• 2020-11-18 03:56:55
  • ព័ត៌មាន

ចំណុចពិសេស និងមុខងារប្រើប្រាស់លើ SUV ខ្នាតតូច ដែលទាក់ទាញដល់ប្រជាជនកម្ពុជា

  • 2020-11-18 03:56:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត SUV ខ្នាតតូច បានក្លាយជាជម្រើសដ៏ល្អបំផុតមួយ សម្រាប់អ្នកដែលកំពុងស្វែងរកដំណោះស្រាយ ដែលអាចផ្តល់នូវអ្វីដែលពួកគេត្រូវការ ដូចជា ភាពធំទូលាយ និងបច្ចេកទេសទំនើប ប៉ុន្តែពេលជាមួយគ្នាដែរនោះ វាក៏ផ្តល់នូវភាពគ្រប់គ្រាន់សម្រាប់ការបើកបរលើផ្លូវ off-road ដែរ។ ការផ្តល់ជូននូវកន្លែងអង្គុយធំទូលាយ និងផាសុកភាពសម្រាប់រថយន្ត ៥ កៅអី ហើយភាគច្រើនរថយន្តប្រភេទនេះ បានបំពាក់មកជាមួយមុខងារប្រើប្រាស់ដែលចាំបាច់ ដល់គ្រប់ស្ថានភាពការបើកបរ ដូចជា ការកំសាន្ត និងផាសុកភាព តាមអ្វីដែលផ្តល់ជូនបាន។

រថយន្ត MG ZS

វាមិនមានអ្វីជាអាថ៌កំបាំងទេដែលរថយន្ត SUV ខ្នាតតូចពិតជាមានភាពពេញនិយមនៅលើទីផ្សាររថយន្តថ្មីនៅកម្ពុជា។ ទោះបីជាយ៉ាងណាក៏ដោយ ក៏វាជាចំណែកមួយដែលផ្តល់នូវការពេញនិយមសម្រាប់អ្នកប្រើប្រាស់រថយន្ត ពីព្រោះតែរថយន្តប្រភេទនេះគឺមានតម្លៃសមរម្យ និងការសន្សំសំចៃប្រេងដែរ។

យើងសង្កេតឃើញថាថ្មីៗនេះរថយន្ត SUV ខ្នាតតូច គឺពិតជាមានការចរាចរណ៏លើដងផ្លូវជាច្រើនជុំវិញទីក្រុងភ្នំពេញ ដែលមានដូចជា រថយន្ត Ford Ecosport និង រថយន្ត MG ZS។

រថយន្ត Ford Ecosport

រថយន្ត Ford Ecosport គឺជា SUV ខ្នាតតូច ដែលលក់ដាច់បំផុតកាលពីឆ្នាំមុននេះ ហើយវាបានបំពាក់ជាមួយម៉ាស៊ីន Ecoboost ១,០លីត្រ និង ប្រអប់លេខអូតូ ៦វគ្គ ប៉ុន្តែបើយើងក្រឡេកទៅមើល រថយន្ត MG ZS ២០២១ ជំនាន់ថ្មីវិញ វាបានបំពាក់ដោយម៉ាស៊ីនសាំង ១,៥លីត្រ ហើយពីមុនវាមានប្រអប់លេខអូតូ ៤វគ្គតែប៉ុណ្ណោះ តែឥឡូវវាបានផ្លាស់ប្តូរទៅជាប្រអប់លេខប្រភេទ CVT អូតូ ៨វគ្គ។ វាក៏បានអភិវឌ្ឍន៏យ៉ាងខ្លាំង ដោយផ្តល់ជូននូវសោភ័ណ្ឌភាព កាន់តែមានភាពលេចធ្លោ, ទាន់សម័យ និងភាពទំនើប ដែលធ្វើឲ្យម៉ូដែលនេះមានភាពទាក់ទាញលើទីផ្សារ ហើយវាក៏បានបំពាក់ជាមួយគ្រឿងលម្អកម្រិតខ្ពស់រួមដោយតម្លៃសមរម្យ។

រថយន្តថ្មី MG ZS គឺបានផ្តល់ជូននូវប្រណីតភាពលំដាប់ខ្ពស់ជាមួយតម្លៃត្រឹមតែ $31,000 តែប៉ុណ្ណោះលើទីផ្សារកម្ពុជា។

រថយន្ត MG ZS គឺមានមុខងារប្រើប្រាស់ទំនើប ដោយមុខងារទាំងនោះអ្នកអាចរកបានក្នុងរថយន្តស៊េរីខ្ពស់។ រថយន្ត MG ZS បានបំពាក់ជាមួយបច្ចេកវិទ្យាកម្រិតស្តង់ដារ ដូចជា សេនស័រក្រោយ និងកាមេរ៉ាក្រោយ, រង្វង់កង់១៧អ៊ីញ, អេក្រង់ HD ១០,១អ៊ីញកម្រិតភ្លឺច្បាស់ល្អ រួមបន្ថែមនូវមុខាងារ Apple CarPlay និង Android Auto, Cruise Control, Raining Sensor, Rear air conditioning vents, keyless entry, ហ្វ្រាំងដៃប្រើអគ្គីសនី, Daytime Running និង smart key។

បន្ថែមលើសពីនេះទៀត វាបានបំពាក់ជាមួយប្រព័ន្ធសុវត្ថិភាព ដូចជា កាមេរ៉ា ៣៦០ដឺក្រេ សម្រាប់ជំនួយពេលចតរថយន្ត ដែលបង្ហាញយ៉ាងច្បាស់ពីឧបសគ្គផ្សេងៗ, ពោងសុវត្ថិភាពចំហៀង, ABS, ESP សម្រាប់បន្ថែមឲ្យរថយន្តនេះមានសុវត្ថិភាពកាន់តែខ្ពស់។

បើនិយាយពីដំបូលលើ Panoramic យ៉ាងធំគឺមានសម្រាប់រថយន្ត MG ZS ស៊េរីថ្មីឆ្នាំ២០២១ ដែលធ្វើឲ្យអ្នករួមដំណើរដូចកំពុងជិះទូក ហើយទទួលបានអារម្មណ៏ស្រទន់ ប៉ះជាមួយខ្យល់អាកាសដោយផ្ទាល់។ សម្រាប់ការរចនាផ្នែកខាងក្នុងវិញ គឺវាស្ថិតក្នុងជួររថយន្តលំដាប់ខ្ពស់ដែលមានភាពប្រណីត និងផលិតឡើងពីសមាសធាតុយ៉ាងផ្ចិតផ្ចង់។ វាបានបំពាក់មកជាមួយកញ្ចប់កំសាន្ត និងមុខងារជំនួយដល់ការបើកបររបស់អ្នកផងដែរ។​ ខណៈដែលរថយន្ត Ford Ecosport បានបំពាក់ដោយអេក្រង់ Touchscreen 8អ៊ីញ, ពោងសុវត្ថិភាពចំនួន៨, raining sensor, ហើយសម្រាប់ Ecosport Titanium ក៏បានរចនាជាមួយចង្កៀងមុខ ដែលបើកអូតូនៅពេលចាប់ផ្តើមងងឹត ហើយវាក៏មានការធានារហូតដល់រយៈពេល ៣ឆ្នាំ ឬ ១០០ ០០០គីឡូម៉ែត្រ ដូចរថយន្ត MG ដែរ។

រថយន្ត SUV ខ្នាតតូច គឺពិតជាស័ក្កសមសម្រាប់មនុស្សជំនាន់ថ្មី ដែលកំពុងស្វែងរករថយន្តផ្តល់ឲ្យអ្នកនូវកម្លាំងខ្លាំង និងរូបរាងទាន់សម័យ។ ប្រសិនបើលោកអ្នកកំពុងស្វែងរករថយន្តដែលទាន់សម័យហើយមានមុខងារប្រើប្រាស់ទំនើប និងមានភាពប្រណីត អ្នកគួរតែផ្តលឪកាសដល់រថយន្តស៊េរីថ្មី MG ZS ២០២១ និងរថយន្ត​ Ford Ecosport៕

មតិយោបល់