- 2020-06-30 05:27:21
- ព័ត៌មាន
ជាលើកទី១ រកឃើញជើងខ្លាំងហ្គេមនៅកម្ពុជា ពីការប្រកួត Smart PUBG Mobile Tournament
- 2020-06-30 05:27:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាលើកទី១ រកឃើញជើងខ្លាំងហ្គេមនៅកម្ពុជា ពីការប្រកួត Smart PUBG Mobile Tournament
ចន្លោះមិនឃើញ
ក្រោយពីការប្រកួតប្រជែងយ៉ាងសកម្មអស់រយៈពេលមួយខែ Angkor PUBG បានទទួលជោគជ័យក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអេឡិចត្រូនិចធំបំផុតនៅកម្ពុជា ដែលមានឈ្មោះថា Smart PUBG Mobile Tournament ដែលរៀបចំឡើងដោយប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា Smart Axiata ដោយទទួលបានការគាំទ្រពីសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា។
ក្រុមជយលាភីដែលមានសមាជិកចំនួន ៥នាក់ បានទទួលរង្វាន់ជាសាច់ប្រាក់ចំនួន ៦០,០០០,០០០ រៀល និងទូរស័ព្ទស្មាតហ្វូន Realme 6 ផងដែរ។
ការប្រកួតនេះបានចាប់ផ្ដើមឡើងដោយមានក្រុមចំនួនជាង ៣០០ ក្រុមបានចុះឈ្មោះ ហើយមានក្រុមចំនួន ៤០ ក្រុមត្រូវបានជ្រើសរើស ដើម្បីឲ្យចូលរួមប្រកួតប្រជែងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពី ថ្ងៃទី ២៧ ខែមិថុនា ។ បន្ទាប់មកមានក្រុមចំនួន ២០ ក្រុមតែប៉ុណ្ណោះត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ្តកាលពី ថ្ងៃទី ២៨ ខែមិថុនា ដែលក្នុងនោះមានក្រុមកំពូលចំនួន ១០ ក្រុមដែលទទួលបានរង្វាន់ជាសាច់ប្រាក់ចំនួន ១២០,០០០,០០០ រៀល និងទូរស័ព្ទស្មាតហ្វូន Realme 6 ។
ស៊ីម ឡៃស្រ៊ុន សមាជិកក្រុមជ័យលាភី Angkor PUBG បានឲ្យដឹងថា លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុម Smart Axiata ដែលបានបង្កើតកម្មវិធីកំសាន្តប្រកបដោយភាពច្នៃប្រឌិតសម្រាប់អ្នកលេងកីឡាអេឡិចត្រូនិចនៅកម្ពុជា។
«ការប្រកួតប្រជែងនេះបានផ្ដល់បទពិសោធន៍ដ៏រំភើបមួយសម្រាប់ខ្ញុំ និងក្រុមរបស់ខ្ញុំ។ ជាធម្មតា យើងលេងជាការកម្សាន្ត ប៉ុន្ដែក្នុងនាមជាតំណាងឲ្យក្រុមមួយ ដើម្បីចូលរួមប្រកួតប្រជែងជាមួយក្រុមដ៏ទៃ ដោយផ្សាយផ្ទាល់លើ Facebook គឺមានការរំភើបខ្លាំង។ ក្រុមរបស់ខ្ញុំ បានបង្ហាញពីកិច្ចសហការ និងស្មារតីក្រុម ក្នុងយុទ្ធសាស្ត្រនៃការប្រយុទ្ធ និងការការពារ ដែលនាំឱ្យយើងក្លាយជាជើងឯក ហើយយើងក៏រីករាយដែលបានចូលរួមក្នុងការប្រកួតនេះផងដែរ»។
ដោយមានការគាំទ្រពីក្រុមហ៊ុន Tencent Games ដែលជាក្រុមហ៊ុនអ៉ីនធឺណែត និងបច្ចេកវិទ្យាធំជាងគេបង្អស់មួយក្នុងលោក និងក្រុមហ៊ុន Realme ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនឈានមុខគេបង្អស់មួយក្នុងលោក ព្រឹត្តិការណ៍ការប្រកួតកីឡាអេឡិចត្រូនិច Smart PUBG Mobile Tournament នេះ បង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសសម្រាប់អ្នកលេងកីឡាអេឡិចត្រូនិចនៅកម្ពុជា ដើម្បីឈ្នះរង្វាន់ដ៏អស្ចារ្យ និងផ្តល់ឱកាសឲ្យពួកគេលេងកីឡាអេឡិចត្រូនិចជាសហគមន៍រួមគ្នា។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata បានឲ្យដឹងថា៖ «ខ្ញុំសូមអបអរសាទរដល់ ក្រុម Angkor PUBG ដែលបានឈ្នះការប្រកួតកីឡាអេឡិចត្រូនិច Smart PUBG Mobile Tournament ដំបូងគេ បង្អស់។ ក្រុមការងារនៅក្រុមហ៊ុន Smart ទាំងអស់នឹងបន្តនាំយករបៀបរស់នៅចំរុះបែបឌីជីថលបន្ថែមទៀត សម្រាប់អតិថិជនរបស់យើង រួមមាន ការនាំយកគំនិងផ្ដួចផ្ដើមថ្មីៗផ្សេងទៀតក្នុងវិស័យកីឡាអេឡិចត្រូនិច។ យើងពិតជារំភើបដែល យុវជនកម្ពុជា ជាច្រើនបានបង្កើតជាក្រុម ហើយបានចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតនេះ ហើយយើងក៏សង្ឃឹមថានឹងមានការចូលរួមកាន់តែច្រើននៅក្នុងព្រឹត្តិការណ៍របស់យើងនាពេលអនាគតផងដែរ» ។
សម្រាប់ព័ត៌មានបន្ថែមថ្មីៗអំពី ក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/SmartAxiata ឬ ចូលទៅកាន់គេហទំព័រ www.smart.com.kh៕