• 2020-11-12 01:55:31
  • ព័ត៌មាន

មានពេល៨ខែទៀតប៉ុណ្ណោះ អាចប្រើ Google Photos ឥតកំណត់

  • 2020-11-12 01:55:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មុខងារ​ដ៏​សំខាន់​ជាង​គេ​មួយ​របស់ Google Photos គឺ​ការ​អាច​បង្ហោះ​រូបភាព/វីដេអូ​​ដោយ​ឥត​កំណត់​ ដែល​ជា​ទី​ពេញ​ចិត្ត​របស់​អ្នក​ប្រើ​ប្រាស់​ក្នុង​ការ​រក្សា​ទុក​​រូបភាព/វីដេអូ​បាន​យូរ​អង្វែង និង​អាច​សន្សំសំចៃ​ទំហំ​ផ្ទុក​ក្នុង​ទូរសព្ទ​របស់​ពួក​គេ។ ដោយ​ឡែក​ Google បាន​ប្រកាស​ថា​មុខងារ​ពិសេស​នេះ​នឹង​ត្រូវ​បាត់បង់​នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ ២០២១។

ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា​ ឯកសារ​ដែល​បង្ហោះ​ចូល​ Google Photos នឹង​ចាប់​ផ្ដើម​រាប់​បញ្ចូល​ក្នុង​ទំហំ​ផ្ទុក ១៥GB ដែល Google ផ្ដល់​ជូន ហើយ​ប្រសិន​បើ​ប្រើ​ប្រាស់​អស់​ទំហំ​អ្នក​ប្រើប្រាស់​អាច​បន្ថែម​តាម​រយៈ​ការ​ចុះ​ឈ្មោះ​​បង់​លុយ​លើ​​កញ្ចប់ Google One។ រូបភាព និង​វីដេអូ​ដែល​បង្ហោះ​មុន​ថ្ងៃ​កំណត់​នេះ គឺ​នឹង​មិន​មាន​ផល​ប៉ះពាល់​អ្វី​នោះ​ឡើយ។

អ្នក​ដឹក​នាំ​ផ្នែក​ផលិតផល​នៅ Google បាន​បក​ស្រាយ​ថា​ការ​​បញ្ឈប់​ការ​ផ្ដល់​ជូន​ឥត​កំណត់​នេះ​គឺ​ដោយ​សារ​តែ​ការ​ថែទាំ​លើ​សេវាកម្ម​ឥត​គិត​ថ្លៃ​នេះ​កាន់​តែ​មាន​ថ្លៃ​ចំណាយ​ខ្ពស់​ទៅៗ។ លោក​បាន​បញ្ជាក់​ថា​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​រូបភាព និង​វីដេអូ​ចំនួន ២៨​ពាន់​លាន​ជា​រៀង​រាល់​សប្ដាហ៍ ហើយ​នៅ​លើ Server របស់ Google មាន​រូបភាព​ដល់ ៤ទ្រីលាន​សន្លឹក​ទៅ​ហើយ។

យ៉ាងណាក្ដី​ អ្នក​ប្រើ​ប្រាស់​ស្មាតហ្វូន​ Google Pixel នឹង​​បន្ត​ទទួល​បាន​សិទ្ធ​បង្ហោះ​រូបភាព​ប្រភេទ High Quality ដោយ​ឥត​កំណត់​ដដែល ​ក្រោយ​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ ២០២១៕​​​​

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់