• 2020-10-23 06:42:42
  • ព័ត៌មាន

ធ្លាក់តំណែងអស់២ត្រីមាស ឥឡូវ Samsung ឡើងមកលេខ២វិញហើយ

  • 2020-10-23 06:42:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួលេខ​ថ្មី​ចុង​ក្រោយ​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​ Canalys ​អំពី​ទីផ្សារ​ស្មាតហ្វូន​​ប្រចាំ​ត្រីមាស​ទី​បី នៃ​ឆ្នាំ ២០២០ ​បាន​បង្ហាញ​ថា​ ក្រោយ​ពី​មាន​ការ​ធ្លាក់​ចុះ​អស់​ពីរ​ត្រីមាស​ជាប់​គ្នា ពេល​នេះ​ទីផ្សារ​នៅ​ឥណ្ឌា​ចាប់​ផ្ដើម​មាន​កំណើន​ឡើង​វិញ​ហើយ។

ក្នុង​ត្រីមាស​ទីបី​នៃ​ឆ្នាំ ២០២០ នេះ ​នៅ​ឥណ្ឌា​មាន​ការ​បញ្ចេញ​លក់​ស្មាតហ្វូន​សរុប ៥០​លាន​គ្រឿង​លើ​ទីផ្សារ។ ចំនួន​លក់​នេះ​មិន​ត្រឹម​តែ​កើន​ឡើង​ខ្លាំង​ធៀប​នឹង​ត្រីមាស​មុនៗ​នោះ​ទេ ប៉ុន្តែ​ក៏​កើន​ឡើង​ប្រមាណ ៨% បើ​ប្រៀប​ធៀប​នឹង​ត្រីមាស​ទី​៣ នៃ​ឆ្នាំ ២០១៩។

ក្រុមហ៊ុន Canalys បាន​បញ្ជាក់​ថា​ម៉ាក​​ទូរសព្ទ​ចិន​​មាន​កាន់​កាប់​ចំណែក​ទីផ្សារ ៧៤% នៅ​ឥណ្ឌា​ក្នុង​ត្រីមាស​ទី​បី ទោះ​បី​ជា​មាន​ការ​កើន​ឡើង​​កម្ដៅ​ខ្លាំង​រវាង​ប្រទេស​ឥណ្ឌា និង​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០២០ ក្ដី។

Xiaomi ស្ថិត​នៅ​តំណែង​លេខ​មួយ​ដដែល ដែល​លក់​ចេញ​បាន​ ១៣,១​លាន​គ្រឿង ​មាន​ចំណែក​ទីផ្សារ ២៦,១%។ លេខ​ពីរ​បាន​ទៅ​លើ Samsung ដែល​លក់​ចេញ​បាន​ ១០,២​លាន​គ្រឿង ហើយ​ក្រុមហ៊ុន​​កំពូល​ដទៃ​ទៀត​មាន​ vivo (៨,៨​លាន​គ្រឿង, realme (៨,៧​លាន​គ្រឿង) និង OPPO (៦,១លាន​គ្រឿង)។

គួរ​ដឹង​ថា​ Samsung បាន​ឡើង​មក​កាន់​កាប់​តំណែង​លេខ​ពីរ​ជា​ថ្មី​ម្ដង​ទៀត បន្ទាប់​ពី​ធ្លាក់​ចុះ​ទៅ​កាន់​តំណែង​លេខ​៣ អស់​រយៈពេល ២​ត្រីមាស​ជាប់​គ្នា​ ដោយ​ការ​ទម្លាក់​ពី vivo៕​​

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់