• 2020-08-11 08:10:38
  • ព័ត៌មាន

Google Pixel 5 មាន RAM ធំជាងមុន ប៉ុន្តែញាត់ឈីបស៊េរីទាបជាងមុន

  • 2020-08-11 08:10:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google បាន​បង្ហាញ​ដំណឹង​ពាក់ព័ន្ធ​នឹង Pixel 5 បន្តិច​បន្តួច​ដែរ នៅ​អំឡុង​ពេល​ប្រកាស​ចេញ Pixel 4a កាល​ពី​សប្ដាហ៍​កន្លង​ទៅ ដោយ​បាន​ប្រាប់​អំពី​​ទីផ្សារ​ដែល​នឹង​ដាក់​លក់ និង​រូប​រាង​មើល​ពី​ចំហៀង​របស់​ទូរសព្ទ ដែល​ដំណឹង​ផ្សេង​ទៀត​មិន​បាន​បញ្ចេញ​នោះ​ទេ។

យ៉ាងណាក្ដី​មុន​ការ​បង្ហើប​អំពី​ Pixel 5 គេ​ធ្លាប់​បាន​ដឹង​ថា​​ស្មាតហ្វូន​ថ្មី​នេះ​នឹង​ប្រើ​ប្រាស់​នូវ​ឈីប​ស៊េរី​ទាប​ខុស​ពី​ជំនាន់​មុន ពោល​គឺ​ប្រើ​បន្ទះ​ឈីប Snapdragon 765G។ ហើយ​ពេល​នេះ​ដែរ​មាន​ការ​បញ្ជាក់​បន្ថែម​ទៀត​អំពី​ឈីប​របស់ Pixel 5 តាម​រយៈ​ការ​ធ្វើ​តេស្ត AI Benchmark ដែល​បាន​លេច​ចេញ​ថ្ងៃ​នេះ។

គេ​អាច​ឃើញ​យ៉ាង​ច្បាស់​ថា Pixel 5 គឺ​មាន​បំពាក់​ដោយ​ឈីប Snapdragon 765G ពិត​មែន ហើយ​វា​មាន​បំពាក់​ដោយ RAM ទំហំ ៨GB ធំ​ជាង​ Pixel 4/4 XL (ទំហំ ៦GB) និង​មាន​ដំណើរ​ការ​ដោយ​ Android 11 ផង​ដែរ។

​ដំណឹង​លេច​ធ្លាយ​កន្លង​មក​អំពី Pixel 5 ក្រៅ​ពី​បន្ទះ​ឈីប គឺ​មាន​ដំណឹង​អំពី​មុខងារ Reverse Wireless Charging ដែល​អាច​សាក​ថ្ម​ឲ្យ​ឧបករណ៍​ដទៃ, រំពឹង​ថា​នឹង​មាន​តម្លៃ​​ល្បាក់ ៧០០​ដុល្លារ, មាន​ការ​រចនា​ចោះ​រន្ធ​អេក្រង់​បំពាក់​កាមេរ៉ា Selfie និង​មាន​កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ខាង​ក្រោយ។

Pixel 5 និង Pixel 4a 5G នឹង​មាន​លក់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក កាណាដា ចក្រភព​អង់គ្លេស អៀរឡង់ បារាំង អាល្លឺម៉ង់ ជប៉ុន តៃវ៉ាន់ និង​អូស្ត្រាលី​ផង​ដែរ។ Google និយាយ​ថា​ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ ខ្លួន​នឹង​បញ្ចេញ​ដំណឹង​បន្ថែម​អំពី​ស្មាតហ្វូន​ថ្មី​ពីរ​នេះ ប៉ុន្តែ​មុន​ការ​បញ្ចេញ​របស់ Google ច្បាស់​ជា​មាន​ដំណឹង​លេច​ធ្លាយ​ជា​ហូរហែ​មិន​ខាន​ទេ៕​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់