• 2020-10-07 06:59:43
  • ព័ត៌មាន

កាន់តែទំនើប! សាលារដ្ឋចំនួន ១៥០ នឹងបានប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាមុនគេ

  • 2020-10-07 06:59:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ថ្ងៃទី៧ ខែ តុលា ឆ្នាំ ២០២០ នៅក្រសួងអប់រំយុវជននិងកីឡា មានការប្រកាសជាផ្លូវការនូវគម្រោង ការដាក់ពង្រាយប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់សាលា (ហៅកាត់ថា SIS) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា។ ក្នុងវេទិកានេះបានកំណត់ជាអាទិភាពសម្រាប់សាលារៀនចំនួន ១៥០ ក្នុងដំណាក់កាលដំបូង ហើយក្រុមហ៊ុនមិត្តហ្វូនបានក្លាយជាក្រុមហ៊ុនតែមួយគត់ក្នុងការអនុវត្តគម្រោងនេះសម្រាប់ក្រសួង។

ក្នុងឱកាសនេះផងដែរឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក៏បានបង្កើតគណៈកម្មាធិការគ្រប់គ្រង និងដាក់ពង្រាយប្រព័ន្ធ SIS សម្រាប់សាលារៀន ដោយក្រសួងអប់រំ និងមិត្តហ្វូនមានគោលបំណងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធនេះសម្រាប់សាលារៀនរហូតជាង ៣ពាន់កន្លែងនៅទូទាំងប្រទេស។ គណៈកម្មាធិការនេះមានការចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនមិត្តហ្វូន ថ្នាក់ដឹកនាំក្រសួង និង មន្រ្តីបច្ចេកទេសជាច្រើនរូបផងដែរ។

ព្រឹត្តិការណ៍នេះគឺជាជំហានបន្ទាប់ បន្ទាប់ពីក្រសួងអប់រំយុវជន និងកីឡា រួមជាមួយក្រុមហ៊ុនមិត្តហ្វូនបានសហប្រតិបត្តិការតាមរយៈពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាកាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២០ ដែលស្តីពីការដាក់ពង្រាយប្រព័ន្ធអប់រំបែបឌីជីថល និងដំណោះស្រាយតាមប្រព័ន្ធអេឡិចត្រូនិចរបស់រដ្ឋាភិបាល (e-Government) នៅក្រសួងអប់រំយុវជន និងកីឡា និងមន្ទីរគ្រប់ខេត្តក្រុង។

SIS គឺជាដំណោះស្រាយមួយដែលមានភាពលេចធ្លោរបស់មិត្ដហ្វូនសម្រាប់វិស័យអប់រំដែលបានដាក់អោយប្រើប្រាស់នៅតាមវិទ្យាល័យនានានៅក្នុងខេត្តកណ្តាលនិង ខេត្តសៀមរាប។ SIS អនុញ្ញាតឱ្យគ្រូបង្រៀនពិនិត្យនិងបញ្ចូលវត្តមានរបស់សិស្ស និងការដាក់ពិន្ទុរបស់ពួកគេនៅក្នុងប្រវត្តិរូបអេឡិចត្រូនិកផ្ទាល់ខ្លួន ការគ្រប់គ្រងពេលវេលាសិក្សា ការបញ្ចូលពិន្ទុនៃលទ្ធផលប្រលង ការគ្រប់គ្រងថ្នាក់រៀន លើសពីនេះទៅទៀតគឺអាចមើល និងផ្ទៀងផ្ទាត់ប្រវត្តិរូបផ្ទាល់ខ្លួន ហើយក៏អាចផ្ញើចេញ ឬ ធ្វើការជូនដំណឹងដល់សិស្ស និង ឪពុកម្តាយរបស់ពួកគេផងដែរ។ ម្យ៉ាងវិញទៀតសិស្ស និងឪពុកម្តាយរបស់ពួកគេក៏អាចពិនិត្យមើលវត្តមាន កាលវិភាគ ព័ត៌មានលំអិតនៃតម្លៃថ្លៃសេវាកម្មនិងកាលបរិច្ឆេទប្រឡងផងដែរ។ ពួកគេអាចតាមដានការសិក្សាកូនៗរបស់ពួកគេគ្រប់ពេលវេលា និងទទួលបានការជូនដំណឹងពីលោកគ្រូ អ្នកគ្រូហើយអាចបញ្ជូនសំណូមពរទៅសាលារៀនបានផងដែរ។ រាល់សកម្មភាពទាំងនេះនឹងត្រូវបានប្រតិបត្តិយ៉ាងងាយស្រួលបំផុតតាមរយៈស្មាតហ្វូន ឬកុំព្យូទ័រ។

