• 2020-04-28 02:31:54
  • ផលិតផលថ្មី

Mavic Air 2 ចេញជាផ្លូវការ កាមេរ៉ាទំហំ ៤៨MP ថតវីដេអូ 4K/60fps

  • 2020-04-28 02:31:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​ Drone ឈ្មោះ​​​​​ DJI បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​ Mavic Air 2 ជា​ Drone មួយ​ដែល​ពួក​គេ​​ហៅ​ថា​ជា​ Drone ឆ្លាត​ជាង​គេ, សុវត្ថិភាព​ជាង​គេ និង​ងាយ​ស្រួល​បង្ហោះ​ជាង​គេ​លើ​ទីផ្សារ។

Mavic Air 2 គឺ​មាន​បំពាក់​នូវ​ Sensor រូបភាព​ប្រភេទ QuadBayer ទំហំ ៤៨MP ដែល​អាច​ផលិត​បាន​រូបភាព​ទំហំ ១២MP ដោយ​ប្រើ​បច្ចេកវិទ្យា​ pixel binning ហើយ​ក៏​អាច​ថត​រូប​ទំហំ ៤៨MP ផង​ដែរ​​ពេល​ជ្រើស​រើស​ Mode “High-Res”។ កាមេរ៉ា​របស់​វា​អាច​ចាប់​យក​វីដេអូ​កម្រិត 4K/60ps, 1080p/120fps ឬ 240fps និង​វីដេអូ Timelapse កម្រិត 8K ផង​ដែរ។

Drone ថ្មី​នេះ​ត្រូវ​បាន​កែ​សម្រួល​ការ​ឌីហ្សាញ​ដោយ​បំពាក់​នូវ​ម៉ូទ័រ​ថ្មី មាន​សមត្ថភាព​ជ្រែក​ខ្យល់​ប្រសើរ​ជាង​មុន និង​បច្ចេកវិទ្យា​ថ្ម​ដ៏​ទំនើប​ដែល​អាច​ហោះហើរ​បាន​រយៈពេល ៣៤ នាទី។ ដោយ​ប្រើ​ប្រាស់​នូវ​ OcuSync 2.0 អ្នក​អាច​បញ្ជា​ Drone នេះ​បាន​​ចម្ងាយ ១០ គីឡូម៉ែត្រ។

ក្រៅ​ពី​កែ​សម្រួល​លើ Hardware ហើយ​នោះ​ DJI ក៏​បាន​បញ្ចូល​មុខងារ​ឆ្លាត​វៃ​មួយ​ចំនួន​ទៅ​ក្នុង​កាមេរ៉ា និង Drone ផ្ទាល់​ផង​ដែរ។ កាមេរ៉ា​របស់ Drone នឹង​ប្រើ​ប្រាស់​​ Machine Learning និង​​មុខងារ​ចំណាំ​​​ប្លង់​រូបភាព ដើម្បី​ជ្រើស​រើស​ដោយ​ស្វ័យ​ប្រវត្តិ​នូវ​ជម្រើស ៣ ខាង​ក្រោម ៖

  • HDR Photo ដែល​ថត​រូប​ ៧ សន្លឹក​មាន​ Exposure ខុសៗ​គ្នា ចម្រាញ់​ចេញ​ជា​រូបភាព​មួយ​សន្លឹក​ដែល​មាន​ Dynamic Range ស្អាត

  • Hyperlight អាច​ថត​រូបភាព​ច្រើន​សន្លឹក​ និង​បញ្ចូល​រូប​ទាំង​នោះ​ចូល​គ្នា​ឲ្យ​ក្លាយ​ជា​រូប​តែ​មួយ ដែល​មាន​ Exposure ល្អ​ប្រសើរ​ជាង​ធម្មតា និង​មាន​គ្រាប់ Noise តិច​

  • Scence Recognition អាច​​ដឹង​អំពី​ប្លង់​ចំនួន​ប្រាំ​ប្រភេទ មាន​ប្លង់​ថ្ងៃ​លិច ផ្ទៃ​មេឃ​ខៀវ ស្មៅ ព្រិល និង​ដើម​ឈើ ដែល​វា​នឹង​កែ​សម្រួល​ពណ៌ និង Tone នៃ​រូបភាព​ឲ្យ​កាន់​តែ​លេច​ធ្លោ​តាម​ប្លង់​នីមួយៗ

សម្រាប់​ផ្នែក​សុវត្ថិភាព​វិញ​ក៏​ក្រុមហ៊ុន​បាន​កែ​សម្រួល​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន​ដែរ។ លើ​ Mavic Air 2 គឺ​មាន​ Sensor ​​ដែល​អាច​ដឹង​អំពី​ឧបសគ្គ​មាន​បំពាក់​ទាំង​មុខ​ទាំង​ក្រោយ​ ហើយ​មាន​ Sensor ជា​ច្រើន​ទៀត​នៅ​ផ្នែក​ខាង​ក្រោម​ដើម្បី​ជួយ​ដល់​ការ​ចុះ​ចត​​ស្វ័យប្រវត្តិ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។ វា​ក៏​មាន​នូវ​ APAS 3.0 ដែល​ប្រើ​ប្រាស់​ការ​វាស់​ផែនទី​ប្រភេទ 3D ដើម្បី​ពិនិត្យ​មើល​ឧបសគ្គ​ជុំវិញ និង​បច្ចេកវិទ្យា AirSense ដែល​អាច​ប្រាប់​ដំណឹង​ដល់​អ្នក​បញ្ជា Drone អំពី​យន្តហោះ​ដទៃ​ដែល​នៅ​ក្បែរៗ​នោះ​ ដោយ​មាន​បង្ហាញ​ទីតាំង​យន្តហោះ​នៅ​លើ​អេក្រង់​​ឧបករណ៍​​បញ្ជា។

ស្តង់ដារ
Fly More

Mavic Air 2 នេះ​មាន​លក់​ជា​ពីរ​ឈុត​ ឈុត​ស្តង់ដារ​គឺ​មាន​ Drone, ថ្ម, តេឡេ​បញ្ជា និង​ខ្សែ​ត​ភ្ជាប់​ដែល​ចាំ​បាច់​ជា​មួយ​តម្លៃ ៧៩៩ដុល្លារ ឬ​ឈុត Fly More ដែល​មាន​បន្ថែម​នូវ​កាតាប​ស្ពាយ​, Filter ND មួយ​ឈុត, ស្លាប​​មួយ​ឈុត​, ដុំ​សាក​ថ្ម និង​ថ្ម​សរុប​ ៣ គ្រាប់​ជា​មួយ​តម្លៃ ៩៨៨ដុល្លារ៕

ប្រភព៖ petapixel ប្រែ​សម្រួល៖ សុខហេង

មតិយោបល់