- 2020-07-16 04:28:23
- ព័ត៌មាន
ក្រសួងដាក់ដំណើរការកម្មវិធីទូរសព្ទឆ្លាតវៃ "ការអប់រំពីចម្ងាយ" សម្រាប់សិស្សនិស្សិត
- 2020-07-16 04:28:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងដាក់ដំណើរការកម្មវិធីទូរសព្ទឆ្លាតវៃ "ការអប់រំពីចម្ងាយ" សម្រាប់សិស្សនិស្សិត
ចន្លោះមិនឃើញ
ដោយមើលឃើញការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត (E-Learning) អាចបង្កើនប្រសិទ្ធភាពសិក្សារបស់សិស្សនិស្សិតក្នុងអំឡុងមានជំងឺកូវីដ១៩ ក្រសួងប្រៃសណីយ៍បានផ្ដួចផ្ដើមបង្កើតកម្មវិធីទូរសព្ទឆ្លាតវៃ "ការអប់រំពីចម្ងាយ" E-Leaning ដែលនឹងជំរុញដល់ការសិក្សារបស់សិស្ស និស្សិតឲ្យមានការលូតលាស់បន្ថែមទៀត។
ឯកឧត្ដម បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការសិក្សាតាមអ៊ីនធឺណិតជាប្រព័ន្ធសិក្សាថ្មីទំនើប កម្ពុជាបានធ្វើជោគជ័យដោយប្រមូលគ្រូៗដែលមានជំនាញទូទាំងប្រទេ មកថតជាវីដេអូបង្ហោះនៅលើប្រព័ន្ធ ហ្វេសបុក យូធូប ដោយផ្ដោតសំខាន់ជាដំបូងលើមុខវិជ្ជាថ្នាក់ទី ៩ និងទី ១២ ដែលបានដាក់អនុវត្តយ៉ាងជោគជ័យនាពេលកន្លងមក។
ដោយឡែកសម្រាប់ការដាក់ដំណើរការកម្មវិធីទូរសព្ទឆ្លាតវៃ "ការអប់រំពីចម្ងាយ" តាមរយ: App នេះនឹងជំនួយសម្រាប់និស្សិតដែលមិនសូវមានពេលវេលាគ្រប់គ្រាន់អាចសិក្សាពីចម្ងាយ ចំណេញពេលវេលានិងផ្តល់លទ្ធផលខ្ពស់។ ទោះបីកន្លងទៅមានសិស្ស និស្សិតជាច្រើនបានសិក្សាតាមប្រព័ន្ធអនឡាញក៏ពិតមែនតែក្រសួងក៏បានសហការជាមួយក្រសួងព័ត៌មាន បង្កើនការចាក់ផ្សាយតាមរយ:ទូរទស្សន៍ ទទក២ ដើម្បីបញ្ជៀបទៅដល់សិស្ស និស្សិត នៅតាមជនបទ ដែលពុំមានស្មាតហ្វូន ឬប្រព័ន្ធអ៊ីនធឺណិតប្រើប្រាស់។ តាមរយៈការអនុវត្តកម្មវិធីសិក្សាតាមប្រព័ន្ធ App E-Learning នេះលោករដ្ឋមន្ត្រីជំរុញឲ្យប្រព័ន្ធតាមបច្ចេកវិទ្យានេះត្រូវបានអនុវត្តកាន់តែទូលំទូលាយនៅគ្រប់ស្ថាប័នអប់រំ។
កម្មវិធីទូរសព្ទឆ្លាតវៃ "ការអប់រំពីចម្ងាយ" ត្រូវបានផលិតឡើងដើម្បីលើកកម្ពស់ការអប់រំបែបឌីជីថល បង្កើតភាពងាយស្រួលសម្រាប់សិស្ស និស្សិត អាចទាញយកឯកសារតាមមុខវិជ្ជាទៅតាមថ្នាក់ ព្រមទាំងអាចគ្រប់គ្រងទិន្នន័យ តាមដានសកម្មភាពសិក្សារបស់សិស្សបានផងដែរ ដែលកម្មវិធីនេះត្រូវបានផលិតដោយ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា និងព័ត៌មាន សហការជាមួយក្រុមហ៊ុន Sabay Digital។
ឯកឧត្ដម ជា វ៉ាន់ដែត រដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា នេះជាជំហានជោគជ័យទី១ ដែលក្រសួងបានដាក់ដំណើរការ App ជំនួយដល់ការសិក្សាតាមប្រព័ន្ធអ៊ីធឺណេត ដល់និស្សិតអាចសិក្សាតាមវីដេអូ សំឡេងនិងឯកសារនានាពីគ្រប់ទីកន្លែងដែលផ្តល់ភាពងាយស្រួលនៅពេល ពួកគេមានចម្ងល់និងចង់ស្វែងយល់ការសិក្សាបន្ថែមទៅលើមេរៀន ដែលបានរៀនរួច។ ប្រព័ន្ធបច្ចេកវិទ្យានេះចាប់ផ្ដើមដាក់ឲ្យនិស្សិតសិក្សាបណ្តើរៗ តាំងពីឆ្នាំទី១ រហូតដល់ពួកគេឡើងដល់ឆ្នាំបន្តបន្ទាប់។ កម្មវិធីទូរសព្ទឆ្លាតវៃ "ការអប់រំពីចម្ងាយ" នេះក៏បានជួយឲ្យក្រសួងមានភាពងាយស្រួលក្នុងការគ្រប់គ្រង សិស្សដែលបានចុះនៅតាមបណ្ដាលខេត្តទូទាំងប្រទេស។
