• 2020-10-23 02:22:48
  • ផលិតផលថ្មី

ស្មាតហ្វូន Huawei ចុងក្រោយប្រើឈីប Kirin បង្ហាញមុខជាផ្លូវការហើយ

  • 2020-10-23 02:22:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នូវ​ស្មាតហ្វូន Mate 40 Series ដែល​មាន​ចំនួន​បួន​​ប្រភេទ​គឺ​មាន​ Mate 40, Mate 40 Pro, Mate 40 Pro+ និង Mate 40 RS Porsche Design។

Mate 40 Pro

Huawei បាន​ចាត់​ទុក Mate 40 Pro ជា​ម៉ូដែល​ដ៏​សំខាន់​​មួយ​ក្នុង​ចំណោម​​បួន​​ម៉ូដែល​ខាង​លើ ដែល​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប 5nm Kirin 9000។ ដោយ​សារ​ការ​ហាម​ឃាត់​​លើ​​ការ​ធ្វើ​ពាណិជ្ជកម្ម​ពី​សំណាក់​រដ្ឋាភិបាល​អាមេរិក​ មាន​ន័យ​ថា​ Mate 40 Series នឹង​ជា​ស្មាតហ្វូន​ចុង​ក្រោយ​របស់ Huawei ដែល​អាច​ប្រើ​ប្រាស់​នូវ​ឈីប Kirin នេះ។

ឈីប​ Kirin 9000 មាន​​នូវ​ CPU ចំនួន​៨​គ្រាប់ ដែល​មាន​ Cortex-A77 ចំនួន​បួន និង Coretex-A55 ចំនួន​បួន។ ចំណែក​ផ្នែក​ក្រាហ្វិក​គឺ​រ៉ាប់រង​ដោយ​ GPU ម៉ូដែល Mali-G78 ដែល​មាន​រហូត​ដល់ ២៤​គ្រាប់។ Huawei អះអាង​ថា​ CPU មាន​ល្បឿន​លឿន​ជាង​​១០% និង GPU ​មាន​ល្បឿន​លឿន​ជាង ៥២% បើ​ប្រៀប​ធៀប​នឹង​ឈីប Snapdragon 865+។

Huawei បាន​ភ្ជាប់​ឈីប Kirin 9000 ជា​មួយ​នឹង RAM ទំហំ ៨GB និង​អង្គ​ផ្ទុក​ទំហំ ២៥៦GB ហើយ​អ្នក​ក៏​អាច​បន្ថែម​ទំហំ​អង្គ​ផ្ទុក​តាម​រយៈ​មេមូរី​កាត​បាន​ផង​ដែរ។

កាមេរ៉ា​ជា​ចំណុច​លេច​ធ្លោ​មួយ​របស់​ Huawei ហើយ​សម្រាប់​ Huawei Mate 40 Pro គឺ​មាន​បំពាក់​នូវ​កាមេរ៉ា​មេ​ទំហំ 50MP ជា​ Sensor RYYB, កាមេរ៉ា​ Periscope ទំហំ 12MP ដែល​អាច​ Zoom Optical បាន​៥​ដង និង​កាមេរ៉ា Ultrawide ទំហំ 20MP អាច​ថត​រូប​ទំហំ ១២០​ដឺក្រេ។ ចំពោះ​កាមេរ៉ា​ខាង​មុខ​មាន​ចោះ​រន្ធ​លើ​អេក្រង់​ ដែល​មាន​ទំហំ 13MP ហើយ​មាន​អម​មក​ជា​មួយ​នូវ​ Sensor 3D ToF សម្រាប់​មុខងារ​ដោះ​សោ​ដោយ​ផ្ទៃ​មុខ និង​បញ្ជា​​​ដោយ​កាយ​វិការ​ផ្សេងៗ។

សម្រាប់​ផ្នែក​អេក្រង់​វិញ Mate 40 Pro គឺ​មាន​បំពាក់​នូវ​អេក្រង់​ទំហំ ៦,៧៦អ៊ីញ ជា​ប្រភេទ​អេក្រង់ OLED មាន​កម្រិត​បង្ហាញ 2772 x 1344 ភីកសែល មាន Refresh Rate 90Hz ដែល​មាន​រាង​កោង​នៅ​ផ្នែក​ទាំង​សង​ខាង។ ត្បិត​ថា​មាន​រាង​កោង​ខ្លាំង​មែន​ ប៉ុន្តែ Huawei នៅ​អាច​បំពាក់​ប៊ូតុង Power និង​ប៊ូតុង​ថែម​ថយ​សំឡេង​នៅ​ផ្នែក​ចំហៀង ខុស​ពី​​ Mate 30 Pro។

