• 2020-06-29 02:05:53
  • ព័ត៌មាន

មេ Facebook អស់ទ្រព្យប៉ុន្មានពាន់លានដុល្លារ ក្រោយក្រុមហ៊ុនធំៗឈប់ដាក់ Ads?

  • 2020-06-29 02:05:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុទ្ធនាការ​មួយ​ត្រូវ​បាន​គេ​បង្កើត​ឡើង​ឈ្មោះ​ថា​ #StopHateForProfit ដែល​ទទូច​ឲ្យ​ក្រុមហ៊ុន​​នានា​ធ្វើ​ពហិការ​ចំពោះ​ Facebook តាម​រយៈ​ការ​ឈប់​ប្រើ​សេវា​ផ្សាយ​ពាណិជ្ជកម្ម​​របស់​បណ្ដាញ​សង្គម​នេះ​នៅ​ខែ​កក្កដា។ យុទ្ធនាការ​នេះ​បង្កើត​ឡើង​ដោយ​​អង្គការ Color of Change, ADL និង NAACP ដែល​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី ១៧ ខែ​មិថុនា ជា​មួយ​គោល​បំណង​សុំ​ឲ្យ​ Facebook ជួយ​ទប់​ស្កាត់​ការ​ចែក​ចាយ​មាតិកា​ពោរពេញ​ដោយ​ការ​ស្អប់ ហិង្សា ​និង​ការ​រើស​អើង​ពូជ​សាសន៍។

នៅ​ថ្ងៃ​ទី ២៥ ខែ​មិថុនា Verizon ដែល​​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​បំផុត​មួយ​ក្នុង​លោក​បាន​ប្រកាស​ចូល​រួម​យុទ្ធនាការ​នេះ ដែល​ពួក​គេ​បាន​អះអាង​ថា​​​នឹង​បញ្ឈប់​ការ​ទិញ​ផ្ទាំង​​ផ្សព្វផ្សាយ​លើ Facebook ​រហូត​ដល់​ពេល​ដែល​ Facebook រក​ឃើញ​ដំណោះ​ស្រាយ​ដែល​អាច​ទទួល​យក​បាន​មួយ។ គួរ​ដឹង​ថា​មក​ទល់​ពេល​នេះ​មាន​ក្រុមហ៊ុន​ជិត ១០០​ហើយ ដែល​ចូល​រួម​យុទ្ធនាការ​នេះ ដែល​រួម​មាន​ Ben & Jerry's, The North Face, REI, Patagonia និង Eddie Bauer ជា​ដើម។

តាម​រយៈ​ការ​ឈប់​ផ្សាយ​ពាណិជ្ជកម្ម​លើ Facebook នេះ ច្បាស់​ណាស់​ថា​នឹង​ប៉ះពាល់​ដល់​ចំណូល​របស់ Facebook ដោយ​សារ​តែ​វា​ជា​ប្រភព​ចំណូល​ធំ​មួយ​របស់​ក្រុមហ៊ុន។ នា​ពេល​នេះ​វា​ចាប់​ផ្ដើម​ប៉ះពាល់​ដល់​តម្លៃ​ហ៊ុន​របស់ Facebook ដោយ​គិត​ត្រឹម​សុក្រ​​កន្លង​ទៅ​ តម្លៃ​ហ៊ុន​របស់ Facebook មាន​ការ​ធ្លាក់​ចុះ ៨,៣% ធ្វើ​ឲ្យ​តម្លៃ​លើ​ទីផ្សារ​របស់​ក្រុមហ៊ុន​មាន​ការ​បាត់​បង់​ដល់ ៥៦​ពាន់​លាន​ដុល្លារ។ ចំណែក​លោក Mark Zuckerberg ​ឯណោះ​វិញ ​​បាន​បាត់​បង់​ទ្រព្យ​សម្បត្តិ​ ៧ពាន់​លាន​ដុល្លារ ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​សរុប​ធ្លាក់​មក​នៅ ៨២,៣ពាន់​លាន​ដុល្លារ។

តាម​ការ​ប៉ាន់​ស្មាន​របស់​ក្រុមហ៊ុន​វិភាគ Pathmatics បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន Verizon បាន​ចំណាយ​ទឹក​ប្រាក់ ១,៤៦​លាន​ដុល្លារ ​សម្រាប់​​ការ​ផ្សព្វផ្សាយ​លើ Facebook ចាប់​ពី​ថ្ងៃ​ទី ២២ ខែ​ឧសភា ដល់​ថ្ងៃ​ទី ២០ ខែ​មិថុនា។ ក្នុង​​ចន្លោះ​ពេល​ដូច​គ្នា​នេះ ក្រុមហ៊ុន​ក៏​បាន​ចំណាយ​ជិត ៤០៧ ០០០​ដុល្លារ សម្រាប់​ផ្សព្វផ្សាយ​លើ Instagram ផង​ដែរ៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់