- 2020-08-04 03:57:44
- ព័ត៌មាន
បើលក់មិនចេញទេ កម្មវិធី TikTok នឹងត្រូវបិទនៅអាមេរិកនៅថ្ងៃទី១៥ កញ្ញា
- 2020-08-04 03:57:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើលក់មិនចេញទេ កម្មវិធី TikTok នឹងត្រូវបិទនៅអាមេរិកនៅថ្ងៃទី១៥ កញ្ញា
ចន្លោះមិនឃើញ
ប្រសិនបើផែនការទិញយកប្រតិបត្តិការរបស់ TikTok នៅអាមេរិក ពីសំណាក់ក្រុមហ៊ុនធំៗនៅអាមេរិក មិនអាចសម្រេចរួចរាល់ត្រឹមថ្ងៃទី១៥ ខែកញ្ញាទេនោះ រដ្ឋបាលលោក ដូណាល់ ត្រាំ នឹងបិទ TikTok មិនឲ្យប្រើនៅអាមេរិកឡើយ។
ក្នុងកិច្ចប្រជុំនាថ្ងៃនេះ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថាយល់ព្រមឲ្យក្រុមហ៊ុន Microsoft ឬក្រុមហ៊ុនអាមេរិកដទៃទៀត ទិញយកប្រតិបត្តិការកម្មវិធី TikTok នៅអាមេរិក ដើម្បីឲ្យកម្មវិធីនេះអាចដំណើរការបានតទៀត។ បន្ថែមពីនេះដែរ រតនាគារអាមេរិកនឹងត្រូវទទួលបានភាគលាភមួយចំណែកធំ ពីការលក់ប្រតិបត្តិការ TikTok នេះផងដែរ។
លោក ដូណាល់ ត្រាំបានលើកឡើងដូចនេះថា ៖ “ខ្ញុំមិនប្រកាន់ថា Microsoft ឬអ្នកផ្សេង ក្រុមហ៊ុនធំរបស់អាមេរិកណាមួយទិញយកវានោះទេ។ វានឹងត្រូវបិទនៅថ្ងៃទី១៥ ខែកញ្ញា លុះត្រាតែ Microsoft ឬក្រុមហ៊ុនណាអាចទិញយក និងឯកភាពលើតម្លៃសមរម្យមួយ ដូចនេះរតនាគារជាតិអាមេរិកនឹងទទួលបានចំណែកភាគលាភច្រើន។”
គេមិនច្បាស់នោះទេថារតនាគារជាតិអាមេរិកនឹងទទួលបានចំណែកភាគលាភពីការទិញយកប្រតិបត្តិការ TikTok ដោយវិធីណានោះទេ តើ Microsoft ជាអ្នកចំណាយ ឬ ByteDance ជាអ្នកចំណាយ ឬភាគីទាំងពីរជាអ្នកចំណាយ? វាច្បាស់ជាធ្វើឲ្យការចរចាទិញកាន់តែពិបាក ប្រសិនបើចំណែកភាគលាភដែលរតនាគារជាតិអាមេរិកចង់បាន មានចំនួនច្រើន៕