- 2020-08-03 03:48:04
- ព័ត៌មាន
អវកាសយានិក NASA ត្រឡប់មកផែនដីវិញដោយសុវត្ថិភាព បន្ទាប់ពីនៅទីអវកាសបាន ២ខែ
- 2020-08-03 03:48:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អវកាសយានិក NASA ត្រឡប់មកផែនដីវិញដោយសុវត្ថិភាព បន្ទាប់ពីនៅទីអវកាសបាន ២ខែ
ចន្លោះមិនឃើញ
អវកាសយានិកអាម៉េរិក បប់ បិញឃិន និង ដូក ហ៊ួលី ដែលបានហោះទៅកាន់ស្ថានីយអវកាសអន្តរជាតិក្នុងយានថ្មី Crew Dragon របស់ក្រុមហ៊ុន SpaceX បានចុះមកផែនដីវិញតាមយានដដែលនេះនៅឈូងសមុទ្រម៉ិកស៊ិកកាលពីថ្ងៃអាទិត្យទី២សីហា បន្ទាប់ពីការធ្វើដំណើររយៈពេលពីរខែដែលជាបេសកកម្មដំបូងរបស់អង្គការណាសាចេញពីទឹកដីកំណើតក្នុងរយៈពេល ៩ ឆ្នាំ។
លោកបិញឃិននិងលោកហ៊ួលី ដែលស្ថិតនៅទីអវកាសសរុប ៦៤ ថ្ងៃ បានចាកចេញពីស្ថានីយអវកាសអន្តរជាតិកាលពីថ្ងៃសៅរ៍ហើយបានវិលមកដល់ស្រុកកំណើតវិញនៅលើផ្ទៃទឹកសមុទ្រស្ងប់នៅឆ្នេរផេនសាកូឡា រដ្ឋផ្លរីដា នៅម៉ោង ២ និង ៤៨ នាទីរសៀល បន្ទាប់ពីការធ្វើដំណើរ ២១ ម៉ោងនៅលើយាន Crew Dragon។
ការចុះចតជោគជ័យដំបូងបង្អស់របស់អង្គការណាសាក្នុងរយៈពេល ៤៥ ឆ្នាំគឺជាការសាកល្បងមើលចុងក្រោយបំផុតថាតើយានអវកាសរបស់លោក អេឡុន ម៉ាស នាយកប្រតិបត្តិក្រុមហ៊ុន SpaceX អាចដឹកអវកាសយានិកទៅមកពីដងតារាវិថីបានឬអត់ ដែលការសាកល្បងនេះគ្មានក្រុមហ៊ុនឯកជនណាមួយធ្លាប់ធ្វើពីមុនមកនោះទេ។
លោក ជីម ប្រ៊ីដិនស្ទីន ជាអ្នកគ្រប់គ្រងទីភ្នាក់ងារអវកាសណាសាបានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតថា “នេះជាថ្ងៃដ៏អស្ចារ្យសម្រាប់ណាសានិងជាថ្ងៃដ៏អស្ចារ្យសម្រាប់សហរដ្ឋអាម៉េរិក។ ថ្ងៃនេះយើងពិតជាបានបង្កើតប្រវត្តិសាស្ត្រ”៕