• 2020-06-11 02:20:14
  • ព័ត៌មាន

Facebook ជួលអ្នកជំនាញ ឲ្យជួយ Hack គណនីបុរសម្នាក់ស្ងាត់ៗ ដើម្បីជួយ FBI

  • 2020-06-11 02:20:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Facebook បាន​ជួយ​ដល់​​ភ្នាក់ងារ FBI ដើម្បី Hack ចូល​គណនី​របស់​បុរស​ម្នាក់​ដែល​បាន​ប្រើ​ប្រាស់​បណ្ដាញ Facebook ដើម្បី​ជម្រិត​ទារ​ប្រាក់ ធ្វើ​ការ​គំរាម​កំហែង និង​បៀតបៀន​ក្មេង​ស្រី​មិន​ទាន់​គ្រប់​អាយុ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Vice ហើយ​ក៏​មាន​ការ​បញ្ជាក់​ពី Facebook ផង​ដែរ។

ក្រុមហ៊ុន​បាន​ចំណាយ​លុយ​ទៅ​លើ​អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​លើ​អ៊ីនធឺណិត ដើម្បី​បង្កើត​នូវ​​ Software ​​ឈ្មោះ​ថា "zero-day” សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Tails ក្រោយ​មក​បាន​ចែក​រំលែក​វា​ទៅ​ឲ្យ​ភ្នាក់ងារ FBI ដើម្បី​ចាត់​ការ​បន្ត។ ​

​ជនល្មើស​មាន​ឈ្មោះ​ថា ​​Buster Hernandez ដែល​​រូប​គេ​បាន​​សារភាព​កំហុស​ចំពោះ​បទ​ល្មើស​ចំនួន ៤១ ​ក្នុង​នោះ​រួម​មាន​ការ​ផលិត​​រូបភាព​អាសអាភាស​របស់​កុមារ, ការ​បង្ខិតបង្ខំ. គំរាម​សម្លាប់, ចាប់​ជំរិត និង​បង្ក​របួស​ស្នាម​ជា​ដើម។ រូប​គេ​បាន​ប្រើ​ប្រាស់​​អ៊ីនធឺណិត​ជា​ Private ដើម្បី​លាក់​បាំង​អត្តសញ្ញា និង​បាន​ប្រើ​ប្រាស់​កម្មវិធី​ផ្ញើ​សារ, អ៊ីមែល និង Facebook ដើម្បី​​ជម្រិត​ទារ​ប្រាក់​សម្រាប់​រូបភាព និង​វីដេអូ​អាក្រាត ហើយ​បាន​គម្រាម​កំហែង​ពួក​គេ​ជា​មួយ​ការ​ចាប់​រំលោភ និង​អំពើ​ហិង្សា​ផង​ដែរ។

Hernandes បាន​បង្ក​​បញ្ហា​ជា​ច្រើន​លើ​បណ្ដាញ​ Facebook ហើយ​រូប​គេ​ថែម​ទាំង​មាន​បច្ចេកទេស​ខ្លាំង​ក្នុង​ការ​លាក់បាំង​អត្តសញ្ញាណ រហូត​ធ្វើ​ឲ្យ Facebook លែង​មាន​ជម្រើស ​ត្រូវ​តែ​សហការ​ជា​មួយ​អ្នក​អនុវត្តន៍​ច្បាប់​ដើម្បី​ចាត់​ការ​បុគ្គល​នេះ។

គួរ​ដឹង​ថា Hernandez បាន​ប្រើ​ប្រាស់​​ប្រព័ន្ធ​ប្រតិបត្តិការ Tails ដែល​ជា​​ប្រព័ន្ធ​ប្រតិបត្តិការ​ជួយ​លាក់​បាំង​​អត្តសញ្ញាណ​អ្នក​ប្រើ​ប្រាស់ ​ហើយ​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​ក៏​ត្រូវ​​បាន​ប្រើ​ប្រាស់​ដោយ​ឧក្រិដ្ឋជន រួម​ទាំង​សកម្មជន និង​អ្នក​សារព័ត៌មាន​​ផង​ដែរ។ Facebook និង FBI បាន​ចំណាយ​ពេល​ជា​យូរ​ដើម្បី​ចាប់​ទីតាំង​របស់ Hernandez ប៉ុន្តែ​មិន​បាន​ផល​សោះ​ឡើយ។

ចុង​ក្រោយ Facebook បាន​ទៅ​រក​ក្រុមហ៊ុន​ជំនាញ​ខាង​សុវត្ថិភាព​អ៊ីនធឺណិត​ឲ្យ​ជួយ ដោយ​បាន​ចំណាយ​ទឹក​ប្រាក់​យ៉ាង​ហោច​ណាស់ ១០​ម៉ឺន​ដុល្លារ ដើម្បី​ឲ្យ​គេ​ធ្វើ​ការ​ជា​មួយ​វិស្វករ​របស់​ខ្លួន​បង្កើត​នូវ​​​ Software ឈ្មោះ​ "zero-day” ក្រោយ​មក​ចែក​រំលែក​វា​ទៅ​ឲ្យ​ FBI ដែល​អាច​ឲ្យ​គេ​​នាំ​ខ្លួន​ Hernandez មក​កាត់​ទោស​បាន៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់