• 2020-06-19 08:00:44
  • ព័ត៌មាន

ម្សិលមិញនេះ Alibaba លក់ទំនិញបានជាង ៩៨ពាន់លានដុល្លារ

  • 2020-06-19 08:00:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ទី ១៨ មិថុនា​ម្សិលមិញ​នេះ គឺ​ជា​ទិវា​​លក់​ទំនិញ​ប្រចាំ​ឆ្នាំ​​​ដ៏​ធំ​មួយ​នៅ​ប្រទេស​ចិន ដែល​​គេ​បាន​​ហៅ​ថា​ទិវា "618”។ ក្នុង​រយៈពេល ២៤ម៉ោង ហាង​លក់​ទំនិញ​អនឡាញ​ធំ​ទាំង​ពីរ​របស់​ចិន​ មាន​ Alibaba និង JD.com អាច​លក់​ទំនិញ​បាន​រហូត​ដល់​ប្រមាណ ១៣៦,៥១ ពាន់​លាន​ដុល្លារ តាម​រយៈ​ប្រព័ន្ធ​របស់​ខ្លួន។

​JD.com បាន​និយាយ​ថា​លើ​ប្រព័ន្ធ​របស់​ខ្លួន​មាន​ការ​ទូទាត់​សាច់​ប្រាក់​សរុប ២៦៩,២ពាន់​លាន​យ័ន ដែល​ស្មើ​​ប្រមាណ ៣៧,៩៩ ពាន់​លាន​ដុល្លារ។ តួលេខ​នេះ​គឺ​​ជា​ការ​បូក​សរុប​នៃ​ការ​កុម្ម៉ង់​លើ​ផលិតផល និង​សេវាកម្ម​ទាំង​អស់ ដែល​មាន​លើ​ប្រព័ន្ធ​អនឡាញ​របស់​ក្រុមហ៊ុន​ គិត​ទាំង​ទំនិញ​ដែល​បាន​លក់ បាន​ដឹក​ឲ្យ​អតិថិជន ឬ​ដឹក​ជញ្ជូន​ត្រឡប់​មក​វិញ។

ចំណែក​ឯ Alibaba វិញ​បាន​ឲ្យ​ដឹង​ថា​ចំនួន​លក់​នៅ​​លើ​ប្រព័ន្ធ​អនឡាញ​យក្ស​របស់​ខ្លួន គឺ​មាន​រហូត​ដល់ ៦៩៨,២ ពាន់​លាន​យ័ន ដែល​ស្មើ​ប្រមាណ ៩៨,៥២ ពាន់​លាន​ដុល្លារ។

នៅ​ប្រទេស​ចិន ជា​រៀង​រាល់​ឆ្នាំ​មាន​ទិវា​លក់​ទំនិញ​ធំ​ចំនួន​ពីរ ដែល​ទី​មួយ​គឺ​ទិវា 618 ចាប់​ផ្ដើម​ឡើង​ដោយ​ក្រុមហ៊ុន JD.com។ ទី​ពីរ​គឺ​ទិវា Single's Days ធ្វើ​ឡើង​នា​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា ដែល​បង្កើត​ឡើង​ដោយ Alibaba។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ទាំង​ពីរ​បាន​ចាប់​ដៃ​គ្នា​​លើ​ការ​ផ្សព្វផ្សាយ ស្រប​ពេល​ដែល​មាន​ការ​ប្រកួតប្រជែង​ច្រើន​ពី​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ក្នុង​ស្រុក៕​​

ប្រភព៖ CNBC ប្រែ​សម្រួល៖ សុខហេង

មតិយោបល់