Mate 40 Pro មាន​បំពាក់​ថ្ម​ទំហំ ៤៤០០mAh ដែល​អាច​រ៉ាប់រង​សម្រាប់​ការ​ប្រើ​ប្រាស់​ពេញ​មួយ​ថ្ងៃ​បាន​ដោយ​ងាយ។ ថ្ម​នេះ​ដែរ​អាច​បញ្ចូល​ឆាប់​ពេញ​តាម​រយៈ​​​បច្ចេកវិទ្យា​សាក​កម្លាំង 66W និង​មាន​ទ្រាំទ្រ​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​កម្លាំង​ដល់ 50W ទៀត​ផង។

Mate 40 Pro+

ងាក​មក​មើល Mate 40 Pro+ វិញ​គឺ​មាន​ចំណុច​ជា​ច្រើន​ដែល​​ដូច​គ្នា​នឹង Mate 40 Pro ​ដូច​ជា​​នៅ​លើ​អេក្រង់, ល្បឿន​សាក​ថ្ម​ប្រើ​ខ្សែ​និង​ឥត​ប្រើ​ខ្សែ និង​ទំហំ​ថ្ម​ជា​ដើម។ ប៉ុន្តែ 40 Pro+ ​មាន​បំពាក់​កាមេរ៉ា Telephoto ទំហំ 12MP ​​ដែល​អាច​ Zoom Optical បាន​៣​ដង និង​កាមេរ៉ា Periscope បន្ថែម​ពី​លើ​មួយ​ទៀត​មាន​ទំហំ 8MP អាច​ Zoom Optical បាន​១០​ដង រួម​ជា​មួយ​ Sensor ToF ផង​ដែរ។ ចំណុច​ខុស​ប្លែក​មួយ​ទៀត​គឺ​វា​មាន​បំពាក់ RAM ទំហំ 12GB។

ចំណែក Mate 40 មាន​ខុស​ពី Mate 40 Pro ត្រង់​ការ​បំពាក់​ថ្ម​ទំហំ ៤២០០mAh និង​សាក​ថ្ម​កម្លាំង 40W។ Mate 40 ក៏​មាន​បំពាក់​នូវ​ឈីប Kirin 9000E ដែល​មាន​ GPU តិច​ជាង Kirin 9000 ចំនួន​ពីរ​គ្រាប់ និង​មាន​​ NPU ដែល​ខ្សោយ​ជាង​ផង​ដែរ។ Mate 40 មាន​បំពាក់ RAM ទំហំ 8GB និង​អង្គ​ផ្ទុក​ដែល​មាន​ជម្រើស​ពីរ​គឺ​ទំហំ 128GB និង 256GB។

Mate 40 មិន​មាន​គាំទ្រ​ការ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​នោះ​ទេ ប៉ុន្តែ​វា​ជា​ម៉ូដែល​តែ​មួយ​គត់​ដែល​មាន​រន្ធ​កាស 3.5mm។ Mate 40 នៅ​រក្សា​កាមេរ៉ា​មេ 50MP ជា​ Sensor RYYB ដដែល ប៉ុន្តែ​​​​ប្រើ​ប្រាស់​កាមេរ៉ា Ultrawide ទំហំ 16MP និង​កាមេរ៉ា Telephoto ទំហំ 8MP អាច Zoom Optical បាន​បី​ដង។

​ចុង​ក្រោយ​គេ Mate 40 RS Porsche Design ​មាន​លក្ខណៈ​សម្បត្តិ​ស្រដៀង​នឹង​ Mate 40 Pro+ ដែរ ប៉ុន្តែ​មាន​បំពាក់​នូវ​ទម្រង់​កាមេរ៉ា​ខុស​ប្លែក​ពី​គេ, មាន​បំពាក់​នូវ​ Sensor សម្រាប់​វាស់​កម្ដៅ និង​មាន​អង្គ​ផ្ទុក​ទំហំ​ 512GB ខុស​ពី​ម៉ូដែល​ផ្សេង​ដែល​មាន​​ត្រឹម 256GB។

គួរ​ដឹង​ថា​ Huawei Mate 40 នឹង​មាន​តម្លៃ​​ចាប់​ពី​ប្រមាណ ១០៦៣​ដុល្លារ, Mate 40 Pro នឹង​មាន​តម្លៃ​ប្រមាណ ១៤១៨​ដុល្លារ, Mate 40 Pro+ នឹង​មាន​តម្លៃ​ប្រមាណ ១៦៥៤​ដុល្លារ ហើយ​ Mate 40 RS Porsche Design នឹង​មាន​តម្លៃ​ប្រមាណ ២៧១៤​ដុល្លារ ជា​តម្លៃ​សម្រាប់​ទីផ្សារ​អឺរ៉ុប៕​​

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់