• 2020-08-14 01:53:18
  • ព័ត៌មាន

Instagram ត្រូវប្រឈម នឹងការប្តឹងថ្មីទាក់ទងទៅនឹងរឿងមួយ!

  • 2020-08-14 01:53:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនហ្វេសប៊ុកកំពុងតែប្រឈមមុខ នឹងការចោទប្រកាន់ថ្មីមួយទៀតថា បានប្រមូលទិន្នន័យជីវមាត្ររបស់អ្នកប្រើប្រាស់ដោយខុសច្បាប់ ដែលនៅក្នុងបណ្តឹងគឺផ្តោតលើកម្មវិធីចែករំលែករូបថតនៅក្នុងកម្មវិធី Instagram។

នៅក្នុងពាក្យបណ្តឹងថ្មីដែលបានប្តឹងកាលពីថ្ងៃចន្ទនៅទីក្រុងរ៉េតវូត រដ្ឋកាលីហ្វ័រញ៉ា ក្រុមហ៊ុននេះត្រូវបានចោទប្រកាន់ពីបទប្រមូលនិងរក្សាទុក ថែមទាំងរកប្រាក់ចំណេញពីទិន្នន័យជីវមាត្ររបស់អ្នកប្រើប្រាស់ Instagram ជាង ១០០លាននាក់ ដោយមិនបានជូនដំណឹង ឬយល់ព្រមពីពួកគេនោះទេ។ ដោយឡែក អ្នកនាំពាក្យក្រុមហ៊ុនហ្វេសប៊ុកបានប្រាប់នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា “ការដាក់ពាក្យបណ្តឹងនេះគឺគ្មានមូលដ្ឋាន ដោយសារតែកម្មវិធី Instagram មិនបានប្រើបច្ចេកវិទ្យាសម្គាល់មុខទេ”។

គួររំឭកដែរថា កាលពីខែមុននេះ ក្រុមហ៊ុនហ្វេសប៊ុកទើបតែបានយល់ព្រមបង់ប្រាក់ចំនួន ៦៥០លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងដែលត្រូវបានចោទប្រកាន់ថា បានប្រមូលទិន្នន័យជីវមាត្រខុសច្បាប់តាមរយៈមុខងារ photo-tagging ដែលមាននៅក្នុងកម្មវិធីហ្វេសប៊ុក។ បើតាមការចោទប្រកាន់នៅក្នុងពាក្យបណ្ដឹងបាន បញ្ជាក់ថា ក្រុមហ៊ុនទើបតែចាប់ផ្ដើមជូនដំណឹងដល់អ្នកប្រើប្រាស់ Instagram ទាក់ទងនឹងការប្រមូលទិន្នន័យជីវមាត្រ ចាប់តាំងពីដើមឆ្នាំនេះតែប៉ុណ្ណោះ។

ខាងក្រោមនេះជាលក្ខខណ្ឌរបស់ក្រុមហ៊ុនទាក់ទងនឹងការប្រមូលទិន្នន័យរបស់ Instagram “ប្រសិនបើក្រុមហ៊ុនដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាសម្គាល់មុខ ដើម្បីឱ្យការប្រើប្រាស់កម្មវិធីអុិនស្តាក្រាមកាន់តែប្រសើរនោះ ក្រុមហ៊ុននឹងធ្វើការជូនដំណឹងដល់អ្នកប្រើប្រាស់ជាមុន ហើយលោកអ្នកក៏អាចកំណត់ក្នុងការអនុញ្ញាតឱ្យក្រុមហ៊ុនប្រើប្រាស់បច្ចេកវិទ្យានោះបានផងដែរ”៕

ប្រភព៖ Anti Cyber Crime Department

មតិយោបល់