• 2020-05-26 02:18:35
  • ព័ត៌មាន

ចិនបន្តផែនការហោះទៅភពក្រហមនៅឆ្នាំនេះ តាមការគ្រោងទុក

  • 2020-05-26 02:18:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចិន​បន្ត​បោះ​ពួយ​ទៅ​មុខ​ជា​មួយ​បេសកកម្ម​ហោះ​ទៅ​កាន់​ភព​អង្គារ ដោយ​គ្រោង​នឹង​ហោះ​ចេញ​ទៅ​ក្នុង​ខែ​កក្កដា ឆ្នាំ ២០២០ នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​កាល​ពី​ថ្ងៃ​អាទិត្យ​របស់​ក្រុមហ៊ុន​អវកាស​វិទ្យាសាស្ត្រ​​និង​បច្ចេកវិទ្យា​ចិន ហៅ​កាត់​ CASC។ ប្រសិន​បើ​ជោគជ័យ​​នោះ​ចិន​នឹង​ក្លាយ​ជា​ប្រទេស​ទី​បី​ដែល​បាន​ចុះ​ចត​លើ​ភព​ក្រហម បន្ទាប់​ពី​សហរដ្ឋអាមេរិក និង​សហភាព​សូវៀត។

CASC គឺ​ជា​អ្នក​ជាប់​កុងត្រា​ធំ​សម្រាប់​កម្មវិធី​អវកាស​របស់​ចិន និង​បាន​ធ្វើ​ការ​លើ​គម្រោង​ការ​​ហោះ​ទៅ​ភព​អង្គារ​តាំង​ពី​ឆ្នាំ ២០១៦ មក។ បេសកកម្ម​ភព​អង្គារ​គឺ​មាន​កិច្ច​ការ​មួយ​ចំនួន​ត្រូវ​បំពេញ រួម​មាន​ការ​ហោះ​ជុំ​វិញ​ភព, ការ​ចុះ​ចត​លើ​ភព និង​ការ​រុករក​លើ​ភព​ផង​ដែរ។

ការ​ប៉ុនប៉ង​ហោះ​ទៅ​កាន់​ភព​អង្គារ​លើក​ដំបូង​របស់​ប្រទេស​ចិន​គឺ​​កាល​ពី​ឆ្នាំ ២០១១​ ដែល​ពេល​នោះ​បាន​បរាជ័យ ​ដោយ​​​បំណែក​នៃ​យាន​ Yinghuo-1 បាន​ធ្លាក់​ចូល​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។

NASA រំពឹង​ថា​នឹង​ចាប់​ផ្ដើម​បេសកកម្ម​ភព​អង្គារ​នា​ខែ​កក្កដា ឆ្នាំ ២០២០ នេះ​ដែរ ប៉ុន្តែ​បេសកកម្ម​​​ភព​អង្គារ​របស់​អឺរ៉ុប និង​រុស្ស៊ី ដែល​ដើម​ឡើយ​គ្រោង​ចាប់​ផ្ដើម​នា​ឆ្នាំ ២០២០ នេះ ត្រូវ​ពន្យារពេល​ដល់​ឆ្នាំ ២០២២ ព្រោះ​ជំងឺ​កូវីដ​១៩។ ចំណែក​សហភាព​អារ៉ាប់រួម​គ្រោង​នឹង​ហោះ​ទៅ​ភព​អង្គារ​នា​ឆ្នាំ ២០២១ ខាង​មុខ​នេះ៕​​​​​​

ប្រភព៖ abacusnews ប្រែ​សម្រួល៖ សុខហេង

មតិយោបល់