ឯកឧត្ដមរដ្ឋមន្ត្រីក៏បានបន្ថែថា ក្រៅពីការដាក់ដំណើរការប្រព័ន្ធសិក្សាតាមរយ: App នេះហើយ ក្រសួងក៏បានផ្ដួចផ្ដើមបង្កើតកម្មវិធី បណ្ណាល័យអេឡិចត្រូនិក និងមាតិកាអប់រំបែបឌីជីថល តាមរយៈកិច្ចសហការជាមួយសាធារណរដ្ឋកូរ៉េ ក្នុងរយ:ពេល២ ទៅ ៣ខែខាងមុខនេះដែលជំនួយដល់ការសិក្សាដល់សិស្ស និស្សិត កាន់តែទូលំទូលាយ និងបានដឹងថាអ្វីជាវិទ្យាសាស្រ្តពិត និងអ្វីជាសង្គមសាស្រ្ត។ ឯកឧត្ដមរដ្ឋមន្ត្រី បានបន្តថា ក្រសួងប្រៃសណីយន៍ និងក្រសួងអប់រំ បាននិងកំពុងរៀបចំក្រុមការមួយដើម្បីប្រមូលមាតិកាទាំងអស់ដាក់ចូលក្នុង E-Library នេះ។
ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថានៅថ្ងៃខាងងមុខកម្ពុជានឹងឈានដល់ដំណាក់កាលថ្មីក្នងវិស័យបច្ចេកវិទ្យា ហើយកម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មីក្នុងវិស័យឌីជីថល ឲ្យដល់ទីជនបទ សាលា លោកគ្រូ អ្នកគ្រូ នៅទូទាំងប្រទេស។ ក្នុងដំណាក់កាលនេះដែរក្រសួងក៏បានត្រូវពិចារណាទទួលយកនូវបច្ចេកវិទ្យាពីបណ្ដាលក្រុមនៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្នុងពិធីនេះដែរ ក្រសួងប្រៃសណីយ៍ ក៏បានប្រកាសប្រគល់កម្មវិធីទូរសព្ទឆ្លាតវៃ "ការអប់រំពីចម្ងាយ" ឲ្យទៅក្រសួងអប់រំ ដើម្បីធ្វើការដាក់ប្រើប្រាស់ជាសាធារណ:។
លោក ជី សិលា នាយកប្រតិបត្តិ Sabay បានមានប្រសាសន៍ថា ក្រុមហ៊ុនពិតជាមានភាពសប្បាយរីករាយដែលបានចូលរួមចំណែកបង្កើត Data Center ដើម្បីប្រមូលនូវមាតិកាពីការបង្រៀនតាមរយ:ប្រព័ន្ធអ៊ីនធឺណេត នូវកម្មវិធីទូរសព្ទឆ្លាតវៃ "ការអប់រំពីចម្ងាយ" នេះ។ លោក ជី សិលា បានបន្តថា Sabay បានបង្កើតនូវ Data Center (មជ្ឈមណ្ឌលផ្ទុកទិន្នន័យ) ផ្ទាល់ខ្លួនកាលពីឆ្នាំ ២០១៣ និងបានធ្វើការជាមួយក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត (ISP) ចាប់តាំងពីឆ្នាំ ២០១០ ក្នុងការរក្សា Traffic ក្នុង ប្រទេស។ Sabay ក៏បានផ្ដល់ជា Platform (ទីកន្លែង) មួយសម្រាប់ឲ្យក្រុមហ៊ុនផ្ដល់សេវាទូរសព្ទ និង ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតធំៗក្នុងកម្ពុជាភ្ជាប់ទំនាក់ទំនងគ្នាដើម្បីអាចផ្លាស់ប្ដូរទិន្នន័យរវាងគ្នា នឹងគ្នា។ ក្រុមហ៊ុនក៏បានបង្កើតជា Hosting និងដំណោះស្រាយសម្រាប់មាតិកា វិបសាយ វីដេអូ សៀវភៅ និងហ្គេមដែលយើងមានរីករាយ នឹងបើកប្រព័ន្ធទាំងអស់នេះជូនដល់ក្រសួង MoE ដើម្បី ជួយជ្រោមជ្រែងក្នុងការឲ្យសិស្សបន្តការសិក្សាក្នុងអំឡុងពេលនេះ។
លោក ជី សិលា ក៏បានបញ្ជាក់ថាក្រុមហ៊ុន នឹងជួយដល់ក្រសួងអប់រំ ដោយបើកទូលាយនូវ Platform ដែលក្រុមហ៊ុនបានបានបង្កើតដើម្បីជួយដល់ការបញ្ចេញ App សម្រាប់ការសិក្សា ក្រុមហ៊ុន នឹងផ្ដល់ជូននូវប្រព័ន្ធ Cloud ដើម្បីអាចបង្ហោះនូវ App និងបង្ហោះមាតិកាវីដេអូតាមរយៈ ប្រព័ន្ធនេះបាន។ លើសពីនេះ ក្រុមហ៊ុននឹងផ្ដល់ជូននូវ Platform ដែលអាចឲ្យក្រសួងបញ្ជូនសារសំខាន់ៗទៅកាន់សិស្សានុសិស្ស តាមរយៈក្រុមហ៊ុនផ្ដល់សេវាទូរសព្ទ និងក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត ទាំងអស់នៅកម្ពុជា៕