• 2020-08-27 07:17:00
  • ព័ត៌មាន

ពិសេសណាស់! វិទ្យាល័យធំមួយនៅសៀមរាប ចាប់ផ្ដើម​ប្រើប្រព័ន្ធអប់រំ​ឌីជីថល

  • 2020-08-27 07:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នេះ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រុមប្រឹក្សាភិបាលនៃវិទ្យាល័យ ១០ មករា ១៩៧៩ និងក្រុមហ៊ុនមិត្តហ្វូន ត្រូវបានរៀបចំឡើងជាផ្លូវការ ដែលក្រុមហ៊ុនមិត្តហ្វូននឹងដាក់ពង្រាយប្រព័ន្ធអប់រំឌីជីថលសម្រាប់សាលារៀននេះ។ នេះគឺជាវឌ្ឍនភាពមួយដែលមិត្តហ្វូនបាននឹងកំពុងអនុវត្តប្រព័ន្ធអប់រំសម្រាប់សាលារៀនជាង ៣០០០ កន្លែងនៅទូទាំងប្រទេស។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក គឹម ឡេង នាយកនៃវិទ្យាល័យ ១០ មករា ១៩៧៩ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនមិត្តហ្វូន និងអ្នកតំណាងមកពីក្រសួងអប់រំ យុវជន និងកីឡា។ អនុស្សារណៈយោគយល់នេះមានគោលបំណងបើកកិច្ចសហប្រតិបត្តិការរយៈពេលវែង ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍ប្រព័ន្ធអប់រំឌីជីថល ជាពិសេសក្នុងការដាក់ពង្រាយប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលា (SIS) ប្រព័ន្ធ e-Learning និង e-Book និងមិនកំណត់លើការប្រើប្រាស់ដំណោះស្រាយសេវាឌីជីថលផ្សេងៗទៀតឡើយ។ នៅថ្ងៃនោះដែរ មិត្តហ្វូនក៏បានធ្វើការបណ្តុះបណ្តាល និងសិក្ខាសាលាអំពីប្រព័ន្ធថ្មីនេះសម្រាប់លោកគ្រូ អ្នកគ្រូទាំងអស់នៅក្នុងសាលារៀននេះផងដែរ។

SIS គឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដ៏លេចធ្លោរបស់មិត្តហ្វូននៅក្នុងវិស័យអប់រំដែលត្រូវបានដាក់សាកល្បងនៅវិទ្យាល័យហ៊ុនសែនសេរីភាពតាខ្មៅ ខេត្តកណ្តាលមុនគេ និងបានបន្តអនុវត្តនៅខេត្តសៀមរាបសម្រាប់វិទ្យាល័យ ១០ មករា ១៩៧៩។ ប្រព័ន្ធ SIS អនុញ្ញាតឱ្យគ្រូបង្រៀនទាំងអស់មើល និងបញ្ចូលវត្តមាន អវត្តមានរបស់សិស្ស និងសម្គាល់ពួកគេនៅក្នុងប្រវត្តិរូបអេឡិចត្រូនិកផ្ទាល់ខ្លួន។ អាចគ្រប់គ្រងពេលវេលា, ផ្តល់ពិន្ទុសម្រាប់ការប្រលង គ្រប់គ្រងថ្នាក់រៀន មើល និងផ្ទៀងផ្ទាត់ប្រវត្តិរូបផ្ទាល់ខ្លួន ជាពិសេសអាចផ្ញើ និងទទួលការជូនដំណឹងដល់សិស្សនិងឪពុកម្តាយរបស់ពួកគេ។ នៅផ្នែកផ្សេងទៀត សិស្ស និងឪពុកម្តាយរបស់ពួកគេក៏អាចពិនិត្យមើលវត្តមាន កាលវិភាគ តម្លៃសេវាផ្សេងៗ ឬកាលបរិច្ឆេទប្រឡង។ អាណាព្យាបាលអាចតាមដានកូនៗរបស់ពួកគេគ្រប់ពេលវេលា គ្រប់ទីកន្លែង ទទួលបានការជូនដំណឹងពីគ្រូ ហើយបញ្ជូនតម្រូវការផ្សេងៗទៅសាលារៀន។ រាល់សកម្មភាពទាំងអស់នឹងត្រូវបានប្រតិបត្តិការតាមអ៊ិនធឺណិត ដោយស្មាតហ្វូន ឬកុំព្យូទ័រ តាមមធ្យោបាយដ៏ងាយស្រួលបំផុត។

