- 2020-09-15 02:02:33
- ផលិតផលថ្មី
LG Wing មានអេក្រង់បង្វិលបាន ចេញមុខជាផ្លូវការ
- 2020-09-15 02:02:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
LG Wing មានអេក្រង់បង្វិលបាន ចេញមុខជាផ្លូវការ
ចន្លោះមិនឃើញ
LG បានបង្ហាញចេញជាផ្លូវការនូវស្មាតហ្វូនថ្មីម៉ូដែល LG Wing ដែលកើតចេញពីគម្រោងការ Explorer Project ជាគម្រោងការដែលរុករកគំនិតថ្មីៗលើការឌីហ្សាញស្មាតហ្វូន។
LG Wing មានរចនាបថពិសេសដែលមានអេក្រង់ចំនួនពីរត្រួតពីលើគ្នា ហើយអេក្រង់នេះដែរមានគន្លឹះដែលអាចបង្វិលចេញចូលបាន បង្កើតនូវបទពិសោធន៍ប្រើប្រាស់ខុសប្លែកពីមុន។ អេក្រង់ខាងមុខមានទំហំ ៦,៨អ៊ីញ ជាប្រភេទ P-OLED មានរាងកោង ដែលអាចបង្ហាញរូបភាពបានក្នុងកម្រិត FHD+។ អេក្រង់ទីពីរមានទំហំ ៣,៩អ៊ីញ ជាប្រភេទ G-OLED ដែលអាចបង្ហាញរូបភាពកម្រិត FHD+ ដូចគ្នា។
LG Wing នេះមានរបៀបប្រើប្រាស់ដូចជាស្មាតហ្វូនធម្មតាដែរ នៅពេលដែលអេក្រង់ទាំងពីរបង្វិលចូលគ្នា ប៉ុន្តែនៅពេលដែលអ្នកបង្វិលអេក្រង់មេចេញជារាងផ្ដេក វានឹងផ្ដល់នូវបទពិសោធន៍ពិសេសមិនធ្លាប់ជួបពីមុន។ ជាមួយអេក្រង់ទីពីរអ្នកប្រើកម្មវិធីបង្ហាញផ្លូវបណ្ដើរនិយាយទូរសព្ទបណ្ដើរ, មិនមានការរំខានពី Notification ផ្សេងៗពេលលេងហ្គេម, អាចប្រើប្រាស់អេក្រង់ទីពីរសម្រាប់បញ្ជាលើការកាត់វីដេអូ និងអាចប្រើដើម្បីបញ្ជាការលេងហ្គេមកាន់តែសម្បូរបែប។
ការឌីហ្សាញអេក្រង់បង្វិលបែបនេះ មានការអះអាងពី LG ថាអាចទ្រាំទ្របានការបង្វិលបាន ២០ម៉ឺនដង ហើយ LG ក៏បានធ្វើឲ្យស្មាតហ្វូននេះមានទំហំមិនធំជាងស្មាតហ្វូនធម្មតាប៉ុន្មានឡើយ ពោលគឺមានវិមាត្រ ១៦៩,៥ x ៧៤,៥ x ១០,៩ ម.ម និងមានទម្ងន់ ២៦០ក្រាម។
លក្ខណៈសម្បត្តិផ្សេងទៀតរបស់ LG Wing គឺមានកាមេរ៉ា Selfie បង្កប់ក្នុងតួខ្លួនទំហំ ៣២MP មានកាមេរ៉ាក្រោយបីគ្រាប់ដែលកាមេរ៉ាមេទំហំ ៦៤MP, កាមេរ៉ា Ultrawide ទំហំ ១២MP សម្រាប់ការថតពេលបង្វិល និងមួយទៀតជាកាមេរ៉ា Ultrawide ទំហំ ១៣MP។ ប្រព័ន្ធកាមេរ៉ាក្រោយមានមុខងាររក្សាលំនឹងដូចជាដង Gimbal អ៊ីចឹងដែរ ហើយមានប៊ូតុងបញ្ជាជាច្រើន។
LG Wing ដំណើរការដោយបន្ទះឈីប Snapdragon 765G ផ្គួបជាមួយ RAM ទំហំ ៨GB និងអង្គផ្ទុកទំហំ ១២៨GB ឬ ២៥៦GB ហើយមានថ្មទំហំ ៤០០០mAh ដែលគាំទ្រមុខងារសាកថ្មឥតប្រើខ្សែ។LG មិនបានបង្ហាញអំពីតម្លៃ និងកាលបរិច្ឆេទដាក់លក់នោះទេ ប៉ុន្តែវានឹងមានដាក់លក់នៅអាមេរិកតាមរយៈក្រុមហ៊ុន Verizon មុនគេ៕