• 2020-08-13 06:29:27
  • ហាងឆេងផលិតផល

មានតម្លៃនៅខ្មែរហើយ! OnePlus Nord ទូរសព្ទ 5G តម្លៃធូរ

  • 2020-08-13 06:29:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus Nord ជា​ស្មាតហ្វូន 5G តម្លៃ​ធូរ​ថ្មី​របស់ OnePlus ដែល​បាន​ប្រកាស​ចេញ​កាល​ពី​ចុង​ខែ​កក្កដា​ ដោយ​វា​មាន​បំពាក់​នូវ​ចំណុច​ទាក់ទាញ​មួយ​ចំនួន​របស់​ OnePlus 8 ដែល​ក្នុង​នោះ​មាន​ដូច​ជា​អេក្រង់​ 90Hz Fluid AMOLED និង​បច្ចេកវិទ្យា​សាក​ថ្ម​​ល្បឿន​លឿន​ Warp Charge 30T រួម​ជា​មួយ​កាមេរ៉ា​មេ​ទំហំ ៤៨MP ផង​ដែរ។

ស្មាតហ្វូន​នេះ​បាន​ចេញ​លក់​លើ​ទីផ្សារ​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក កាល​ពី​ដើម​ខែ​សីហា​កន្លង​ទៅ ហើយ​ពេល​នេះ​ចាប់​ផ្ដើម​ឃើញ​មាន​​ប្រកាស​ដាក់​លក់​លើ​ទីផ្សារ​កម្ពុជា​យើង ដោយ​​នៅ​ហាង​​សុខលី ឃើញ​មាន​ដាក់​លក់​តម្លៃ ៤០៩​ដុល្លារ សម្រាប់​ RAM ទំហំ ៨GB និង​អង្គ​ផ្ទុក ១២៨GB។

អេក្រង់​របស់ OnePlus Nord ​មាន​ទំហំ ៦,៤៤អ៊ីញ ដែល​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត 1080x2400 ភីកសែល​ ការពារ​ដោយ​កញ្ចក់ Gorilla Glass 5។ នៅ​លើ​អេក្រង់​នេះ​ដែរ​ក៏​មាន​បង្កប់​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ផង​ដែរ។ នៅ​ផ្នែក​លើ​ខាង​ឆ្វេង​នៃ​អេក្រង់​គឺ​មាន​កាមេរ៉ា​ Selfie ចំនួន​ពីរ​គ្រាប់ ដែល​មាន​កាមេរ៉ា​មួយ​ទំហំ ៣២MP និង​មួយ​ទៀត​មាន​ទំហំ ៨MP ជា​ប្រភេទ​កាមេរ៉ា Ultrawide អាច​ថត​រូបភាព​ទំហំ ១០៥ដឺក្រេ។

នៅ​ផ្នែក​ខាង​ក្រោយ​មាន​កាមេរ៉ា​ចំនួន​បួន​គ្រាប់​តម្រៀប​គ្នា​ជា​ជួរ ដែល​កាមេរ៉ា​មេ​ទំហំ ៤៨MP មាន Aperture f/1.75 និង​មាន​មុខងារ OIS/EIS មក​ជា​មួយ។ កាមេរ៉ា​នេះ​គឺ​ដូច​គ្នា​នឹង​កាមេរ៉ា​ដែល​គេ​ប្រើ​លើ OnePlus 8។ ចំណុច​ខុស​គ្នា​ធំ​មួយ​គឺ​​កាមេរ៉ា​នេះ​អាច​ថត​វីដេអូ​ 4K បាន​ត្រឹម 30fps ប៉ុណ្ណោះ។ ចូល​មក​ដល់​កាមេរ៉ា​បន្ទាប់​ទៀត​គឺ​ជា​ Ultrawide ទំហំ ៨MP ដែល​អាច​ថត​រូបភាព​ទំហំ ១១៩​ដឺក្រេ អម​ជា​មួយ​កាមេរ៉ា​ Macro ទំហំ ២MP និង​ចុង​ក្រោយ​ជា​កាមេរ៉ា​វាស់​ជម្រៅ​ទំហំ ៥MP។

ស្មាតហ្វូន​នេះ​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ Snapdragon 765G ដែល​មាន​ភ្ជាប់​មក​ជា​មួយ​នូវ​សេវា​ 5G ដែល​អម​ជា​មួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 10។ ថ្ម​របស់​វា​មាន​ទំហំ ៤១១៥mAh ដែល​អាច​សាក​​ត្រឹម ៣០នាទី បាន​ថ្ម ៧០%។ យ៉ាងណាក្ដី​វា​មិន​មាន​អាវក្រោះ​ការពារ​ទឹក និង​ធូលី​ដី​ដូច​ជា OnePlus 8 នោះ​ទេ៕

អត្ថបទ៖ សុខហេង

មតិយោបល់