• 2020-09-04 02:46:10
  • ផលិតផលថ្មី

អស្ចារ្យពេកហើយ! អេក្រង់ OLED សាកថ្មកន្លះម៉ោងពេញ តម្លៃវិញមិនដល់ ៣០០ដុល្លារ

  • 2020-09-04 02:46:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

realme បាន​ប្រកាស​ចេញ​ realme 6 និង realme 6 Pro កាល​ពី​៦​ខែ​មុន ​ហើយ​ពេល​នេះ​ក្រុមហ៊ុន​បាន​ប្រកាស​ចេញ​អ្នក​ស្នង​តំណែង​ ដែល​ជា​ម៉ូដែល realme 7 និង realme 7 Pro។ ស្មាតហ្វូន​ថ្មី​មាន​ពង្រឹង​សមត្ថភាព​លើ​កាមេរ៉ា, ថ្ម​ទំហំ​កាន់​តែ​ធំ, សាក​ថ្ម​លឿន និង​មាន​ប្រើ​ប្រាស់​ការ​ឌីហ្សាញ​ថ្មី​ផង​ដែរ។

  • realme 7 Pro

ចាប់​ផ្ដើម​ពី realme 7 Pro មុន វា​មាន​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ Snapdragon 720G ដូច​ជា​ realme 6 Pro ដែរ ប៉ុន្តែ​វា​មាន​ផ្នែក​ដទៃ​ទៀត​ដែល​លេច​ធ្លោ​លើស​មុន។ លេច​ធ្លោ​ខ្លាំង​បំផុត​នោះ​គឺ​បច្ចេកវិទ្យា​សាក​ថ្ម​ SuperDart 65W ដែល​កន្លង​មក​មាន​តែ​​នៅ​លើ​ស្មាតហ្វូន​តម្លៃ​ថ្លៃ​របស់ realme ប៉ុណ្ណោះ។ realme អះអាង​ថា​វា​អាច​សាក​ថ្ម​​ទំហំ ៤៥០០ mAh របស់ 7 Pro បាន​​ដល់ ១០០% ក្នុង​ពេល​ត្រឹម ៣៤​នាទី។

ចំណែក​អេក្រង់​វិញ​គេ​បាន​ផ្លាស់​ប្ដូរ​ពី​អេក្រង់ LCD មក​ប្រើ​អេក្រង់ Super AMOLED ដែល​មាន​ទំហំ ៦,៤​អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត FHD+ ហើយ Refresh Rate បាន​ទម្លាក់​ពី 90Hz មក​សល់​ត្រឹម​ 60Hz។ realme បាន​បក​ស្រាយ​ថា​ការ​ផ្លាស់​នេះ​ក៏​ព្រោះ​តែ​មាន​ការ​ផ្ដល់​មតិ​ពី​អតិថិជន ដែល​ពួក​គេ​ពេញ​ចិត្ត​អេក្រង់ AMOLED 60Hz ជា​ជាង​អេក្រង់ LCD 90Hz។ បន្ថែម​ពី​នេះ​ដែរ​​គេ​បាន​បន្ថែម​មុខងារ​ Alaways-on Display និង​ទ្រនាប់​ស្កេន​ម្រាម​ដៃ​បង្កប់​ក្រោម​អេក្រង់​ ជំនួស​ឲ្យ​ទ្រនាប់​ស្កេន​ដែល​ធ្លាប់​ដាក់​នៅ​ផ្នែក​ចំហៀង។

realme 7 Pro មាន​បំពាក់​កាមេរ៉ា​សរុប​ចំនួន ៥​គ្រាប់ តិច​ជាង​មុន​មួយ​គ្រាប់ ដោយ​គេ​បាន​ដក​ចេញ​នូវ​កាមេរ៉ា Ultrawide ផ្នែក​ខាង​មុខ ដែល​លើក​នេះ​នៅ​ផ្នែក​ខាង​មុខ​​គឺ​មាន​តែ​កាមេរ៉ា​មួយ​គ្រាប់​ទំហំ ៣២MP។ ផ្នែក​ខាង​ក្រោយ​មាន​កាមេរ៉ា​មេ​ទំហំ ៦៤MP ជា​ Sony Sensor IMX682, កាមេរ៉ា​ Ultrawide ទំហំ ៨MP, កាមេរ៉ា Macro ទំហំ ២MP និង​កាមេរ៉ា​វាស់​ជម្រៅ​ទំហំ ២MP។

