• 2020-05-07 03:30:54
  • ព័ត៌មាន

ឈ្មោះកូនមេ Tesla គឺដាក់តាមយន្តហោះស៊ើបការណ៍ អាចហោះបាន ៣៥០០ គ.ម/ម៉

  • 2020-05-07 03:30:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Elon Musk បាន​ប្រាប់​តាម​រយៈ​គណនី Twitter ថា​ ឈ្មោះ​កូន​ដែល​ទើប​នឹង​កើត​របស់​លោក​គឺ ​X Æ A-12 ជា​ឈ្មោះ​ដែល​គេ​មិន​ដឹង​អាន​ថា​ម៉េច ប៉ុន្តែ​មាន​បង្កប់​នូវ​អត្ថន័យ​ជា​ច្រើន។ A-12 នៅ​ក្នុង​ឈ្មោះ​គឺ​តំណាង​ឲ្យ​យន្តហោះ​ស៊ើបការណ៍​របស់​ភ្នាក់ងារ CIA ​ដែល​ជា​សិស្ស​ច្បង​របស់​យន្តហោះ​ស៊ើបការណ៍ SR-71 Blackbird ហើយ​យន្តហោះ SR-71 Blackbird គឺ​ជា​យន្តហោះ​សំណព្វ​ចិត្ត​របស់​ លោក Elon Musk និង​មិត្ត​ស្រី។

កាល​ពី​ពាក់​កណ្ដាល​សតវត្ស​​ឆ្នាំ ១៩៥០ ភ្នាក់ងារ CIA បាន​ចាប់​ផ្ដើម​សិក្សា​យន្តហោះ​​ថ្មី​ដែល​មក​ស្នង​តំណែង​យន្តហោះ​ស៊ើបការណ៍​ U-2 ដោយ​ពួក​គេ​ចង់​បាន​យន្តហោះ​ដែល​​ពិបាក​ឲ្យ​​អ្នក​ដទៃ​ចាប់​សញ្ញា និង​អាច​ហោះ​ក្នុង​ល្បឿន​លឿន ក្នុង​រយៈ​កម្ពស់​ខ្ពស់។

​នៅ​ឆ្នាំ ១៩៦៥ យន្តហោះ​ស៊ើបការណ៍​ថ្មី​របស់ CIA ​ដែល​ជា​ម៉ូដែល A-12 បាន​ចាប់​ផ្ដើម​ប្រតិបត្តិការ​ជា​ផ្លូវ​ការ ដែល​វា​អាច​ហោះ​បាន​ក្នុង​​ល្បឿន​ដល់ ៣៥៤០ គ.ម/ម៉ នៅ​កម្ពស់​ ២៧,៤ គីឡូម៉ែត្រ ជា​​​លក្ខណៈ​សម្បត្តិ​ដ៏​ខ្លាំង​មួយ​ដែល​សព្វ​ថ្ងៃ​មិន​ទាន់​មាន​យន្តហោះ​ណា​អាច​ធ្វើ​បាន​ប្រសើរ​ជាង​នេះ។

យន្តហោះ​នេះ​ចាប់​ផ្ដើម​ប្រតិបត្តិការ​ចន្លោះ​ខែ​ឧសភា ឆ្នាំ ១៩៦៧ និង​ខែ​ឧសភា ឆ្នាំ ១៩៦៨ ដែល​ធ្វើ​ការ​ហោះ​ហើរ​ចំនួន ២៩ លើក​ទៅ​កាន់​អាស៊ី​ខាង​កើត​ ក្រោម​ប្រតិបត្តិការ​ឈ្មោះ Black Shield ដែល​​ធ្វើ​ឈ្លប​មើល​លើ​សកម្មភាព​របស់​កងទ័ព​នៅ​វៀតណាម។

ក្រោយ​មក​យន្តហោះ A-12 ត្រូវ​បាន​ជំនួស​ដោយ​​យន្តហោះ​ SR-71 Blackbird របស់ Air Force ដែល​ឌីហ្សាញ​ដោយ​ក្រុមហ៊ុន​ Lockheed និង​ផលិត​ឡើង​ដោយ​វិស្វករ​ជំនាញៗ​ជា​ច្រើន​រូប ដើម្បី​ទទួល​បាន​សមត្ថភាព​ដូច​ជា​ A-12 ដែរ។ SR-71 Blackbird អាច​ហោះ​ហើរ​នៅ​ល្បឿន ៣៥២៩ គ.ម/ម៉ និង​អាច​ហោះ​នៅ​កម្ពស់​ ២៥,៩២ គីឡូម៉ែត្រ៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់