• 2020-04-30 06:32:01
  • ព័ត៌មាន

អនាគតអ្នកស្នងតំណែង CEO នៅ Alibaba ត្រូវទម្លាក់តំណែង ព្រោះរឿងអាស្រូវ

  • 2020-04-30 06:32:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​កាន់​កាប់​តំណែង​ជាន់​ខ្ពស់​នៅ​ Alibaba និង​ជា​បេក្ខភាព​ដែល​ស្នង​តំណែង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​នេះ ត្រូវ​បាន​គេ​ទម្លាក់​តំណែង​ ក្រោយ​ពី​ផ្ទុះ​រឿង​អាស្រូវ​ដែល​ជាប់​ពាក់ព័ន្ធ​រវាង​ភរិយា និង​តារា​អ៊ីនធឺណិត​មួយ​រូប។

លោក Jiang Fan វ័យ ៣៤ ឆ្នាំ គឺ​ជា​ប្រធាន​នៃ​ Tmall និង Taobao ដែល​ជា​ហាង​លក់​ទំនិញ​ស្ថិត​ក្រោម​ការ​កាន់​កាប់​របស់ Alibaba។ Alibaba បាន​ដក​ហូត​ប្រាក់​រង្វាន់ និង​ទម្លាក់​តំណែង​របស់ Jiang Fan ពី​តំណែង​ដែល​ស្មើ​នឹង​នឹង​អនុ​ប្រធាន​ជាន់​ខ្ពស់ មក​ជា​អនុប្រធាន​វិញ។ មិន​តែ​ប៉ុណ្ណោះ Alibaba បាន​ដក​ឈ្មោះ​លោក Jiang ពី​​បញ្ជី​ដៃ​គូ​សហការ​ដ៏​មាន​ឥទ្ធិពល​ចំនួន ៣៨ របស់​ក្រុមហ៊ុន​ផង​ដែរ។

លោក Jaing បាន​ចូល​បម្រើ​ការងារ​នៅ​ Alibaba នា​ឆ្នាំ ២០១៣ ពេល​ដែល​ក្រុមហ៊ុន Alibaba បាន​ទិញ​យក​កម្មវិធី​វិភាគ​លើ​ទូរសព្ទ​ដៃ​ដែល​គេ​បាន​បង្កើត។ ក្រោយ​មក​លោក​ឡើង​កាន់​កាប់​ Taobao នៅ​ឆ្នាំ ២០១៧ បន្ទាប់​មក​គ្រប់​គ្រង Tmall និង​គ្រប់​គ្រង​​​នូវ Alimama ដែល​ជា​ផ្នែក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់ Alibaba ផង​ដែរ។

​​លោក Jaing ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​បេក្ខភាព​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ អាច​ស្នង​តំណែង​លោក Zhang Yong ដែល​បច្ចុប្បន្ន​ជា​នាយក​ប្រតិបត្តិ​ Alibaba Group។ លោក Zhang Yong ឡើង​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​​បន្ទាប់​ពីលោក Jack Ma ​ចាប់​ពី​ថ្ងៃ​ទី ១០ ខែ​កញ្ញា ឆ្នាំ ២០១៩ ដោយ​នឹង​កាន់​កាប់​រយៈពេល ១ឆ្នាំ​ប៉ុណ្ណោះ៕​​

ប្រភព៖ Financial Time ប្រែ​សម្រួល៖ សុខហេង

មតិយោបល់