• 2020-06-01 03:45:00
  • ព័ត៌មាន

អាមេរិកប្រហែលជាលែងពឹងរុស្ស៊ីនាំមនុស្សទៅអវកាស ក្រោយសម្រេចជោគជ័យធំ

  • 2020-06-01 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើក​ចុង​ក្រោយ​​បង្អស់​ដែល​សហរដ្ឋអាមេរិក​បញ្ជូន​មនុស្ស​​ពី​ទឹក​ដី​អាមេរិក​ទៅ​កាន់​ស្ថានីយ​អវកាស​គឺ​នៅ​ក្នុង​ឆ្នាំ ២០១១។ ចាប់​តាំង​ពី​ពេល​នោះ​មក​​អង្គការ NASA បាន​ពឹង​ផ្អែក​លើ​រ៉ុកកែត​រុស្ស៊ី​ឈ្មោះ​ Soyuz ដើម្បី​ដឹក​ជញ្ជូន​អវកាស​យានិក​របស់​ខ្លួន​ទៅ​កាន់​ស្ថានីយ​អវកាស និង​ត្រឡប់​មក​ផែន​ដី​វិញ។

គ្រប់​យ៉ាង​អាច​នឹង​មាន​ការ​ផ្លាស់​ប្ដូរ ដោយ​សារ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ ​យានអវកាស​ Crew Dragon របស់​ក្រុមហ៊ុន​​អាមេរិក SpaceX ដែល​ផលិត​ឡើង​ដោយ​ប្រើ​ប្រាស់​ប្រាក់​ឧបត្ថម្ភ​របស់​អង្គការ​ NASA បាន​បញ្ជូន​អវកាសយានិក​ពីរ​រូប​គឺ Bob Behnken និង Doug Hurley ទៅ​កាន់​ស្ថានីយ​អវកាស​ដោយ​ជោគជ័យ​​ ​ក្នុង​បេសកកម្ម​មួយ​ឈ្មោះ​ថា​ Demo-2។

ជោគជ័យ​នេះ​ ​មាន​ន័យ​ថា​​សហរដ្ឋអាមេរិក​មាន​សមត្ថភាព​ឡើង​វិញ​ក្នុង​ការ​បញ្ជូន​មនុស្ស​ទៅ​កាន់​ទី​អវកាស។ វា​ក៏​​ជា​ការ​កត់​ចំណាំ​សម្រាប់​ SpaceX ដែល​នេះ​ជា​បេសកកម្ម​​បញ្ជូន​មនុស្ស​ទៅ​អវកាស​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ ១៨​ឆ្នាំ​ របស់​ក្រុមហ៊ុន។

​​​​​​​រុស្ស៊ី​បាន​ប្រើ​ប្រាស់​សមត្ថភាព​នៃ​ការ​បញ្ជូន​មនុស្ស​ទៅ​ទី​អវកាស​ ដើម្បី​គិត​ថ្លៃ​កាន់​តែ​ខ្ពស់​ទៅៗ​សម្រាប់​​ការ​បញ្ជូន​អវកាសយានិក​របស់​អង្គការ NASA មួយ​ជើងៗ។ តម្លៃ​បាន​កើន​ឡើង​ពី​ប្រមាណ​ ២១​លាន​ដុល្លារ នៅ​ឆ្នាំ ២០០៨ រហូត​ដល់​​ជាង​ ៩០​លាន​ដុល្លារ សម្រាប់​មនុស្ស​ម្នាក់ សម្រាប់​ការ​ហោះហើរ​ដែល​គ្រោង​ធ្វើ​ឡើង​នា​ខែ​តុលា​ខាង​មុខ​នេះ។

ដោយ​ឡែក​ចំពោះ​​​តម្លៃ​នៃ​ការ​បញ្ជូន​មនុស្ស​ម្នាក់​នៅ​លើ​យាន​អវកាស​ Crew Dragon របស់ SpaceX គឺ​ប៉ាន់​ស្មាន​ថា​ចំណាយ​ប្រមាណ ៥៥​លាន​ដុល្លារ។ ​ ពេល​ដែល​អង្គការ NASA អាច​បញ្ជូន​អវកាសយានិក​ដោយ​ចំណាយ​តិច​ជាង​មុន គេ​នឹង​អាច​ប្រើ​ប្រាស់​​បរិយាកាស​ដែល​មាន​ដែន​ទំនាញ​តិច​តួច​ក្នុង​ស្ថានីយ​អវកាស​ ដើម្បី​ធ្វើ​ការ​ពិសោធន៍​វិទ្យាសាស្ត្រ​បាន​កាន់​តែ​ច្រើន។

គួរ​ដឹង​ថា​អវកាសយានិក​ទាំង​ពីរ​ដែល​បាន​ទៅ​ដល់​ស្ថានីយអវកាស រំពឹង​ថា​ត្រូវ​ចំណាយ​ពេល​ច្រើន​សប្ដាហ៍​លើ​ស្ថានីយ ​មុន​វិល​ត្រឡប់​មក​ផែនដី​វិញ ​ដោយ​រំពឹង​ថា​មាន​រយៈពេល ៣ ខែ​ឯណោះ៕​​​​

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់