• 2020-06-26 01:55:53
  • ព័ត៌មាន

Facebook នឹងអាចឲ្យដឹងថា ព័ត៌មានដែលអ្នកចង់ចែកចាយ ជាព័ត៌មានចាស់ឬថ្មី ក្នុងពេលឆាប់ៗ!

  • 2020-06-26 01:55:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការបង្ហោះឬចែកចាយ ព័ត៌មានក្លែងក្លាយគឺជាបញ្ហាដ៏ធំមួយ ដែលប្រទេសជាច្រើនកំពុងប្រឈម ដូចជាការផ្សព្វផ្សាយដែលថាជំងឺកូវីដ-១៩ កើតឡើងដោយសារប្រព័ន្ធ 5G នោះបានបង្កឱ្យមានភាពចលាចលដល់សង្គម ដែលនាំឱ្យមានការវាយកម្ទេចអង់តែនជាច្រើនកន្លែងនៅអឺរ៉ុប។

យ៉ាងណាម៉ិញ ការផ្សព្វផ្សាយព័ត៌មានចាស់ៗ ក៏អាចនាំឱ្យមានភាពច្របូកច្របល់ដល់សង្គមផងដែរ ព្រោះខ្លឹមសារដែលមាននៅក្នុងអត្ថបទចាស់ៗទាំងនោះ វាអាចមិនពិតសម្រាប់ស្ថានភាពបច្ចុប្បន្ន។

ដោយឃើញពីគុណវិបត្តិនេះហើយ បានជាក្រុមហ៊ុនហ្វេសប៊ុកទើបនឹងចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់មុខងារគ្រឿងរំឭកមួយ ដើម្បីឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានដឹងថា ព័ត៌មានដែលពួកគេចង់ចែកចាយនោះ គឺជាព័ត៌មានចាស់។

មុខងារនេះនឹងបង្ហាញជាសារដល់អ្នកប្រើប្រាស់ ប្រសិនបើព័ត៌មាននោះចាស់ជាង៣ខែ ទោះយ៉ាងនេះក្តីលោកអ្នកត្រូវតែមានការប្រុងប្រយ័ត្នផងដែរ ព្រោះមុខងារនេះគ្រាន់តែអាចប្រាប់លោកអ្នកនូវរយៈពេល៣ខែ ពីថ្ងៃដែលព័ត៌មានត្រូវបានចែកចាយ គឺវាមិនមែនជារយៈពេលដែលព័ត៌មាននោះ ត្រូវបានផ្សព្វផ្សាយកាលពីដំបូងទេ។

ដោយឡែកក្រុមហ៊ុនបណ្តាញសង្គម Twitter ក៏មិនខុសពីហ្វេសប៊ុកដែរ គឺបានខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយ ការចែកចាយព័ត៌មានក្លែងក្លាយផងដែរ ដូចជាកាលពីពេលថ្មីៗនេះក្រុមហ៊ុនបានធ្វើការសាកល្បង ជាមួយមុខងារថ្មីមួយដែលបញ្ជាក់ អ្នកប្រើប្រាស់ឱ្យអានអត្ថបទមុននឹងពួកគេចែកចាយបន្ត៕

ប្រភព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទ៖ សេង ឡុង

មតិយោបល់