ថ្លែងនៅក្នុងពិធីនោះលោក Bui Minh Binh អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូនបានមានប្រសាសន៍ថា “នៅក្រុមហ៊ុនមិត្តហ្វូនយើងមិនត្រឹមតែធ្វើអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែយើងតែងតែប្រកាន់ខ្ជាប់នូវការចូលរួមក្នុងកិច្ចសហប្រតិបត្តិការលើសកម្មភាពទំនួលខុសត្រូវសង្គម។ ដូច្នេះយើងតែងតែចូលរួមជាមួយក្រសួងអប់រំយុវជន និងកីឡាជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ19។ មិត្តហ្វូនមានមោទនភាពដែលក្រសួងអប់រំបានជ្រើសរើសធ្វើជាដៃគូក្នុងការបង្កើតប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលានេះនៅវិទ្យាល័យ ១០ មករា ១៩៧៩ និងនៅតាមសាលារៀនដទៃទៀតក្នុងប្រទេសកម្ពុជា"។

"នេះគឺជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ មិនត្រឹមតែរវាងក្រសួងអប់រំ និងក្រុមហ៊ុនមិត្ដហ្វូនប៉ុណ្ណោះទេ តែថែមទាំងសហការរវាងមន្ទីរអប់រំ ១០០% សាលារៀនទូទាំង ២៥ ខេត្ត-រាជធានី និងសាខាមិត្តហ្វូនទូទាំងប្រទេសផងដែរ”។ លោកបានបន្ថែម។

នៅក្នុងពិធីនោះ លោក គឹម ឡេង នាយកនៃវិទ្យាល័យ ១០ មករា ១៩៧៩ ក៏បានចែករំលែកក្តីរំពឹងទុករបស់លោកលើគម្រោងនេះថា “ជាមួយនឹងបទពិសោធន៍របស់មិត្តហ្វូន លើការដាក់ពង្រាយប្រព័ន្ធអប់រំឌីជីថលនាពេលថ្មីៗនេះ យើងរំពឹងថាប្រព័ន្ធនេះនឹងផ្លាស់ប្តូរទំលាប់ធ្វើការរបស់យើងទាំងស្រុង។ ការបញ្ចូលទិន្នន័យរបស់សិស្ស និងការគ្រប់គ្រងទិន្នន័យសិស្ស នឹងកាន់តែមានភាពងាយស្រួលក្នុងការចូលទៅត្រួតពិនិត្យ មិនថាអវត្តមាន ការរៀបចំកាលវិភាគ ការដាក់ពិន្ទុជាដើម ហើយអាណាព្យាបាលក៏អាចតាមដានការអប់រំកូនៗ របស់ពួកគេតាមរយៈសារជូនដំណឹងតាមទូរស័ព្ទចល័តផងដែរ”។

មិត្តហ្វូន គឺជាក្រុមហ៊ុនឈានមុខគេផ្នែកទូរគមនាគមន៍និង ICT នៅក្នុងប្រទេសកម្ពុជាដែលនាំមកនូវបច្ចេកវិទ្យាថ្មីៗដល់វិស័យឯកជន និងសាធារណៈជាពិសេសនៅក្នុងវិស័យអប់រំ។ ជាមួយនឹងទស្សនវិជ្ជារបស់ខ្លួន “អ្នកយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់” ក្រុមហ៊ុនមិត្តហ្វូននឹងបន្តអភិវឌ្ឍផលិតផលប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួន សម្រាប់ប្រជាជនកម្ពុជានិងប្រទេសកម្ពុជាឱ្យមានភាពទាន់សម័យនៅក្នុងយុគសម័យឌីជីថលនេះ។

ព័ត៌មានបន្ថែមសូមតាមដានទំព័រហ្វេសប៊ុករបស់មិត្តហ្វូន www.fb.com/metfone.closer ឬគេហទំព័រ www.metfone.com.kh

មតិយោបល់