realme 7 Pro មាន​បច្ចេកវិទ្យា​សំឡេង​ Dolby Atmos និង​មាន​​បំពាក់​ដោយ​រន្ធ​បំពង​សំឡេង​បែប​ Stereo ដែល​ពី​មុន​មក​គេ​ឃើញ​មាន​តែ​នៅ​លើ​ស្មាតហ្វូន​តម្លៃ​ថ្លៃ​របស់ realme ប៉ុណ្ណោះ។ ចំណុច​ផ្សេង​ទៀត​មាន​ដូច​ជា​ការ​ប្រើ​រន្ធ USB Type-C, មាន​រន្ធ​កាស 3.5mm និង​មាន​រន្ធ​ដោត​មេមូរី​កាត​ជា​ដើម។ ប៉ុន្តែ​វា​​មាន​សមត្ថភាព​ការពារ​ទឹក និង​ធូលី​ដី​​កម្រិត​ទាប​មួយ ដែល​អាច​ទប់​ទល់​ត្រឹម​ទឹក​សាច​​ពី​លើ​ប៉ុណ្ណោះ។

​​​​realme 7 Pro មាន​ជម្រើស​ RAM/ROM ពីរ​ប្រភេទ​គឺ RAM 6GB/ROM 128GB និង RAM 8GB/ROM 128GB ដែល​​មួយ​មាន​តម្លៃ​ប្រមាណ ២៧០​ដុល្លារ និង​មួយ​ទៀត​មាន​តម្លៃ​ប្រមាណ ៣០០​ដុល្លារ ចាប់​ផ្ដើម​លក់​នៅ​ប្រទេស​ឥណ្ឌា​នា​ថ្ងៃ​ទី​១៤ ខែ​កញ្ញា។

  • realme 7

realme 7 មាន​បំពាក់​អេក្រង់​ ៦,៥អ៊ីញ ប្រភេទ LCD 90Hz អាច​បង្ហាញ​រូបភាព​កម្រិត FHD+ ដូច​​មុន ហើយ​វា​ជា​ស្មាតហ្វូន​ដំបូង​ក្នុង​លោក​ដែល​មាន​បំពាក់​បន្ទះ​ឈីប​ Helio G95 ទើប​ប្រកាស​ចេញ​ថ្មីៗ​នេះ។

ទំហំ​ថ្ម​បាន​ដំឡើង​ពី ៤៣០០ mAh ឡើង​ដល់ ៥០០០mAh ប៉ុន្តែ​វា​នៅ​តែ​ប្រើ​បច្ចេកវិទ្យា​សាក​ថ្ម​កម្លាំង 30W ដែល​ realme អះអាង​ថា​ចំណាយ​ពេល​សាក​ ៦៥​នាទី​ប៉ុណ្ណោះ។

ចំពោះ​​ផ្នែក​កាមេរ៉ា​វិញ​​វា​មាន​កាមេរ៉ា​មេ​ទំហំ ៦៤MP ជា Sensor Sony ដូច​ជា​​នៅ​លើ 7 Pro ដែរ គួប​ផ្សំ​ដោយ​​កាមេរ៉ា Ultrawide ទំហំ ៨MP, កាមេរ៉ា Macro ទំហំ ២MP និង​កាមេរ៉ា​វាស់​ជម្រៅ​ទំហំ ២MP ហើយ​មាន​កាមេរ៉ា Selfie ទំហំ ១៦MP។

​​ចំណុច​ផ្សេង​ទៀត​មាន​ដូច​ជា​ការ​ប្រើ​រន្ធ USB Type-C, មាន​រន្ធ​កាស 3.5mm , ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ផ្នែក​ចំហៀង និង​មាន​រន្ធ​ដោត​មេមូរី​កាត​​ ហើយ​អាច​ទប់​ទល់​ត្រឹម​ទឹក​សាច​​ពី​លើ​ដូច​ជា​ 7 Pro ដែរ។

realme 7 មាន​ប្រភេទ RAM 6GB/ROM 64GB ដែល​មាន​តម្លៃ​ប្រមាណ ២០៥​ដុល្លារ និង​ប្រភេទ RAM 8GB/ROM 128GB តម្លៃ​ប្រមាណ ២៣០​ដុល្លារ ដាក់​លក់​នៅ​ប្រទេស​ឥណ្ឌា​ចាប់​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់