• 2020-06-10 02:56:08
  • ព័ត៌មាន

ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយ ផ្អាកដំណើរការស្ទើរពេញពិភពលោក ក្រោយត្រូវ Hacker វាយប្រហារ

  • 2020-06-10 02:56:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុនហុងដា ត្រូវបានផ្អាកដំណើរការស្ទើរតែពេញមួយពិភពលោកទៅហើយ តែនេះមិនមែនដោយសារការការរាតត្បាតនៃជំងឺ កូវីដ-១៩ នោះទេ វាគឺជាការវាយប្រហារពីក្រុមជនអនាមិក (Hackers) ទៅវិញទេ។

ប្រព័ន្ធបណ្ដាញ (Network System) របស់ក្រុមហ៊ុនហុងដា ត្រូវបានវាយប្រហារ ដែលធ្វើឱ្យក្រុមហ៊ុនមិនអាចចូលប្រើកុំព្យូទ័រសឺវ័រ អ៊ីម៉ែល និងប្រព័ន្ធផ្សេងៗទៀតបាន។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន BBC។ រោងចក្រដែលត្រូវបានបិទទាំងនោះមាននៅបណ្តាប្រទេសដូចជា ចក្រភពអង់គ្លេស ទួកគី អ៊ីតាលី ជប៉ុន និងតំបន់អាមេរិកខាងជើង។

បើយោងតាមក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាព បានឱ្យដឹងថា នេះអាចជាការវាយប្រហារប្រភេទ Snake Ransomware ដែលក្រុមអ្នកវាយប្រហារបានបំប្លែង (encrypt) ទិន្នន័យរបស់ក្រុមហ៊ុន ឬបិទមិនឱ្យក្រុមហ៊ុនអាចចូលប្រើប្រព័ន្ធកុំព្យូទ័របាន ប៉ុន្តែក្រុមហ៊ុនហុងដាបានអះអាងថា ទិន្នន័យទាំងអស់ពុំមានការប៉ះពាល់នៅឡើយទេ រហូតមកដល់ពេលនេះ។

បច្ចុប្បន្នគេពុំបានដឹងទេថា តើក្រុមអ្នកវាយប្រហារចូលទៅក្នុងប្រព័ន្ធ Network តាមរបៀបណានោះទេ ប៉ុន្តែវាប្រហែលអាចចូលតាមការទាញយកឯកសារផ្សេងៗ ដែលមានភ្ជាប់មកជាមួយមេរោគទាំងនោះ។

នេះជាការក្រើនរំឭកមួយ ដែលទាំងក្រុមហ៊ុន ក៏ដូចជាអ្នកប្រើប្រាស់ ត្រូវតែមានការប្រុងប្រយ័ត្ន ជាមួយប្រព័ន្ធសុវត្ថិភាព ដើម្បីជៀសវាងពីការវាយប្រហារនានា ជាពិសេសសម្រាប់ក្រុមហ៊ុនផលិតរថយន្តនេះតែម្ដង ព្រោះថាបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ គឺមានយ៉ាងច្រើនដែលត្រូវបានប្រើប្រាស់ នៅក្នុងប្រព័ន្ធដំណើរការរបស់រថយន្ត ដូចជា ប្រព័ន្ធហ្វ្រាំង ប្រព័ន្ធគ្រប់គ្រងល្បឿន ហើយនៅថ្ងៃអនាគតក៏នឹងមានប្រព័ន្ធ ដែលអាចឱ្យរថយន្តបើកបានដោយខ្លួនឯងផងដែរ៕

ប្រភព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទ៖ សេង ឡុង

មតិយោបល់