• 2020-10-16 03:16:04
  • ព័ត៌មាន

Lexus IS ឆ្នាំ២០២១ ចេញលក់នៅអូស្ត្រាលី ថ្លៃជាងនៅអាមេរិក

  • 2020-10-16 03:16:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Lexus IS នឹងមានលក់នៅលើទីផ្សារប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ តទៅ ខណៈតំបន់អឺរ៉ុបខាងលិច និងចក្រភពអង់គ្លេស នឹងគ្មានលក់រថយន្ត Sedan ខ្នាតតូចនេះឡើយ។

សម្រាប់ប្រទេសអូស្ត្រាលី Lexus IS ឆ្នាំ២០២១ មានតម្លៃចាប់ពី ៤៤ ០០០ដុល្លារ ហើយមានផ្តល់ជម្រើសជាច្រើនម៉ូដែល ដូចជា IS 300 Luxury, IS 300 F Sport, IS 300h Luxury, IS 300h F Sport និង IS 350 F Sport។ បើប្រៀបធៀបទៅនឹងទីផ្សារសហរដ្ឋអាមេរិកវិញ គឺថ្លៃជាង ៤ ០០០ដុល្លារ ព្រោះនៅទីនោះវាមានតម្លៃចាប់ពី ៣៩ ៩០០ដុល្លារប៉ុណ្ណោះ។

ថ្វីបើមិនបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ប៉ុន្តែរថយន្ត Lexus IS ជំនាន់ទី៣ នេះ បានផ្លាស់ប្តូរមុខមាត់ថ្មី ដូចជា ប៉ាណាមុខ និងចង្កៀងមុខ ដែលធ្វើឲ្យវាមើលទៅរឹតតែទាន់សម័យ។ បន្ថែមពីនេះ វាបានបំពាក់យ៉ាន់ Alloy ធំជាងមុន គឺ ១៨អ៊ីញ, កែកុនផ្នែកចំហៀង និងបានបំពាក់ចង្កៀងក្រោយថ្មី ដែលរត់កាត់ពេញគូទខាងក្រោយ មើលទៅពិតជាស្រស់ស្អាតតែម្តង។

ផ្នែកខាងក្នុងវាមានបំពាក់អេក្រង់ Touchscreen ទំហំ ៨អ៊ីញមកស្តង់ដារ អាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple CarPlay ព្រមទាំង Amazon Alexa ហើយក៏មានបំពាក់បច្ចេកវិទ្យា Lexus Safety System+ មកស្តង់ដារផងដែរ។

រថយន្ត Lexus IS ថ្មីផ្តល់ជម្រើសម៉ាស៊ីនចំនួន ៣ គឺ IS 300 ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៤១សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ។ IS 300 AWD ប្រើម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 កម្លាំង ២៦០សេះ និង IS 350 AWD ប្រើម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 មានកម្លាំង ៣១១សេះ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់