• 2020-05-29 07:43:04
  • ព័ត៌មាន

ដូណាល់ ត្រាំ អាចនឹងដកចោលនូវខែលការពាររបស់ក្រុមហ៊ុនបច្ចេកវិទ្យា

  • 2020-05-29 07:43:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​មួយ​ដែល​អាច​ឲ្យ​រដ្ឋាភិបាល​ទទួល​បាន​នូវ​អំណាច​ថ្មី​ដ៏​ធំ​ជុំវិញ​អ៊ីនធឺណិត។ តាម​ការ​ចុះ​ផ្សាយ​របស់ The Washington Post បាន​ឲ្យ​ដឹង​ថា​ លោក​ត្រាំ នឹង​ចេញ​បទ​បញ្ជា​ឲ្យ​​មាន​ការ​កែ​សម្រួល​ ឬ​ដក​ចេញ​​​នូវ​​អភ័យឯកសិទ្ធិ​ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​​ទទួល​បាន​ ក្រោម​មាត្រា​ ២៣០ នៃ​ច្បាប់​​ប្រាស្រ័យ​ទាក់ទង។

​​​​មាត្រា​ ២៣០ ដែល​ពេល​ខ្លះ​គេ​​ចាត់​ទុក​​វា​ថា​ជា​ច្បាប់​សំខាន់​ជាង​គេ​លើ​អ៊ីនធឺណិត គឺ​អាច​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​រួច​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​​ច្បាប់​សម្រាប់​មាតិកា​ដែល​អ្នក​ប្រើ​ប្រាស់​របស់​ពួក​គេ​បាន​បង្ហោះ។

លោក ដូណាល់ ត្រាំ ចាត់​ទុក​ថា​​ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ការពារ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​​ពលរដ្ឋ​អាមេរិក។ គួរ​ដឹង​ថា​លោក ត្រាំ បាន​ប្រកាស​អំពី​គម្រោង​ការ​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ថ្មី​នេះ ក្រោយ​ពី​បណ្ដាញ Twitter បាន​​​​ដាក់​សម្គាល់​​លើ​សារ​ចំនួន​ពីរ​ដែល​លោក​ត្រាំ​ បាន​បង្ហោះ​កាល​ពី​ដើម​សប្ដាហ៍ ថា​ជា​ព័ត៌មាន​មិន​ពិត​។ Twitter និយាយ​ថា​ការ​បង្ហោះ​ទាំង​ពីរ​គឺ​មាន​ការ​អះអាង​ខុស​ពី​ការ​ពិត​អំពី​ការ​បោះ​ឆ្នោត​​ពី​ចម្ងាយ​តាម​រយៈ​ការ​ផ្ញើ​សំបុត្រ ហើយ Twitter បាន​បន្ថែម​តំណ​ភ្ជាប់​ជា​មួយ​ការ​បង្ហោះ​ទាំង​ពីរ ទៅ​កាន់​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍ ដើម្បី​ឲ្យ​អ្នក​ប្រើ​ប្រាស់​ផ្ទៀងផ្ទាត់​ទៀត​ផង។

​ដោយ​ឡែក​អ្នក​នាំ​ពាក្យ​របស់ Facebook និយាយ​ថា​ពួក​គេ​មាន​ទិសដៅ​ផ្សេង​ខុស​ពី​ Twitter។ Facebook នៅ​តែ​​ដាក់​សម្គាល់​លើ​ការ​បង្ហោះ​​ណា​ដែល​ជា​ដំណឹង​មិន​ពិត ប៉ុន្តែ​លើក​លែង​ចំពោះ​ការ​បង្ហោះ​ចេញ​ពី​អ្នក​នយោបាយ​ ព្រោះ​ Facebook និយាយ​ថា​ខ្លួន​មិន​គួរ​ដើរ​តួ​ធ្វើ​ជា​អ្នក​បែង​ចែក​​ព័ត៌មាន​ណា​ពិត ព័ត៌មាន​ណា​មិន​ពិត ទាក់​ទង​នឹង​នយោបាយ​នោះ​ទេ។

ក្រឹត្យ​ច្បាប់​ថ្មី​​របស់​លោក ដូណាល់ ត្រាំ ប្រសិន​បើ​វា​ចូល​ជា​ធរមាន​មែន នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជា​ច្រើន​ទំនង​ជា​ត្រូវ​រង​​ការ​ដាក់​ពាក្យ​បណ្ដឹង​ ដោយ​សារ​ពួក​គេ​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ការ​បង្ហោះ​របស់​អ្នក​ប្រើ​ប្រាស់​រាប់​ពាន់​លាន​នាក់​ជុំវិញ​ពិភពលោក៕​​

ប្រភព៖ The Verge | vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់