• 2020-07-23 02:58:53
  • ផលិតផលថ្មី

យប់មិញមាន ៣ក្រុមហ៊ុនប្រជែងគ្នា ចេញទូរសព្ទប្រើឈីប SD 865+ មុនគេក្នុងលោក

  • 2020-07-23 02:58:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​នេះ​ មាន​ស្មាតហ្វូន​ថ្មី​ចំនួន​បី​បាន​ប្រកាស​ចេញ​ ដែល​សុទ្ធ​សឹង​ជា​ស្មាតហ្វូន​ដែល​ប្រើ​ប្រាស់​នូវ​ឈីប​ Snapdragon 865+ ជា​បន្ទះ​ឈីប​ជំនាន់​ចុង​ក្រោយ​របស់ Qualcomm។ ស្មាតហ្វូន​ដែល​ប្រកាស​ចេញ​​មុន​គេ មាន​ឈ្មោះ​ជា​ស្មាតហ្វូន​បាន​ប្រើ​ឈីប Snapdragon 865+ មុន​គេ​គឺ Lenovo Legion Duel បន្ទាប់​មក​គឺ Galaxy Z Flip 5G និង Asus ROG Phone 3 ដែល​ប្រកាស​ចេញ​មុន​ក្រោយ​គ្នា​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។

Lenovo Legion Duel

ស្មាតហ្វូន​នេះ​មាន​បំពាក់​ដោយ​អេក្រង់ AMOLED ទំហំ ៦,៦៥អ៊ីញ ដែល​មាន​ Refresh Rate 144Hz និង​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​បំពាក់​​ក្រោម​ផ្ទៃ​អេក្រង់​ផង​ដែរ។ នៅ​ផ្នែក​ចំហៀង​នៃ​ស្មាតហ្វូន​មាន​បំពាក់​នូវ​កាមេរ៉ា Selfie ទំហំ ២០MP ដែល​ទីតាំង​របស់​វា​ខុស​ប្លែក​ពី​​ស្មាតហ្វូន​ដទៃ។

បន្ទះ​ឈីប Snapdragon 865+ លើ​ស្មាតហ្វូន​នេះ​ មាន​គួប​ផ្សំ​ជា​មួយ RAM ដែល​មាន​ជម្រើស​ទំហំ​ដល់ ១៦GB និង​អង្គ​ផ្ទុក​មាន​ជម្រើស​ដល់ ៥១២GB ជា​ប្រភេទ UFS 3.1។ វា​ក៏​មាន​នូវ​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​​​ជំនាន់​ថ្មី ដែល​ជួយ​បញ្ចុះ​កម្ដៅ​ពេល​លេង​ហ្គេម​ធំៗ​រយៈពេល​យូរ​ផង​ដែរ។

នៅ​ផ្នែក​ខាង​ក្រោយ​មាន​កាមេរ៉ា​មេ​ទំហំ ៦៤MP ជា​មួយ​កាមេរ៉ា Ultrawide ទំហំ ១៦MP ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​ខ្នង​ស្មាតហ្វូន។ ថ្ម​របស់​វា​មាន​ទំហំ ៥០០០ mAh ដែល​មាន​​កម្លាំង​​សាក​ដល់​ 90W អាច​សាក​ពេញ​ដោយ​ប្រើ​ពេល ៣០នាទី។ យ៉ាងណាក្ដី​ដើម្បី​ទទួល​បាន​លទ្ធផល​នេះ អ្នក​ត្រូវ​ដោត​ខ្សែ​សាក​ចូល​រន្ធ USB Type-C ទាំង​ពីរ​ដែល​មាន​លើ​ស្មាតហ្វូន ដែល​មួយ​នៅ​ផ្នែក​ខាង​ឆ្វេង និង​មួយ​ទៀត​នៅ​ផ្នែក​ខាង​ក្រោម ដោយ​សារ​ថ្ម​របស់​វា​មាន​បែង​ចែក​ជា​ពីរ​ផ្នែក។

Legion Duel នឹង​ដាក់​លក់​នៅ​ប្រទេស​ចិន​ចាប់​ពី​ថ្ងៃ​ទី ៥ ខែ​សីហា ដោយ​មាន​តម្លៃ​ប្រមាណ ៥០០​ដុល្លារ សម្រាប់ 8GB/128GB, ប្រមាណ ៥៥៧ដុល្លារ សម្រាប់ 12GB/128GB, ប្រមាណ ៦០០​ដុល្លារ​សម្រាប់​ 12GB/256GB និង​​ប្រមាណ ៨៥៧​ដុល្លារ សម្រាប់​ប្រភេទ​កប់ 16GB/512GB។

