• 2020-07-06 01:30:24
  • ព័ត៌មាន

មកក្រោយគេមែន ប៉ុន្តែ Apple អាចនឹងដណ្ដើមតំណែងកំពូលអ្នកមុនៗបាន

  • 2020-07-06 01:30:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​​ព្យាករណ៍​​របស់​ក្រុមហ៊ុន​ Strategy Analytics បាន​ឲ្យ​ដឹង​ថា​ក្នុង​ឆ្នាំ ២០២០ នេះ ស្មាតហ្វូន 5G នឹង​អាច​លក់​ចេញ​បាន​សរុប ២៣៤​លាន​គ្រឿង ដែល​ស្មើ​នឹង ១៥% នៃ​ចំនួន​លក់​ស្មាតហ្វូន​គ្រប់​ប្រភេទ។ ប្រៀប​ធៀប​នឹង​ឆ្នាំ ២០១៩ ចំនួន​លក់​របស់​ស្មាតហ្វូន 5G មាន​ត្រឹម ១៨,៦​​លាន​គ្រឿង។

ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២០ ក្រុមហ៊ុន Samsung ជា​ជើង​ឯក​លើ​ទីផ្សារ​ស្មាតហ្វូន 5G ដែល​លក់​ស្មាតហ្វូន​ 5G បាន​ ៨,៣​លាន​គ្រឿង មាន​ចំណែក​ទីផ្សារ ៣៤%។ ចំណែក Huawei ឈរ​នៅ​លេខ​ពីរ​ជា​មួយ​ចំនួន​លក់ ៨​លាន​គ្រឿង កាន់​កាប់​ទីផ្សារ ៣៣,២%។

យ៉ាងណាក្ដី​នៅ​ឆមាស​ទី​ពីរ​ឆ្នាំ ២០២០ អាច​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​។ ចំណែក​ទីផ្សារ​ស្មាតហ្វូន​ 5G របស់ Huawei រំពឹង​ថា​នឹង​មាន​ ២៧,៣% នៅ​ឆមាស​ទី​ពីរ ដែល​អាច​ឲ្យ​​ Huawei ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​ ១។

រូបរាង Render

ចំណែក​ Apple ដែល​គ្រោង​នឹង​បញ្ចេញ​ស្មាតហ្វូន 5G នា​ចុង​ឆ្នាំ អាច​នឹង​ហក់​ឡើង​មក​កាន់​តំណែង​លេខ​ពីរ​ភ្លាមៗ នៅ​ឆមាស​ទី ២ ឆ្នាំ ២០២០ ជា​មួយ​ចំណែក​ទីផ្សារ ២១,៤%។ Samsung ឯណោះ​វិញ អាច​នឹង​ធ្លាក់​មក​នៅ​លេខ ៣ ជា​មួយ​ចំណែក​ទីផ្សារ​ស្មាតហ្វូន 5G ប្រមាណ ១៧,៨%។

ការ​ព្យាករណ៍​របស់ Strategy Analytics បាន​ឲ្យ​ដឹង​ដែរ​ថា Apple អាច​នឹង​ដណ្ដើម​តំណែង​ពី Huawei ក្លាយ​ជា​​ក្រុមហ៊ុន​លក់​ស្មាតហ្វូន 5G បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ ២០២១ ជា​មួយ​តម្រូវ​ការ​ខ្ពស់​ពី​​ទីផ្សារ​អាមេរិក និង​អឺរ៉ុប ទន្ទឹម​នឹង​ការ​ពង្រីក​សេវា 5G កាន់​តែ​ទូលំ​ទូលាយ​ផង​ដែរ៕​​​​​

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់