បន្ទាប់ពីទទួលបានជោគជ័យនៃការសាកល្បងនៅតាមសាលាចំនួន២រួចមក ក្រសួងអប់រំយុវជន និងកីឡាបានទទួលស្គាល់ពីសារៈសំខាន់នៃគម្រោងនេះក្នុងវិស័យអប់រំតាមបែបឌីជីថលនិងការលើកកម្ពស់ចំណេះដឹងនិងជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់សិស្សានុសិស្សនៅកម្ពុជា។ ក្រសួងក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនមិត្តហ្វូនអនុវត្តន៍នូវដំណោះស្រាយនេះឱ្យបានទូលំទូលាយដល់សាលារៀនដទៃទៀត ក៏ដូចជាបង្កើតគណៈកម្មាធិការដឹកនាំ គ្រប់គ្រងការដាក់ពង្រាយ និងតាមដានប្រសិទ្ធភាពនៃប្រព័ន្ធនេះក្នុងពេលដាក់ឱ្យប្រើប្រាស់ទូទាំងប្រទេស។ គណៈកម្មាធិការនឹងមានទំនួលខុសត្រូវពេញលេញលើការដឹកនាំនិងសម្របសម្រួលធនធានទាំងអស់ដើម្បីឱ្យគម្រោងនេះទទួលបានជោគជ័យ។

ថ្លែងក្នុងសេចក្តីប្រកាសនៅក្នុងកម្មវិធី ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ហង់ ជួនណារ៉ុនបានបញ្ជាក់ថា៖ “សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលាដែលជួយឱ្យថ្នាក់ដឹកនាំសាលាងាយស្រួលគ្រប់គ្រងព័ត៌មាននៃការសិក្សារបស់សិស្សនៅក្នុងយុគសម័យឌីជីថលនេះ។ ឥឡូវនេះយើងកំពុងដាក់ពង្រាយប្រព័ន្ធនេះទៅសាលារៀនចំនួន ១៥០ នៅឆ្នាំនេះ ហើយនឹងពង្រីកដល់សាលារៀនជាង ៣ពាន់កន្លែងទៀតនៅឆ្នាំក្រោយ។ ជាមួយមិត្តហ្វូនយើងរំពឹងទុកយ៉ាងមុតមាំថានឹងពង្រឹងវិស័យអប់រំ និងអនុវត្តគម្រោងនេះដោយជោគជ័យ។”

ជាការឆ្លើយតបលោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ដែលបានជ្រើសរើសយកក្រុមហ៊ុនមិត្តហ្វូនជាដៃគូសម្រាប់អនុវត្តន៍គម្រោងនេះ។ លោកបានមានប្រសាសន៍ថា “វាជាកិត្តិយសណាស់ដែលឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី និងក្រសួងអប់រំបានជ្រើសរើសក្រុមហ៊ុនមិត្តហ្វូនជាដៃគូតែមួយគត់ក្នុងការអនុវត្តប្រព័ន្ធ SIS សម្រាប់សាលារៀន។ យើងប្តេជ្ញាប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបញ្ចប់គម្រោងតាមពេលវេលាដែលបានកំណត់ និងនាំមកនូវគុណប្រយោជន៍នៃប្រព័ន្ធដ៏ល្អនេះដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូទាំងអស់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។

លោកបានបន្ថែមទៀតថា ៖ “មិនត្រឹមតែ SIS ទេ ពោលមិត្តហ្វូននឹងបញ្ចូលនូវទម្រង់អេឡិចត្រូនិចជាបន្តបន្ទាប់ទៀតរួមមាន e-Learning, e-Library, Digital Book ដើម្បីអនុវត្ត បំលាស់ប្តូរឌីជីថលដ៏ទូលំទូលាយមួយនេះ។ ក្រៅពីនេះ មិត្ដហ្វូនក៏បានសហការជាមួយនាយកដ្ឋានព័ត៌មានវិទ្យា ក្នុងការអនុវត្តប្រព័ន្ធស្នូលនៃវិស័យអប់រំដែលអាចជួយសម្រួលដល់ក្រសួង និងមន្ទីរនានា គ្រប់គ្រងក្នុងប្រតិបត្តិការរបស់ខ្លួនយ៉ាងហ្មត់ចត់។”

ស្វែងរកព័ត៌មានថ្មីៗនៅលើទំព័រហ្វេសប៊ុករបស់មិត្តហ្វូន www.fb.com/metfone.closer និងគេហទំព័រមិត្តហ្វូន www.metfone.com.kh

មតិយោបល់