Samsung Galaxy Flip 5G

ស្មាតហ្វូន​​នេះ​គឺ​ជា​ការ​អាប់ដេត​ចេញ​ពី Galaxy Z Flip ប្រភេទ​ 4G ដែល Samsung បាន​ប្រកាស​ចេញ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ។ រូបរាង​របស់​វា​មិន​មាន​ការ​ផ្លាស់​ប្ដូរ​ ហើយ​លក្ខណៈ​សម្បត្តិ​គឺ​ខុស​​តែ​ត្រង់​ការ​ប្ដូរ​មក​ប្រើ​ឈីប Snapdragon 865+ ដែល​មាន​គាំទ្រ​សេវា 5G ហើយ​វា​ក៏​មាន​ជម្រើស​ពណ៌​ខុស​ពី​មុន​គឺ​មាន​ពណ៌​ទង់ដែង ជា​មួយ​ពណ៌​ប្រផេះ។

Galaxy Z Flip 5G នឹង​ដាក់​លក់​​ចាប់​ពី​ថ្ងៃ​ទី ៧ ខែ​សីហា ដោយ​នៅ​សហរដ្ឋអាមេរិក​មាន​លក់​តាម​រយៈ​ AT&T និង T-Mobile ជា​មួយ​តម្លៃ​ ១៤៥០​ដុល្លារ ដែល​ថ្លៃ​ជាង​ប្រភេទ 4G ៧០ដុល្លារ។

Asus ROG Phone 3

​​ ស្មាតហ្វូន​នេះ​​មាន​បំពាក់​នូវ​ឈីប​ Snapdragon 865+ ដែល​គួប​ផ្សំ​ដោយ​ RAM មាន​ជម្រើស​ទំហំ​ដល់ ១៦GB និង​អង្គ​ផ្ទុក​ធំ​បំផុត​ដល់ ៥១២GB ជា​ប្រភេទ UFS 3.1 ហើយ RAM ជា​ប្រភេទ LPDDR5។ លើក​នេះ​ Asus បាន​បន្ថែម​នូវ​ AeroActive Cooler 3 មក​ក្នុង​ប្រអប់​ស្មាតហ្វូន​ ដែល​អាច​ជួយ​បញ្ចុះ​កម្ដៅ​បាន​យ៉ាង​ល្អ។

អេក្រង់​របស់​ស្មាតហ្វូន​នេះ​គឺ​មាន​ទំហំ ៦,៦អ៊ីញ ជា​ប្រភេទ AMOLED ដែល​មាន​ Refresh Rate 144Hz ហើយ​អ្នក​ប្រើ​ប្រាស់​ក៏​អាច​រើស​យក​ 120Hz និង 90Hz ឬ​កំណត់​ជា​ Auto ដើម្បី​សន្សំសំចៃ​ថាមពល​បាន​ផង​ដែរ។

សម្រាប់​កាមេរ៉ា​វិញ​ Asus បាន​បន្ថែម​កាមេរ៉ា​គ្រាប់​ទី​បី​នៅ​ផ្នែក​ខាង​ក្រោយ​ ដែល​ជា​កាមេរ៉ា Macro ទំហំ ៥MP។ កាមេរ៉ា​មេ​បាន​ដំឡើង​ទំហំ​ដល់ ៦៤MP និង​កាមេរ៉ា​ទី​ពីរ​ជា​ប្រភេទ Ultrawide ទំហំ ១៣MP ដែល​អាច​ថត​រូបភាព​កម្រិត ១២៥ដឺក្រេ។ កាមេរ៉ា​មេ​អាច​ថត​វីដេអូ 8K/30fps ឬ 4K/120fps។ សម្រាប់​កាមេរ៉ា Selfie មាន​ទំហំ ២៤MP។

ចំពោះ​ថ្ម​វិញ​គឺ​មាន​ទំហំ ៦០០០ mAh ដែល​គាំទ្រ​ការ​សាក​ល្បឿន​លឿន 30W ដែល​អាច​​សាក​ថ្ម​បាន​ ៧០% ក្នុង​ពេល ៤៦​នាទី។

Asus ROG Phone 3 នឹង​ចេញ​លក់​នៅ​ទីផ្សារ​អឺរ៉ុប​ ក្នុង​តម្លៃ​ប្រមាណ ១១៥៣​ដុល្លារ សម្រាប់​ប្រភេទ RAM 12GB/ROM 512GB និង​តម្លៃ​ប្រមាណ ១២៦៩​ដុល្លារ សម្រាប់​ប្រភេទ RAM 16GB/ROM 512GB។ Asus បញ្ជាក់​ថា​នឹង​ដាក់​លក់​ស្មាតហ្វូន​នេះ​នៅ​អាមេរិក​នា​ខែ​កញ្ញា ប៉ុន្តែ​មិន​បាន​បញ្ជាក់​តម្លៃ​នៅ​ឡើយ​ទេ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់