• 2020-10-26 07:37:44
  • ព័ត៌មាន

ទោះអត់ដុំសាកថ្ម និងកាស iPhone 12 នៅតែលក់ដាច់នៅខ្មែរ ប៉ុន្តែមិនដូចឆ្នាំមុន!

  • 2020-10-26 07:37:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 12 និង 12 Pro បានមកដល់​ទីផ្សារ​ប្រទេស​​កម្ពុជា​នៅ​ថ្ងៃ​នេះ​ហើយ ជា​មួយ​ការ​រង់​ចាំ​របស់​អ្នក​គាំទ្រ ក្រោយ​ពេល​ពេល​ធ្វើ​ការ​កុម្ម៉ង់​ទិញ​នៅ​តាម​ហាង​មួយ​ចំនួន​នៅ​ភ្នំពេញ។

លោក សោភ័ណ្ឌ ម្ចាស់​​ហាង 3Plus ដែល​តែង​តែ​បើក​ទទួល​ការ​កុម្ម៉ង់ iPhone ជា​រៀង​ឆ្នាំ​បាន​ប្រាប់​ថា iPhone 12 ឆ្នាំ​នេះក៏​មាន​អ្នក​មក​កុម្ម៉ង់​គួរសមដែរ គិត​ត្រឹម​ថ្ងៃនេះ មាន​អ្នក​មក​ទទួល​យក​ឥវ៉ាន់​ខ្លះ​ហើយ និង​ខ្លះទៀត​នឹង​មក​ដល់​នៅ​ពេល​ល្ងាច​ ឬ​ថ្ងៃ​ស្អែក។ លោក​បាន​ប្រាប់​ថា​មក​ដល់​ថ្ងៃ​នេះ​មាន​អ្នក​កុម្ម៉ង់បាន​ជាង ៥០គ្រឿង​ហើយ។

លោក​ក៏បាន​បន្ថែម​ថា​បើទោះ​ជា​លក់​ដាច់​ពិត​មែន​តែ iPhone 12 ឆ្នាំ​នេះ​មិន​ដូច​ឆ្នាំ​មុន ដោយ​សារ​អតិថិជន​ភាគ​ច្រើន​ដែល​មក​ទិញ គឺ​ចង់​បាន​ម៉ូដែល 12 Pro Max បើ​ទោះ​បី​ជា​មក​ដល់​ខ្មែរ​នៅ​ថ្ងៃ​ទី ២០ វិច្ឆិកា​ខាង​មុនក៏​ដោយ​ តែមាន​ភ្ញៀវ​ខ្លះ​ហ៊ាន​ឲ្យ​លុយ​មុន​ក៏​មាន ។ លោក​បន្ត​ថា​ទោះ​បី​ជា​ឆ្នាំ​នេះ iPhone 12 មក​ដល់​ខ្មែរ​យូរ​ជាង​ឆ្នាំ​មុន​បន្តិច​តែ​សម្រាប់​ហ្វេន iPhone នៅ​តែ​ទន្ទឹង​រង​ចាំ និង​សួរ​នាំ​ជា​ហូហែរ។

ងាក​មក​អតិថិជន​ម្នាក់​ដែល​បាន​កុម្ម៉ង់​ទិញ iPhone 12 Pro បាន​ប្រាប់​ថា​ជា​រៀង​រាល់​ឆ្នាំ​លោក​តែង​តែ​ទិញ iPhone ស៊េរី​ថ្មី​រហូត អាច​និយាយ​បាន​ថា​គឺ​ជា​ហ្វេន​ផ្កាប់​មុខ​ហើយ។ លោក​បន្ត​ថា​សម្រាប់ iPhone 12 នេះ​លោក​ពេញ​ចិត្ត​លើ​រូប​រាង​ កាមេរ៉ា។ បើ​សួរ​ពី​ស៊េរី iPhone 11 និង 12 លោក​បាន​ប្រាប់​ថា​បើ​មិន​​បាន​ឃើញ​ផ្ទាល់​គិត​ថា​ធម្មតា តែ​បើ​មក​បាន​កាន់​ផ្ទាល់​មាន​អារម្មណ៍ថា​ប្លែក​ខ្លាំង ព្រោះ​រូប​រាង​តូច​​ល្មម​ស្រួល​កាន់​ជាង​ស៊េរី​មុន។

អតិថិជនម្នាក់សូម​មិន​ប​ញ្ចេញ​ឈ្មោះ ដែល​បាន​កាន់ iPhone 12 ដំបូង​គេ​បាន​ប្រាប់​ថា លោក​មិន​ស្ដាយ​លុយ​ទេ​ក្រោយ​ពេល​បាន​ចាប់​កាន់ iPhone 12 នេះ​ព្រោះ​ថា លោក​ពេញ​ចិត្ត​ទៅ​ហ្នឹ​ង​រ​ូ​ប​រាង​របស់​វា តូច​​ល្មម ស្រាល​ជា​ពិសេស​ពណ៌ខៀវ​និង​តែ​ម្ដង។ លោក​ថា ការ​សម្រេច​ចិត្ត​ប្ដូរ​យក​​ iPhone ស៊េរី​ថ្មី​នេះ​ ដោយ​សារ​តែ​លោក​ស្រលាញ់​ផ្នែក​កាមេរ៉ា ដែល​ថត​នៅ​ពេល​យប់​ច្បាស់​ល្អ នេះ​បើ​តាម​លោក​​បាន​មើល​ព័ត៌មាន​កន្លង​មក​ ចំពោះ​តម្លៃ​វិញ​លោក​ថា​វា​មិន​ថ្លៃ​ជាង​ស៊េរី​មុន​ៗ​ច្រើន​ឡើង​ ប៉ុណ្ណឹង​អាច​ទទួល​យក​បាន ព្រោះជា​ពេល​ចេញលក់ដំបូង លោកបញ្ជាក់។

ចំពោះ​តម្លៃ iPhone 12 Pro Max ស៊េរី​ថ្មី​នេះ​មាន​តម្លៃ ១ ៤១៩ដុល្លារ ទំហំ 128GB តម្លៃ ១ ៥៧៩ដុល្លារ ទំហំ 256GB តម្លៃ ១ ៧៩៩ដុល្លា ទំហំ 512GB សុីមពីរ។ iPhone 12 Pro Max ស៊េរី​ថ្មី​នេះ​មាន​តម្លៃ ១ ២៤៩ដុល្លារ ទំហំ 128GB តម្លៃ ១ ៣៤៩ដុល្លារ ទំហំ 256GB តម្លៃ ១ ៥៤៩ដុល្លា ទំហំ 512GB អាមេរិក (Sim1 + E-sim)។

បញ្ជាក់៖ តម្លៃនេះ​អាចប្រែ្រួល​បន្ទាប់​ពីចុះផ្សាយ រូបភាព និងតម្លៃ​នៅ​ហាង 3Plus។

អត្ថបទ៖ ម៉េងងី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី