• 2020-07-03 06:52:21
  • ព័ត៌មាន

ឧបករណ៍សំខាន់ៗ គួរដាក់ជាប់តាមឡាន​ ទៅណាមកណាក៏មិនភ័យ

  • 2020-07-03 06:52:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកដឹងហើយថា ការប្រើប្រាស់រថយន្តនាពេលបច្ចុប្បន្ននេះ បានក្លាយជារឿងមួយដ៏ចាំបាច់សម្រាប់មនុស្សសឹងតែគ្រប់គ្នាទៅហើយ ព្រោះរថយន្តមិនត្រឹមតែជាយានជូនយើងទៅកន្លែងដែលយើងចង់ទៅតែប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងការពារយើងបានពីបញ្ហាអាកាសធាតុ ហើយវាក៏មានសុវត្ថិភាពខ្ពស់ផងដែរ បើប្រៀបធៀបទៅនឹងការប្រើប្រាស់ម៉ូតូ។

យ៉ាងណាមិញ បញ្ហារបស់រថយន្តតែងកើតមានជានិច្ចកាល ដោយមិនអាចរំពឹងទុក។ ដូចនេះ វាច្បាស់ណាស់ដែលអ្នកគួរមានសម្ភារៈជាប់រថយន្តសម្រាប់ដោះស្រាយបញ្ហាទាំងនោះ ពេលរថយន្តចាប់ផ្ដើមមានបញ្ហា។ ថ្ងៃនេះ Sabay សូមបង្ហាញនូវឧបករណ៍សំខាន់ៗ ១២ យ៉ាងដែលអ្នកគួរតែមានជាប់រថយន្ត៖

១. ពិល (និងថ្មដែលអាចដោះដូរបាន)

ពិលគឺជាប្រភពពន្លឺដ៏ល្អបំផុតមួយ ដែលគេអាចប្រើប្រាស់វាបានច្រើនយ៉ាង ក្នុងច្រើនស្ថានភាព។ ដូចនេះ បើសិនជារថយន្តរបស់អ្នកខូច ហើយចំពេលងងឹតទៀតនោះ ការយកពិលតាមខ្លួន ហើយមានថ្មអាចដោះដូរបានជារឿងមួយដ៏ល្អ។

២. សញ្ញាត្រីកោណចំណាំងផ្លាត

សញ្ញាត្រីកោណ ជាសញ្ញាសម្រាប់ប្រកាសអាសន្ន ឬស្ថានភាពមិនប្រក្រតីដែលកើតមានពេលរថយន្ត​ជួប​បញ្ហា​តាម​ផ្លូវ​។ ដូចនេះ ការមានសញ្ញានេះតាមខ្លួន ជារឿងល្អ ដោយសារតែយើងអាចផ្ដល់ដំណឹងឲ្យអ្នកដំណើរពីក្រោយឲ្យបន្ថយល្បឿន ពេលគេឃើញចំណាំងផ្លាតរបស់សញ្ញានេះ នៅក្នុងចម្ងាយសុវត្ថិភាពមួយ ពីយានយន្តរបស់យើង។

៣. ប្រអប់សង្គ្រោះបន្ទាន់

គ្រោះថ្នាក់ចៃដន្យ មិនថាធ្ងន់ឬស្រាល អាចកើតមានឡើងជាយថាហេតុ ដូចពេលដែលយើងប្រឹងជួសជុលរថយន្ត ហើយប៉ះនឹងវត្ថុក្ដៅធ្វើឲ្យរលាក ឬមុតនឹងអ្វីមួយជាដើម។ ប្រការល្អ រាល់ពេលធ្វើដំណើរអ្នកគួរតែមានប្រអប់សង្គ្រោះបន្ទាន់មួយ ដាក់តាមរថយន្ត។

៤. បំពង់ពន្លត់អគ្គីភ័យ

រឿងរ៉ាវទាក់ទងនឹងអគ្គីភ័យ ជារឿងដែលកើតឡើងដោយមិនអាចគ្រប់គ្រងភ្លាមៗនោះឡើយ។ ដូចនេះ ការមានបំពង់ពន្លត់អគ្គិភ័យនៅជាប់ខ្លួន ពេលជួសជុលម៉ាស៊ីន ដែលមានលេចធ្លាយប្រេងជាដើម ជាការការពារ និងគ្រប់គ្រងស្ថានការណ៍បានល្អ ពេលមានគ្រោះថ្នាក់ចៃដន្យដោយអគ្គីភ័យកើតឡើង។

៥. ខ្សែដូយអាគុយ

ពេលខ្លះមូលហេតុដែលរថយន្តមិនឆេះគឺបណ្ដាលមកពីអាគុយ។ ការមានខ្សែដូយអាគុយជាប់រថយន្ត ជារឿងចាំបាច់ព្រោះការដូយអាគុយ មិនសូវស្មុគស្មាញឡើយ អាចធ្វើបានដោយខ្លួនឯងបើសិនមានឧបករណ៍គ្រប់គ្រាន់។

