• 2020-10-16 07:55:30
  • ផលិតផលថ្មី

JAGUAR នាំឡានប្រើអគ្គិសនីសុទ្ធដំបូងគេមកលក់នៅកម្ពុជា សាកភ្លើងម្ដងជិះដល់សៀមរាប

  • 2020-10-16 07:55:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បាន​ធ្វើពិធីសម្ពោធបង្ហាញរថយន្តអគ្គិសនីដ៏ប្រណីតគឺម៉ាក JAGUAR I-PACE​ 2020 ដែលទើបតែមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ដែល​មាន​ការ​ចូល​រួម​ពី​សំណាក់ភ្ញៀវកិត្តិយសជាច្រើន នៅ​ក្នុង​ទី​តាំង​អ​គារ​តាំង​លក់ របស់ JAGUAR LAND ROVER រាជធានីភ្នំពេញ។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia

លោក ងន សាំង បានមានប្រសាសន៍ថា ក្រុមហ៊ុនបាននាំចូលរថយន្ត និងចែក​ចាយ​ផ្តាច់មុខនូវ JAGUAR I-PACE 2020 ដែលជារថយន្តអគ្គិសនីប្រណីត ក្នុងចំណោមរថយន្តអគ្គិសនី​ល្បីៗនៅអឺរ៉ុប និងអាមេរិក។ យោងតាមទិន្នន័យនៅក្នុងឆ្នាំ២០១៨ ផលិតផលរថយន្តអគ្គិសនីទូទាំងពិភពលោកមានសន្ទុះកើនឡើង បើគិតមកទល់ពេលបច្ចុប្បន្ន ទីផ្សាររថយន្តអគ្គិសនី មានការកើនឡើង ២,៦ ភាគរយ បើធៀបជាមួយទីផ្សាររថយន្តធម្មតានៅទូទាំងសកលលោក។

លោកបន្ថែម​ថា រថយន្តអគ្គិសនីប្រណីតបាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​កាន់​តែ​មាន​ភាព​សន្សំ​សំចៃ ដោយ​មិន​ចាំ​បាច់​ចាក់​ប្រេង ប្ដូរប្រេង​ម៉ាសុីន ជួសជុល​ប្រព័ន្ធ​ម៉ាសុីន​ឡើយ។ លើស​ពី​នេះ​លោក​បាន​បន្ថែម​ថា​ នេះ​ជា​ការ​ចាប់​ផ្ដើម​ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​យើង​មាន​រថយន្តអគ្គិសនី JAGUAR I-PACE 2020 មិន​មាន​ការ​បំពុល​បរិស្ថាន​ឡើយ។​​

លោក​ក៏​បាន​បញ្ជាក់​បន្ថែម​ថា ត្បិតតែបច្ចុប្បន្ននៅប្រទេសកម្ពុជាយើងមិនទាន់មានស្ថានីយអគ្គិសនីសាករថយន្តសាធារណៈយ៉ាង​ណាក្ដី ក៏វាមិនមែនជាបញ្ហាឡើយសម្រាប់រថយន្ត JAGUAR I-PACE 2020​ ព្រោះថា វាត្រូវបានដាក់លក់ភ្ជាប់មកជាមួយឧបរណ៍សាកភ្លើងកម្លាំង ៧KW AC មកស្រាប់ ដោយលោកអ្នក គ្រាន់តែចំណាយពេល ១០ម៉ោងនៅផ្ទះ ដើម្បីសាកថ្មពេញ នោះលោកអ្នកនឹងអាចធ្វើដំណើរបានយ៉ាងហោចណាស់រហូតដល់ ៣៥០គីឡូម៉ែត្រឯណោះ ។

លោក ហុង ឌីណា ប្រធានផ្នែកលក់នៃក្រុមហ៊ុនJAGUAR CAMBODIA បានមានប្រសាសន៏ថា រថយន្ត JAGUAR I-PACE មិនត្រឹមតែជារថយន្តអគ្គិសនីប្រណិតនោះទេ ថែមទាំងបានជាប់ពានរង្វាន់លំដាប់ពិភពលោកដល់ទៅ៣ក្នុងឆ្នាំតែមួយទៀតផង ហើយពានរង្វាន់ដែលយើងទទួលបានមានដូចជា ពានរង្វាន់រថយន្តដែលមានការរចនាម៉ូដយ៉ាងប្រណិតប្រចាំឆ្នាំ ពានរង្វាន់រថយន្តប្រណិតពិភពលោកប្រចាំឆ្នាំ និង ពានរង្វាន់រថយន្តថែរក្សាបរិស្ថានខ្ពស់ប្រចាំឆ្នាំ។

