• 2020-05-21 12:41:08
  • ព័ត៌មាន

នាយករដ្ឋមន្រ្តីថៃ ដឹកនាំគណៈកម្មាធិការជាតិដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យា 5G

  • 2020-05-21 12:41:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

[ទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០] គណៈកម្មាធិការជាតិ 5G ដែលមានសមាជិក ២៦ នាក់ត្រូវបានបង្កើតឡើងជាមួយនឹងការចូលរួមពនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា ដើម្បីសម្របសម្រួលការអភិវឌ្ឍបច្ចេកវិទ្យា 5G និងជំរុញសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេស។

គណៈកម្មាធិការនេះ ក៏មានមុខងារក្នុងការកាត់បន្ថយឧបសគ្គទាក់ទងនឹងការប្រមូលមកវិញនូវដែនកំណត់ដែលមិនបានប្រើប្រាស់ ឬ (តំបន់ស) ពីទីភ្នាក់ងាររបស់រដ្ឋសម្រាប់គណៈកម្មាធិការជាតិផ្សព្វផ្សាយ និងទូរគមនាគមន៍ (NBTC) ជាថ្នូរនឹងការផ្ដល់សំណង។ គេរំពឹងថា នេះជាការបង្កើនកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារដែលពាក់ព័ន្ធសម្រាប់ការគាំទ្រការអភិវឌ្ឍ 5G ។

ឧបនាយករដ្ឋមន្ត្រីថៃ លោក Somkid Jatusripitak លោក Prawit Wongsuwon និងលោក Wissanu Krea-ngam មានតួនាទីជាអនុប្រធាននៃគណៈកម្មាធិការជាតិនេះ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងរដ្ឋមន្រ្តីក្រសួងអប់រំក៏ជាសមាជិកនៃគណៈកម្មាធិការនេះផងដែរ។ លេខាធិការអចិន្រ្តៃយ៍នៃក្រសួងសេដ្ឋកិច្ច ឌីជីថល និងសង្គមមានតួនាទីជាប្រធាន និងលេខាធិការនៃគណៈកម្មាធិការ។

គណៈកម្មាធិការនេះ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ការអភិវឌ្ឍ vertical 5G ដោយធានាបាននូវអត្ថប្រយោជន៍ល្អបំផុតនៃការ អនុម័តឲ្យប្រើប្រាស់ប្រព័ន្ធ 5G ចំពោះសេដ្ឋកិច្ច និងអ្នកប្រើប្រាស់ចុងក្រោយ។ អគ្គលេខាធិការនៃទីភ្នាក់ងារ NBTC លោក Takorn Tantasith បាននិយាយថា វានឹងជំរុញផែនការជាក់លាក់សម្រាប់ការអនុម័ត 5G និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដោយធានាឲ្យមានការចូលរួមពីតំណាងមកពីក្រសួងសំខាន់ៗ។

ការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩ បានជំរុញឲ្យប្រតិបត្តិករទូរគមនាគមន៍ធំៗរបស់ថៃកែលម្អការដាក់ពង្រាយនូវបច្ចេកវិទ្យា 5G។ ប្រតិបត្តិករទូរស័ព្ទចល័តកំពូលរបស់ប្រទេសនេះកំពុងប្រណាំងប្រជែងគ្នាដើម្បីដាក់ពង្រាយបណ្តាញ 5G នៅតាមមន្ទីរពេទ្យដើម្បីគាំទ្រវេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសដ៏កាចសាហាវនេះ។

លោក Buddhipongse Punnakanta រដ្ឋមន្រ្តីនៃក្រសួងសេដ្ឋកិច្ច ឌីជីថល និងសង្គមបានមានប្រសាសន៍ថា “ការប្រើឧបករណ៍ដែលបំពាក់ដោយបច្ចេកវិទ្យា 5G ចំពោះប្រព័ន្ធសុខភាពសាធារណៈបង្ហាញពីរបៀបដែលហេដ្ឋារចនាសម្ព័ន្ធឌីជីថលអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពរបស់ប្រជាជនក្នុងអំឡុងពេលមានអាសន្នធ្ងន់ធ្ងរណាមួយ”។

ក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គម រួមជាមួយក្រុមហ៊ុន Huawei តិចណូឡូជី ប្រទេសថៃកំពុងផ្តល់ដំណោះស្រាយជំនួយ AI ជាមួយនឹងបច្ចេកវិទ្យា 5G ដល់មន្ទីរពេទ្យក្នុងប្រទេសក្នុងគោលបំណងជួយឲ្យលទ្ធផលនៃការធ្វើរោគវិនិច្ឆ័យលទ្ធផលកាន់តែមានប្រសិទ្ធភាពតាមរយៈបណ្តាញល្បឿនលឿន។

ស្ថាប័នឧស្សាហកម្មដូចជា GSMA បានចង្អុលបង្ហាញថា បច្ចេកវិទ្យា 5G មានសារសំខាន់ណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល ហើយនឹងក្លាយជាឆ្អឹងខ្នងសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ។ នៅពេលដែលកម្លាំងចលករចាប់ផ្តើមលូតលាស់ឡើងវិញក្រោយពេលជំងឺរាតត្បាតសកលនេះ បច្ចេកវិទ្យាព័ត៌មានវិទ្យា និងសេដ្ឋកិច្ចឌីជីថល ត្រូវបានគេទទួលយកកាន់តែខ្លាំងឡើងនឹងក្លាយជាកម្លាំងជំរុញដ៏ធំមួយនៅក្នុងឧស្សាហកម្មនេះ៕

ប្រភព៖ Bangkokpost

មតិយោបល់