៦. អាវភ្លៀង

ប្រសិនបើពេលរថយន្តរបស់អ្នកក្នុងពេលមេឃភ្លៀងនោះ អ្នកអាចគិតអំពីឆ័ត្រ។ ប៉ុន្តែ នៅពេលដែលអ្នកចាប់ផ្ដើមជួសជុល ឧទាហរណ៍ដូចជាប្ដូរកង់សាគួរជាដើមនោះ ឆ័ត្រអាចជាបញ្ហា ព្រោះត្រូវការដៃមួយកាន់ហើយវាធំ ទើសទែងទៀត។ យល់ល្អ មានអាវភ្លៀងដាក់តាមសាគួរមួយទៀត ជាការប្រសើរ។

៧. ខ្សែសណ្ដោង

នេះជាឧបករណ៍មួយដែលមានប្រយោជន៍បំផុត នៅពេលដែលយើងចង់ឲ្យគេសណ្ដោង ឬសណ្ដោងរថយន្តគេ។ ជាធម្មតា ខ្សែសណ្ដោង មិនមែនជាខ្សែរញ៉េរញ៉ៃ ពិបាកទុកដាក់នោះទេ។ ដូចនេះ មានវាតាមខ្លួនជារឿងល្អ មិនខាតទំហំច្រើន។

៨. ឧបករណ៍ប្រើពេលមានអាសន្ន

នៅពេលដែលរថយន្តរបស់អ្នកជួបគ្រោះថ្នាក់ ដូចជាធ្លាក់ចូលទឹកជាដើម ទាំងទ្វារ កញ្ចក់ និងខ្សែក្រវ៉ាត់សុវត្ថិភាពរបស់អ្នកអាចគាំង មិនអាចបើក មិនអាចទម្លាក់ចុះ និងចុចដោះបានឡើយ។ វិធីល្អ គឺយើងមានឧបករណ៍តូចមួយដែលអាចវាយបំបែកកញ្ចក់ ហើយកាត់ខ្សែក្រវ៉ាត់សុវត្ថិភាពចោល ដើម្បីរំដោះខ្លួនចេញពីទីនោះ។

៩. ប្រដាប់ដូយអាគុយ

ខ្សែសម្រាប់ដូយអាគុយវាមានប្រយោជន៍ សម្រាប់ពេលមានរថយន្តបើកកាត់ យើងអាចប្រើខ្សែនោះដូយអាគុយយើង ជាមួយនឹងអាគុយគេបាន។ ប៉ុន្តែ បើសិនជាអ្នកគ្មានសំណាងទេនោះ មានឧបករណ៍ម៉្យាងគឺប្រដាប់ដូយអាគុយ ដែលអាចប្រើជាមួយខ្សែដូយអាគុយហើយផ្ដល់កម្លាំងភ្លើង ដើម្បីឲ្យអាគុយយើងរស់មួយគ្រាសិនដែរ។

១០. ឧបករណ៍ GPS

នៅក្នុងតំបន់ដែលគ្មានសេវា ប្រព័ន្ធចាប់ទីតាំង GPS ក្នុងទូរស័ព្ទយើងអាចមិនដំំណើរការឡើយ។ ដូចនេះ ការមានឧបករណ៍ GPS សម្រាប់បង្ហាញទិសដៅនានា ជាការល្អ ដែលវាអាចជួយយើងឲ្យដឹងពីទិសដៅ និងទៅរកជំនួយបានទាន់ពេល។

១១. វិទ្យុ

ពេលដែលរថយន្តរលត់ ប្រព័ន្ធអគ្គិសនីក្នុងរថយន្តក៏អាចលែងដំណើរការដែរ។ ការមានកូនវិទ្យុមួយ នៅក្នុងរថយន្តអាចឲ្យអ្នកដឹងពីព័ត៌មាន ដូចជាបញ្ហាអាកាសធាតុជាដើម ដើម្បីឲ្យអ្នកបានត្រៀមខ្លួនរួចជាមុន។

១២. ភ្លើងឲ្យសញ្ញាដាក់លើដងផ្លូវ

ការប្រើប្រាស់សញ្ញាត្រីកោណ ជារឿងចាំបាច់ ប៉ុន្តែបើអាកាសធាតុអាប់អួរខ្លាំង ការដាក់ភ្លើងឲ្យសញ្ញាលើដងផ្លូវ ជាជំនួយការដ៏ល្អមួយ ព្រោះវាអាចដាក់បានលើផ្លូវ មិនចាំងភ្នែកអ្នកដំណើរឯទៀត ហើយក៏មិនងាយខូចដែរ ពេលរថយន្តបើកកិន៕

ប្រភព៖ DigitalTrends ប្រែសម្រួល៖ ផាត សុវត្ថិ

មតិយោបល់