លោក ហុង ឌីណា ប្រធានផ្នែកលក់នៃក្រុមហ៊ុនJAGUAR CAMBODIA

លោកបានបន្តទៀតថា លោក​ពិត​ជា​មាន​មោទនភាព​ដែល​ក្រុមហ៊ុន​បាន​នាំ​យក​រថយន្តអគ្គិសនីនេះ​មក​ប្រទេសកម្ពុជា ជា​មួយ​និង​ការប្រើប្រាស់រថយន្តអគ្គិសនី គឺផ្ដល់ភាពងាយស្រួល មានផាសុខភាព ដែល​មិន​មាន​បំភាយ​ឧស្ម័នកាបូ​និច​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​ឡើង និងសន្សំសំចៃថវិកាជាច្រើនដូចជា កាត់បន្ថយថ្លៃចំណាយទៅលើប្រេងឥន្ធនៈប្រេងម៉ាស៊ីន និងថ្លៃសេវាកម្មថែទាំម៉ាស៊ីនរថយន្ត។

លោក ឈុន សីលា ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុន JAGUAR Cambodia បានព្យាករណ៍ថា សម្រាប់ឆ្នាំ ២០២០ នេះ រថយន្តអគ្គិសនីទាំងអស់លើសកលលោកមានចំនួនជាង ៣លានគ្រឿងហើយ ហើយសម្រាប់នៅឆ្នាំ ២០៣០ អាចនឹងឈានទៅដល់ជាង ២០លានគ្រឿង ដូច្នេះអាចមានន័យថា នៅថ្ងៃអនាគតមនុស្សនឹងងាកទៅប្រើប្រាស់រថយន្តអគ្គិសនីជំនួសឲ្យរថយន្តធម្មតាដូចសព្វថ្ងៃវិញ។

លោក ឈុន សីលា ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុន JAGUAR Cambodia

លោក​បាន​បញ្ជាក់​ដែរថា យោងតាមការព្យាករណ៍ខាងលើទើប JAGUAR បានសម្រេចផលិតរថយន្ត JAGUAR I-PACE នេះឡើង ហើយក៏បាននាំចូលមកកាន់កម្ពុជា តាមរយៈក្រុមហ៊ុន RMA Cambodia ដោយបានក្លាយជារថយន្តអគ្គិសនីប្រណីតដំបូងគេនៅកម្ពុជា។ ហើយចំពោះតម្លៃនៃរថយន្ត JAGUAR I-PACE 2020 លើទីផ្សារកម្ពុជាគឺ សមរម្យទៅនឹងគុណភាព​ ក៏ដូចជាអត្ថប្រយោជន៏ផ្សេងៗទៀតដែលក្រុមហ៊ុនផ្តល់ជូនដែលមានដូចជា៖ ឧបករណ៍បញ្ចូលភ្លើង ទទួលបានការធានារយៈពេល ៥ឆ្នាំ ផ្ដល់ជូនសេវាកម្មថែទាំរយៈពេល៥ឆ្នាំឥតគិតថ្លៃ ផ្ដល់ជូននូវសេវាកម្មជំនួយតាមដងផ្លូវរយៈពេល៥ឆ្នាំ និងធានាទៅលើអាគុយរយៈពេលរហូតដល់ ៨ឆ្នាំ។

គួរបញ្ចាក់ផងដែរថា រថយន្ដ Jaguar និង Land Rover គឺជាម៉ាករថយន្ដដ៏ល្បីពីចក្រភពអង់គ្គេស ហើយបាននាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន អ អិម អេ​ ខេមបូឌា (RMA Cambodia)។ សម្រាប់ អគារតាំងលក់ និងថែទាំជួសជុលរបស់រថយន្ដ Jaguar និង​Land Rover គឺស្ថិតនៅតាមបណ្ដោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

សម្រាប់ព័ត៍មានបន្ថែម៖

មតិយោបល់