• 2020-06-01 02:26:41
  • ព័ត៌មាន

ហ្វេសប៊ុក នឹងចាប់ផ្ដើមរឹតបន្តឹង ការផ្ទៀងផ្ទាត់អត្តសញ្ញាណកាន់តែខ្លាំងនៅសហរដ្ឋអាមេរិក

  • 2020-06-01 02:26:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្តិចទៀត ប្រសិនបើការបង្ហោះរបស់លោកអ្នកទទួលបានប្រជាប្រិយភាពខ្លាំងនោះ លោកអ្នកគួរតែត្រៀមបង្ហាញអត្តសញ្ញាណប័ណ្ណឱ្យហើយទៅ។ នាពេលបច្ចុប្បន្ននេះមានមនុស្សច្រើនរាប់លាននាក់បាននិងកំពុងប្រើប្រាស់កម្មវិធីបណ្តាញសង្គមជាច្រើន ស្របពេលជាមួយគ្នានេះដែរ មានអ្នកខ្លះក៏បានប្រើប្រាស់ព័ត៌មានពិតប្រាកដរបស់ខ្លួនក្នុងការបង្កើតនិងប្រើប្រាស់កម្មវិធីទាំងអស់នោះ ដូចជា ឈ្មោះ រូបថត អាសយដ្ឋាន ជាដើម។ ប៉ុន្តែក៏មានមនុស្សជាច្រើនដែលកំពុងតែប្រើប្រាស់ព័ត៌មានមិនពិតរបស់ខ្លួនផងដែរ។

ដើម្បីកាត់បន្ថយការប្រើប្រាស់ព័ត៌មានមិនពិតនេះ ក្រុមហ៊ុនហ្វេសប៊ុកបានធ្វើការផ្ទៀងផ្ទាត់អត្ត សញ្ញាណនេះតាំងពីឆ្នាំ២០១៨ មកម្លេះ សម្រាប់អ្នកគ្រប់គ្រងផេក ហើយឥឡូវនេះបាននិងកំពុងពង្រីកការផ្ទៀងផ្ទាត់អ្នកប្រើប្រាស់មួយចំនួនទៀត ដែលមានអ្នកតាមដានច្រើននៅសហរដ្ឋអាមេរិកផងដែរ។ ក្រុមហ៊ុនក៏បានផ្សព្វផ្សាយថា តទៅមុខទៀតនឹងមានការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ បុគ្គលដែលធ្លាប់មានអាកប្បកិរិយាឆបោកនៅលើបណ្តាញសង្គមហ្វេសប៊ុក និងការបង្ហោះរបស់ពួកគេត្រូវបានរីករាលដាលយ៉ាងឆាប់រហ័សទៀតផងនោះ ព្រោះក្រុមហ៊ុនចង់ឱ្យអ្នកប្រើប្រាស់មានជំនឿទុកចិត្តថា បុគ្គលដែលគេបានឃើញនៅលើហ្វេសប៊ុកពិតជាមានបំណងផ្សព្វផ្សាយត្រឹមត្រូវប្រាកដមែន។

ប្រសិនបើនរណាម្នាក់ជ្រើសរើសមិនបញ្ជាក់អត្តសញ្ញាណរបស់ពួកគេឬអត្តសញ្ញាណប័ណ្ណមិនត្រូវគ្នានឹងគណនីហ្វេសប៊ុកដែលបានភ្ជាប់មកជាមួយនោះ ការបង្ហោះចែកចាយរបស់ពួកគេនឹងត្រូវបានកំណត់ ដូច្នេះមានតែចំនួនមនុស្សតិចតួចប៉ុណ្ណោះនឹងបានឃើញ ប៉ុន្តែប្រសិនបើវាជាផេកវិញនោះ អ្នកគ្រប់គ្រងនឹងពុំអាចផ្សព្វផ្សាយបានទៀតឡើយ។

ដំណើរការនៃការផ្ទៀងផ្ទាត់នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រុមហ៊ុនហ្វេសប៊ុក ដើម្បីបង្កើតគណនេយ្យភាពកាន់តែច្រើននៅលើហ្វេសប៊ុក និងកែលម្អបទពិសោធន៍ក្នុងការប្រើប្រាស់របស់មនុស្សនៅលើកម្មវិធីរបស់ហ្វេសប៊ុក។ សូមបញ្ជាក់ផងដែរថា ការផ្ទៀងផ្ទាត់អត្តសញ្ញាណនេះត្រូវបានអនុវត្តនៅសហ​រដ្ឋ​អា​មេរិកមុនគេសិន ហើយអាចនឹងបន្តធ្វើនៅតាមបណ្តារប្រទេសផ្សេងៗទៀតក្នុងពេលអនាគត៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

មតិយោបល់