• 2020-07-03 03:41:21
  • ព័ត៌មាន

Bentley Bentayga ឆ្នាំ២០២១ កាន់តែប្រណីត ហើយលេងស្តុបក្រោយថ្មីទៀត

  • 2020-07-03 03:41:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Bentley បានប្រកាសចេញរថយន្ត Bentayga ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ដោយបានអាប់ដេតឲ្យកាន់តែប្រណីត និងផ្លាស់ប្តូរការឌីហ្សាញថ្មីមួយចំនួនផងដែរ។

ថ្វីបើផ្នែកខាងមុខហាក់មិនមានការផ្លាស់ប្តូរ ប៉ុន្តែ Bentley Bentayga ថ្មីបានផ្លាស់ប្តូរចង្កៀងក្រោយ LED រាងពងក្រពើ ដែលមើលទៅស្រដៀងទៅនឹងម៉ូដែល Continental GT។ អ្វីដែលរឹតតែពិសេស គឺការបំពាក់ផ្លិតទឹកមានមុខងារកម្តៅ ដោយក្នុងមួយដើមមានរន្ធបញ្ចេញទឹកចំនួន២២។ ក្រឡេកមកមើលផ្នែកចំហៀងវិញ Bentayga ក៏បានបំពាក់យ៉ាន់ដែលមានការឌីហ្សាញថ្មីផងដែរ។

ក្រៅពីរូបរាងផ្នែកខាងក្រៅ កាប៊ីនខាងក្នុងរបស់វាក៏ទទួលបានការផ្លាស់ប្តូរច្រើនគួរសមដែរ ដោយក្នុងនោះរួមទាំង អេក្រង់កម្សាន្តទំហំ ១០,៩អ៊ីញថ្មី, ដៃចង្កូតថ្មី ដែលបានមកពីម៉ូដែល Continental GT និង Flying Spur ព្រមទាំងកៅអីថ្មីទាំងស្រុងទៀតផង។ មិនតែប៉ុណ្ណោះ កៅអីផ្នែកខាងក្រោយសម្រាប់អ្នកដំណើរ ក៏ទទួលបានការបំពាក់អេក្រង់ Touchscreen ធំជាងមុន ដែលស្រដៀងទៅនឹងម៉ូដែល Flying Spur ដែរ។

យ៉ាងណាមិញ រថយន្ត SUV ដ៏ប្រណីតនេះនៅតែបំពាក់ម៉ាស៊ីនដដែល គឺចំណុះ ៤,០លីត្រ twin-turbo V8 មានកម្លាំង ៥៤២សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ AWD មកស្តង់ដារ។ Bentley នឹងបន្ថែមប្រភេទប្រើម៉ាស៊ីន Plug-in Hybrid និង ម៉ាស៊ីនចំណុះ ៦,០លីត្រ W12 នៅពេលក្រោយផងដែរ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់