• 2020-08-12 01:35:23
  • ផលិតផលថ្មី

អេក្រង់ 120Hz សាកថ្មកម្លាំង 120W ថត Zoom 120X ទូរសព្ទនេះមានទាំងអស់

  • 2020-08-12 01:35:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន Xiaomi បាន​ប្រកាស​ចេញ​ស្មាតហ្វូន Mi 10 Ultra ​កាល​ពី​យប់​មិញ​នេះ ដែល​ជា​ស្មាតហ្វូន​សម្រាប់​អបអរ​ខួប​ទី ១០​ឆ្នាំ​នៃ​ការ​បង្កើត​ក្រុមហ៊ុន។

​ស្មាតហ្វូន​ខួប ១០​ឆ្នាំ​នេះ មាន​លក្ខណៈ​សម្បត្តិ​ខ្លាំងៗ​មួយ​ចំនួន​ដែល​​លើស​ពី​ស្មាតហ្វូន​ដទៃ ដែល​ជា​ពិសេស​នោះ​គឺ​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​កម្លាំង 120W។ ដូច​នេះ​ថ្ម​ទំហំ ៤៥០០ mAh របស់​ Mi 10 Ultra ចំណាយ​ពេល​ ២៣​នាទី​ប៉ុណ្ណោះ ដើម្បី​សាក​បាន​ ១០០% ឬ​អាច​បាន ៤១% ពេល​សាក​ត្រឹម ៥​នាទី។ កាន់​តែ​ពិសេស​នោះ​គឺ​អតិថិជន​មិន​បាច់​ទិញ​ឆ្នាំង​សាក​បន្ថែម​នោះ​ទេ ដោយ​មាន​ដាក់​មក​ក្នុង​ប្រអប់​ស្រាប់។

និយាយ​ពី​រឿង​សាក​ថ្ម​លឿន​នៅ​មិន​ទាន់​ចប់​ទេ ព្រោះ​ថា​វា​មាន​បំពាក់​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​កម្លាំង 50W ទៀត​ផង ដែល​ចំណាយ​ពេល ៤០​នាទី​ប៉ុណ្ណោះ​ដើម្បី​សាក​ថ្ម។ លើស​ពី​នេះ​ក៏​មាន​មុខងារ​សម្រាប់​សាក​ថ្ម​ឲ្យ​ឧបករណ៍​ដទៃ​ទៀត​ក្នុង​កម្លាំង 10W ផង​ដែរ។ Xiaomi បាន​អះអាង​ថា​ថាមពល​ថ្ម​របស់ Mi 10 Ultra នឹង​​មាន​​សមត្ថភាព​ផ្ទុក​នៅ​សល់ ៩០% បន្ទាប់​ពី​​ឆ្លង​កាត់​វដ្ដ​សាក​បាន ៨០០​ជុំ។

ចូល​ដល់​ផ្នែក​កាមេរ៉ា​វិញ​គឺ​វា​មាន​បំពាក់​ដោយ​កាមេរ៉ា​មេ​ទំហំ ៤៨MP ដែល​មាន​មុខងារ​រក្សា​លំនឹង OIS ហើយ​វា​អាច​ផលិត​រូបភាព​បាន​ទំហំ ១២MP ដែល​មាន​សមត្ថភាព​ខ្លាំង​ក្នុង​ការ​ថត​រូប​នៅ​ទី​ងងឹត។ កាមេរ៉ា​ផ្សេង​ទៀត​មាន​ជា​ប្រភេទ Telephoto ទំហំ ៤៨MP (ថត​ Digital Zoom បាន 120X, មាន​មុខងារ OIS), កាមេរ៉ា Ultrawide ទំហំ ២០MP ថត​រូប​បាន​កម្រិត ១២៨ដឺក្រេ និង​កាមេរ៉ា​ Portrait ទំហំ ១២MP។ ចំណែក​ឯ​កាមេរ៉ា​ Selfie មាន​ទំហំ ២០MP ដែល​​ចោះ​រន្ធ​តូច​មួយ​លើ​អេក្រង់។

Xiaomi Mi 10 Ultra ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Snapdragon 865 ដែល​មាន​គាំទ្រ​នូវ​សេវា​ 5G ហើយ​ក៏​មាន​បំពាក់​ដោយ RAM ប្រភេទ LPDDR5 និង​អង្គ​ផ្ទុក UFS 3.1 ផង​ដែរ។

អេក្រង់​របស់​វា​មាន​ទំហំ ៦,៦៧អ៊ីញ ដែល​ជា​ប្រភេទ OLED អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត FHD+ និង​​មាន​ Refresh Rate 120Hz។

មុខងារ​គួរ​កត់​សម្គាល់​ផ្សេង​ទៀត​មាន​ដូច​ជា​ការ​ប្រើ​ប្រាស់​នូវ​មុខងារ​ស្កេន​មុខ​ដើម្បី​ដោះ​សោ, ទ្រនាប់​ស្កេន​ម្រាម​ដៃ​បង្កប់​លើ​អេក្រង់, មុខងារ IR, មុខងារ NFC, ប្រព័ន្ធ​សំឡេង Stereo, កញ្ចក់ Gorilla Glass 6 នៅ​ផ្នែក​ខាង​ក្រោយ និង​កញ្ចក់​ខាង​មុខ​ជា​ប្រភេទ Gorilla Glass 5។

Mi 10 Ultra មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៧៦៣​ដុល្លារ សម្រាប់ RAM 8GB/ROM 128GB ហើយ​ប្រភេទ RAM 8GB/ROM 256GB មាន​តម្លៃ​ប្រមាណ ៨០៥​ដុល្លារ។ វា​ក៏​មាន​ប្រភេទ RAM 12GB/ROM 256GB តម្លៃ​ប្រមាណ ៨៦៥​ដុល្លារ និង​ប្រភេទ​កប់​បំផុត RAM 16GB/ROM 512GB តម្លៃ​ប្រមាណ ១ ០០៥​ដុល្លារ ដែល​នឹង​ដាក់​លក់​នៅ​ចិន​ចាប់​ពី​ថ្ងៃ​ទី ១៦ ខែ​សីហា៕​​

ប្រភព៖ GSMarena | Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់