• 2020-07-13 09:04:20
  • ព័ត៌មាន

ទូរសព្ទសាកថ្ម ១៥នាទីឡើងពី ០-១០០% នឹងបង្ហាញមុខខែក្រោយ

  • 2020-07-13 09:04:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​​ថ្ងៃ​នេះ​ម៉ាក​យីហោ​ iQOO ដែល​ស្ថិត​ក្រោម​ការ​កាន់​កាប់​របស់ vivo បាន​ប្រារព្ធ​កម្មវិធី​សន្និសីទ​មួយ​ក្នុង​ប្រទេស​ចិន ដែល​ក្រុមហ៊ុន​បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នៅ​បច្ចេកវិទ្យា​ Super FlashCharge 120W ជា​បច្ចេកវិទ្យា​សាក​ថ្ម​ទូរសព្ទ​កម្លាំង 120W ដែល​រំពឹង​ថា​នឹង​​បង្ហាញ​វត្តមាន​លើ​ស្មាតហ្វូន​ចាប់​​ពី​ដើម​ខែ​សីហា​ខាង​មុខ។

ផ្អែក​តាម​ការ​បង្ហាញ​ផ្លូវ​ការ​នៅ​លើ​ឆាក បាន​ឲ្យ​ដឹង​ថា​បច្ចេកវិទ្យា​ថ្មី​របស់ iQOO អាច​សាក​ថ្ម​ទំហំ ៤០០០ mAh ឲ្យ​បាន​ពេញ​ដល់ ១០០% ដោយ​ប្រើ​ពេល​ត្រឹម ១៥​នាទី។ ​ដែល​វា​លឿន​ជាង​បច្ចេកវិទ្យា​សាក​ថ្ម​កម្លាំង 65W របស់​ស្មាតហ្វូន​កំពូលៗ​នា​ពេល​បច្ចុប្បន្ន​ដូច​ជា OPPO Find X2 Pro ជា​ដើម។

​តាម​ការ​ពន្យល់​របស់​នាយក​ប្រតិបត្តិ​ iQOO បាន​ឲ្យ​ដឹង​ថា​ គេ​អាច​បង្កើត​វិធីសាស្ត្រ​សាក​ថ្ម​​ល្បឿន​លឿន​ដូច​ព្យុះ​នេះ​ទៅ​បាន​ ដោយ​គួប​ផ្សំ​​វិធីសាស្ត្រ​ថ្មី ជា​មួយ​រចនាបថ​ថ្ម​ថ្មី​ដែល​មាន​ចែក​​ថ្ម​ចេញ​ជា​ពីរ​ផ្នែក។ ចរន្ត​អគ្គិសនី​ត្រូវ​បាន​បម្លែង​ពី 20V នៅ​ 6A ទៅ​ជា​ 12V នៅ 10A ដែល​​ចែក​ទៅ​កាន់​សៀគ្វី​ចំនួន​ពីរ​មាន​ចរន្ត​ស្មើ​គ្នា​គឺ 5V នៅ​ 12A ​ដោយ​​ចរន្ត​នីមួយៗ​គឺ​​​ទៅ​សាក​​ដុំ​ថ្ម​ទំហំ ២០០០ mAh ចំនួន​ពីរ។ ស្មាតហ្វូន​ដែល​ប្រើ​ប្រាស់​​វិធីសាស្ត្រ​នេះ​ត្រូវ​មាន​ស្រទាប់​ការពារ​ថាមពល​ច្រើន​ជាង​មុន និង​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ខ្លាំង​ជាង​មុន ដើម្បី​អាច​ជួយ​​ទប់​​កម្ដៅ និង​ការពារ​ Motherboard។

iQOO មិន​បាន​និយាយ​អ្វី​ច្រើន​អំពី​ស្មាតហ្វូន​​​​ដែល​នឹង​មាន​ប្រើ​បច្ចេកវិទ្យា​នេះ​មុន​គេ​ ដែល​នឹង​ចេញ​នា​ខែ​សីហា​នោះ​ទេ ប៉ុន្តែ​វា​ទំនង​ជា​ស្មាតហ្វូន​​ប្រភេទ Gaming៕​​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់