• 2020-09-14 02:33:48
  • ព័ត៌មាន

iPhone SE ជាទូរសព្ទលក់ដាច់ជាងគេលើទឹកដី Samsung

  • 2020-09-14 02:33:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួលេខ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Counterpoint Research បាន​បង្ហាញ​ថា iPhone SE ស៊េរី​ថ្មី គឺ​ជា​ស្មាតហ្វូន​ដែល​លក់​ដាច់​ខ្លាំង​ជាង​គេ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ក្នុង​ត្រីមាស​ទី​ពីរ​ប្រចាំ​ឆ្នាំ ២០២០។ វា​បាន​ជួយ​ឲ្យ​ចំណែក​ទីផ្សារ​របស់ Apple នៅ​កូរ៉េ មាន​កំណើន ១% ​​ធៀប​នឹង​ត្រីមាស​មុន​ឡើង​ដល់ ១៩%។

Samsung នៅ​តែ​ជា​​ក្រុមហ៊ុន​ដែល​មាន​ចំណែក​ទីផ្សារ​ធំ​ជាង​គេ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង មាន​រហូត​ដល់ ៦៧% ដែល​កើន​ ៣% លើស​ពី​ត្រីមាស​ទី​មួយ។ ជោគជ័យ​នេះ​គឺ​ដោយ​សារ​តែ​​ត្រកូល Galaxy S20 និង​ដោយ​សារ​​ត្រកូល Galaxy A ផង​ដែរ

ក្នុង​ចំណោម​ស្មាតហ្វូន​លក់​ដាច់​បាន​ច្រើន​ជាង​គេ​ទាំង​១០ នៅ​កូរ៉េ ក្នុង​ត្រីមាស​ទី​ពីរ មាន​៥​ម៉ូដែល គឺ​ជា​ Galaxy A Series។ នេះ​បង្ហាញ​ថា​តម្រូវ​ការ​ស្មាតហ្វូន​លំដាប់​ថវិកា​មាន​កំណើន​ខ្លាំង​ក្លា អំឡុង​ពេល​ដែល​ជំងឺ​កូវីដ១៩​ផ្ទុះ​ឡើង។

ក្រុមហ៊ុន LG មាន​ចំណែក​ទីផ្សារ ១៣% នៅ​កូរ៉េ​ខាង​ត្បូង ដែល​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ៣ ដែល​ចំណែក​ទីផ្សារ​នេះ​មាន​ការ​ថយ​ចុះ ៣% ធៀប​នឹង​ត្រីមាស​មុន។

សរុប​ជា​មួយ​ស្មាតហ្វូន​ដែល​លក់​ចេញ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​​នៅ​ត្រីមាស​ទី​ពីរ គឺ​មាន​​ច្រើន​ជាង​ត្រីមាស​ទី​មួយ​ចំនួន ៩% ប៉ុន្តែ​ធ្លាក់​ចុះ ៨% បើ​ធៀប​នឹង​ត្រីមាស​ទីពីរ​ឆ្នាំ ២០១៩។ ស្មាតហ្វូន​តម្លៃ​ក្រោម ៤០០ដុល្លារ មាន​ ៤៥% នៃ​ចំនួន​លក់​​​សរុប​របស់​ស្មាតហ្វូន ដែល​កើន​ឡើង ៣៣% លើស​ឆ្នាំ​មុន៕​​​​​

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

មតិយោបល់