• 2020-05-25 06:04:06
  • ព័ត៌មាន

ម៉ាកឡានប្រណីតកូរ៉េ កំពុងសម្ងំផលិតអាវុធសម្ងាត់ ប្រកួតនឹង Audi និង Porsche

  • 2020-05-25 06:04:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Genesis G80 ស៊េរី​ឆ្នាំ ២០២១ បាន​បង្ហាញ​មុខ​កាល​ពី​ដើម​ឆ្នាំ​ជា​មួយ​រចនាបថ​ទាន់​សម័យ កាន់​តែ​ទាក់ទាញ និង​មាន​ជម្រើស​ម៉ាស៊ីន​ចំនួន​ពីរ។ យ៉ាងណាក្ដី​រថយន្ត Sedan ប្រណីត​នេះ​នឹង​មិន​មាន​ជម្រើស​ម៉ាស៊ីន​តែ​ប៉ុណ្ណេះ​ទេ ដោយ​ Genesis គ្រោង​បន្ថែម​ប្រភេទ Plug-in Hybrid និង​ប្រភេទ​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​បន្ថែម​ពី​លើ​នេះ។

Genesis G80

រថយន្ត​ Genesis G80 ដែល​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​រំពឹង​ថា​បង្ហាញ​វត្តមាន​នា​ឆ្នាំ ២០២១ ដោយ​មាន​ឈ្មោះ​ថា​ eG80 ជា​គូ​ប្រកួតប្រជែង​ខ្លាំង​ក្លា​មួយ​របស់ Audi e-tron GT និង Porsche Taycan។ ពេល​នេះ​ដែរ​វិបសាយ​ Korean Car Blog បាន​បង្ហាញ​ដំណឹង​ដំបូង​អំពី​រថយន្ត​ Sedan អគ្គិសនី​ប្រណីត​របស់​កូរ៉េ​ខាង​ត្បូង​នេះ។

ប្រភព​ខាង​លើ​អះអាង​ថា​ Genesis eG80 នឹង​មាន​បំពាក់​អាគុយ​ដែល​អាច​ឲ្យ​វា​ជិះ​បាន​ចម្ងាយ ៥០០គីឡូម៉ែត្រ ពេល​សាក​ពេញ។ វា​ក៏​នឹង​មាន​បំពាក់​បច្ចេកវិទ្យា​បើកបរ​ស្វ័យប្រវត្តិ​កម្រិត ៣ ដែល​ជា​បច្ចេកវិទ្យា​រួម​គ្នា​ផលិត​រវាង​ Hyundai និង Samsung។

Genesis G80

ខណៈ​ដែល​ក្រុមហ៊ុន​ដូច​ជា BMW, Mercedes-Benz, Audi, Volkswagen និង Volvo សុទ្ធ​តែ​អាច​ផលិត​រថយន្ត​អគ្គិសនី​ដែល​ជិះ​បាន​ចម្ងាយ​ឆ្ងាយ​ ប៉ុន្តែ​​នៅ​មិន​ទាន់​មាន​បច្ចេកវិទ្យា​បើកបរ​ស្វ័យប្រវត្តិ​កម្រិត​ទី ៣​នោះ​ទេ។ បច្ចេកវិទ្យា​នេះ​អាច​ឲ្យ​អ្នក​បើកបរ​ដោះ​ដៃ​ចេញ​ពី​ចង្កូត​ ឲ្យ​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ​បាន។

នៅ​ពេល​ចេញ​លក់​ រំពឹង​ថា​ Genesis eG80 នឹង​មាន​តម្លៃ​ថ្លៃ​លើស​ប្រភេទ​ប្រើ​ម៉ាស៊ីន​សាំង​ធម្មតា។ eG80 នេះ​ដែរ​នឹង​ជា​រថយន្ត​អគ្គិសនី​ថ្មី​មួយ ក្នុង​ចំណោម​រថយន្ត​អគ្គិសនី​ថ្មី ១៤ ម៉ូដែល ដែល Hyundai គ្រោង​ប្រកាស​ចេញ​ត្រឹម​ឆ្នាំ ២០២៥៕​

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សុខហេង

មតិយោបល់