- 2020-05-28 02:47:15
- ព័ត៌មាន
បងស្ដេចគ្រឿងញៀន ប្ដឹង Apple ទារសំណង ២,៦ពាន់លានដុល្លារ
- 2020-05-28 02:47:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បងស្ដេចគ្រឿងញៀន ប្ដឹង Apple ទារសំណង ២,៦ពាន់លានដុល្លារ
ចន្លោះមិនឃើញ
Roberto Escobar ដែលជាបងស្ដេចគ្រឿងញៀនកូឡុំប៊ីល្បីឈ្មោះ Pablo Escobar បានទាមទារសំណងពី Apple ចំនួន ២,៦ពាន់លានដុល្លារ ជុំវិញរឿងរ៉ាវដែល iPhone X របស់ខ្លួនត្រូវបានគេ Hack ចូល។
ផ្អែកតាមការចុះផ្សាយរបស់ TMZ បានឲ្យដឹងថា ក្នុងពាក្យបណ្ដឹង Roberto បាននិយាយថាខ្លួនបានទិញ iPhone X ពីខែមេសាឆ្នាំ ២០១៨ ហើយមួយឆ្នាំក្រោយមកក៏ទទួលបានសារគំរាមកំហែងអាយុជីវិតពីបុរសម្នាក់ឈ្មោះ Diego។ បុរសម្នាក់នោះនិយាយថាគេបានរកឃើញអាសយដ្ឋានផ្ទះរបស់ Roberto តាមរយៈកម្មវិធី FaceTime។
Roberto និយាយថា iPhone X របស់ខ្លួនត្រូវ Hacker ចូលលុកលុយបានតាមរយៈចន្លោះប្រហោងនៃកម្មវិធី FaceTime។ លោកបានប្រាប់រឿងនេះដល់ Apple ប៉ុន្តែបុគ្គលិក Apple ទទូចថា iPhone X គឺជាស្មាតហ្វូនមានសុវត្ថិភាពខ្ពស់មួយលើទីផ្សារ។ Roberto បានឲ្យដឹងដែរថារូបគេត្រូវរើផ្ទះ និងត្រូវចំណាយថវិកាច្រើនសន្ធឹកដើម្បីបង្កើនសុវត្ថិភាពរបស់ខ្លួន។
គួរដឹងថាក្រោយចេញពីពន្ធនាគារ Roberto Escobar ទទួលបានមរតកប្រមាណ ៣០ពាន់លានដុល្លារពីប្អូនប្រុសរបស់ខ្លួនដែលត្រូវប៉ូលិសបាញ់សម្លាប់ក្នុងឆ្នាំ ១៩៩៣។ ជាមួយមរតកនេះ Roberto បានបង្កើតក្រុមហ៊ុន Escobar Inc. ឡើង។
នៅឆ្នាំ ២០១៩ ក្រុមហ៊ុន Escobar បានបញ្ចេញលក់ស្មាតហ្វូនបត់របស់ខ្លួនម៉ូដែល Escobar Fold 1 ដែលមានតម្លៃត្រឹម ៣៤៩ដុល្លារ ដើម្បីប្រកួតប្រជែងនឹង Galaxy Fold របស់ Samsung។ កន្លងមក Roberto ធ្លាប់បានប្ដឹង Apple ថាលក់ iPhone ឲ្យអតិថិជនថ្លៃពេក។
កាលពីថ្មីៗនេះក្រុមហ៊ុន Escobar បានបន្តបញ្ចេញលក់ iPhone 11 Pro ស្រោបមាសទំហំ ២៥៦GB ក្នុងតម្លៃត្រឹម ៤៩៩ដុល្លារ ដែលប្រៀបដូចជាការសងសឹកទៅកាន់ Apple គឺលក់ផលិតផល Apple ក្នុងតម្លៃថោកជាងក្រុមហ៊ុនបានលក់៕