួយ​នៃ​ស្មាតហ្វូន។ វា​មាន​គាំទ្រ​ការ​សាក​ថ្ម​ល្បឿន ១៨​វ៉ាត់ និង​អាច​សាក​បញ្ចូល​ថ្ម​ឲ្យ​ឧបករណ៍​ដទៃ​ទៀត​ក្នុង​ល្បឿន ១៨វ៉ាត់ ​បាន​ដូច​គ្នា​ពេល​ប្រើ​ប្រាស់​ខ្សែ​សាក​ដែល​ត្រឹម​ត្រូវ។

Poco បាន​អះអាង​ថា​ Poco M3 អាច​ប្រើ​ប្រាស់​បាន​ធម្មតា​បាន​រហូត​ដល់​ ៥​ថ្ងៃ​​, អាច​ប្រើ​ប្រាស់​ក្នុង​កម្រិត​បង្គួរ​បាន​រយៈពេល​៣​ថ្ងៃ និង​ប្រើ​ប្រាស់​​បែប​ខ្លាំង​ក្លា​ (ដូច​ជា​លេង​ហ្គេម ឬ​មើល​វីដេអូ​ជាប់​យូរ​ម៉ោង) បាន​មួយ​ថ្ងៃ​កន្លះ។ មិន​តែ​ប៉ុណ្ណោះ​ថ្ម​របស់​វា​មិន​ងាយ​ធ្លាក់​គុណភាព​នោះ​ទេ ដោយ​ Poco អះអាង​ថា​អាច​ទ្រាំទ្រ​នឹង​ការ​ប្រើ​ប្រាស់​រយៈពេល ២​ឆ្នាំ​កន្លះ ដោយ​មិន​ថយ​ចុះ​សមត្ថភាព​កាន់​ថ្ម។

នៅ​ផ្នែក​ខាង​មុខ​មាន​បំពាក់​នូវ​អេក្រង់ LCD ទំហំ ៦,៥៣អ៊ីញ ដែល​អាច​បង្ហាញ​រូបភាព​បាន​កម្រិត FHD+ និង​មាន​ Refresh Rate 60Hz ហើយ​ការពារ​ដោយ​កញ្ចក់ Gorilla Glass 3។ អេក្រង់​នេះ​ដែរ​មាន​ប្រើ​រចនាបថ​ក្បាល​ឆក​តំណក់​ទឹក​ សម្រាប់​ផ្ទុក​កាមេរ៉ា​ Selfie ទំហំ ៨MP។

នៅ​ផ្នែក​ខាង​ក្រោយ​គឺ​មាន​បំពាក់​កាមេរ៉ា​ចំនួន​បី​គ្រាប់ ដែល​កាមេរ៉ា​មេ​ទំហំ ៤៨MP មាន Aperture f/1.79។ កាមេរ៉ា​ពីរ​ទៀត​មាន​ទំហំ ២MP ដូច​គ្នា និង​មាន​ Aperture f/2.4 ដូច​គ្នា ដោយ​មួយ​ជា​កាមេរ៉ា​ Macro និង​មួយ​ទៀត​ជា​កាមេរ៉ា​វាស់​ជម្រៅ។

នៅ​ផ្នែក​ខាង​ក្នុង​ឯណោះ​មាន​ប្រើ​ប្រាស់​នូវ​បន្ទះ​ឈីប Snapdragon 662 គួប​ផ្សំ​នឹង RAM ទំហំ ៤GB និង​មាន​ជម្រើស​អង្គ​ផ្ទុក​ទំហំ ៦៤GB ឬ ១២៨GB។ វា​ក៏​មាន​នូវ​រន្ធ​បញ្ចេញ​សំឡេង​ Stereo, ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ផ្នែក​ចំហៀង និង​មាន​ IR Blaster ទៀត​ផង។

Poco M3 មាន​ដាក់​លក់​នៅ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ហើយ​ដោយ​សារ​ចំ​ថ្ងៃ​ Black Friday ទើប​មាន​ការ​បញ្ចុះ​តម្លៃ​នៅ​សល់​ត្រឹម ១២៩​ដុល្លារ​សម្រាប់​ទំហំ ៦៤GB និង​តម្លៃ ១៤៩​ដុល្លារ​សម្រាប់​ទំហំ ១២៨GB។ ក្រោយ​ចប់​ការ​បញ្ចុះ​តម្លៃ​នេះ នឹង​នៅ​សល់​តម្លៃ ១៤៩​ដុល្លារ និង ១៦៩​ដុល្លារ៕​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់