• 2020-04-23 01:46:56
  • ផលិតផលថ្មី

Motorola ប្រកាសចេញទូរសព្ទតម្លៃ ១ពាន់ដុល្លារ ប្រើឈីប SD865 កាមេរ៉ា 108MP

  • 2020-04-23 01:46:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ខក​ខាន​បញ្ចេញ​ស្មាតហ្វូន​លំដាប់ Flagship អស់​ជា​ច្រើន​ឆ្នាំ​រួច​មក ពេល​នេះ Motorola បាន​វិល​ត្រឡប់​ជា​ថ្មី​ជា​មួយ​ស្មាតហ្វូន​ត្រកូល Edge ចំនួន​ពីរ ដែល​​មាន​មួយ​ជា​ Flagship លំដាប់​កំពូល​ តម្លៃ​ខ្ទង់​ពាន់​ដុល្លារ។

Motorola Edge+

Motorola Edge+ គឺ​មាន​បំពាក់​ដោយ​អេក្រង់ ៦,៧អ៊ីញ ប្រភេទ AMOLED មាន HDR10+ ហើយ​វា​ស្មាតហ្វូន Motorola ដំបូង​គេ​ដែល​អេក្រង់​មាន Refresh Rate 90Hz។ កម្រិត​បង្ហាញ​នៃ​អេក្រង់​​គឺ 1080p+ ហើយ​មាន​ចោះ​រន្ធ​តូច​មួយ​សម្រាប់​បំពាក់​កាមេរ៉ា Selfie ទំហំ ២៥MP និង​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់​ផង​ដែរ។

កាមេរ៉ា​មេ​ខាង​ក្រោយ​មាន​ទំហំ ១០៨MP ជា​ស្មាតហ្វូន​ដំបូង​របស់ Motorola ដែល​ប្រើ​កាមេរ៉ា​ទំហំ​ធំ​នេះ។ កាមេរ៉ា​នេះ​មាន​ Aperture f/1.8 និង​មាន​មុខងារ​ទប់​លំនឹង​មក​ជា​មួយ។ វា​មាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ 4-in-1 pixel binning ដូច​ជា​ស្មាតហ្វូន Xiaomi ដែល​​ដាក់​បញ្ចូល​គ្រាប់​ភីកសែល​បួន​​មក​ជា​គ្រាប់​ភីកសែល​មួយ​ ​អាច​ផលិត​បាន​ជា​រូបភាព​ទំហំ ២៧MP។

កាមេរ៉ា​បន្ទាប់​គឺ​ជា​ប្រភេទ Telephoto មាន​ទំហំ ៨MP អាច​ Zoom Optical បាន​បី​ដង និង​មាន​មុខងារ​រក្សា​លំនឹង​ដែរ។ កាមេរ៉ា​ចុង​ក្រោយ​ជា​ប្រភេទ Ultra-Wide មាន​ទំហំ ១៦MP ដែល​អាច​ប្រើ​សម្រាប់​ថត​រូប Macro បាន និង​មាន​កាមេរ៉ា​វាស់​ជម្រៅ ToF ផង​ដែរ។ ទូរសព្ទ​នេះ​អាច​ថត​វីដេអូ​បាន​ដល់​កម្រិត 6K ផង​ដែរ។

បន្ទះ​ឈីប​របស់ Motorola Edge+ គឺ​ជា​ប្រភេទ Snapdragon 865 ដែល​ភ្ជាប់​មក​ជា​មួយ Modem 5G ហើយ​មាន​គួប​ផ្សំ​ជា​មួយ RAM ទំហំ ១២GB ជា​ប្រភេទ LPDDR5 រួម​ជា​មួយ​អង្គ​ផ្ទុក​ប្រភេទ UFS 3.0 ទំហំ ២៥៦GB។'

ស្មាតហ្វូន​នេះ​ដំណើរ​ការ​ដោយ​ថ្ម​ទំហំ ៥០០០ mAh មាន​គាំទ្រ​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន ១៨ វ៉ាត់ សាក​តាម​រយៈ​រន្ធ USB-C។ សម្រាប់​ការ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​វិញ​គឺ​មាន​ល្បឿន ១៥វ៉ាត់ ហើយ​វា​អាច​សាក​ថ្ម​ឲ្យ​ឧបករណ៍​ដទៃ​បាន​ក្នុង​​ល្បឿន ៥វ៉ាត់។

នៅ​សហរដ្ឋអាមេរិក​ Motorola Edge+ នឹង​មាន​លក់​ផ្ដាច់​មុខ​តាម​រយៈ​ក្រុមហ៊ុន Verizon ដែល​នឹង​លក់​នា​ថ្ងៃ​ទី ១៤ ខែ​ឧសភា ជា​មួយ​តម្លៃ​ ១០០០ ដុល្លារ ដែល​មាន​ជម្រើស​ពណ៌​ Smokey Sangria និង​ Thunder Grey។

Motorola Edge

Motorola Edge មាន​រូបរាង​ស្រដៀង​នឹង​បង​ប្អូន​វា​ដែរ ប៉ុន្តែ​លក្ខណៈ​​សម្បត្តិ​ទាប​ជាង​បន្តិច។ ស្មាតហ្វូន​ម៉ូដែល​នេះ​នៅ​តែ​មាន​បំពាក់​អេក្រង់​កោង​ទាំង​សង​ខាង​ ដែល​មាន​ទំហំ ៦,៧អ៊ីញ និង​មាន Refresh Rate 90Hz ប៉ុន្តែ​មិន​គាំទ្រ​ HDR10+ នោះ​ឡើយ។

ផ្នែក​ខាង​ក្នុង​វិញ​គឺ​មាន​បំពាក់​ឈីប Snapdragon 765G ដែល​គាំទ្រ​សេវា 5G មាន​គួប​ផ្សំ​ដោយ​ RAM ទំហំ ៦GB និង​អង្គ​ផ្ទុក​ទំហំ ១២៨GB ហើយ​មាន​រន្ធ​សម្រាប់​ដោត​មេមូរី​កាត​ដើម្បី​បង្កើន​ទំហំ​ផង​ដែរ។

ចំណែក​កាមេរ៉ា​មាន​រៀប​ចំ​ដូច​ជា​គ្នា ប៉ុន្តែ​កាមេរ៉ា​មេ​មាន​ទំហំ ៦៤MP ដែល​មាន​អម​ដោយ​កាមេរ៉ា Ultra-Wide, កាមេរ៉ា​ Telephoto និង​ប្រព័ន្ធ​កាមេរ៉ា​វាស់​ជម្រៅ ToF។ កាមេរ៉ា​ខាង​មុខ​គឺ​មាន​ទំហំ ២៥MP ដូច​ Edge+ ដែរ។

ថ្ម​របស់ Edge មាន​ទំហំ ៤៥០០ mAh ដែល​មាន​ល្បឿន​សាក ១៨ វ៉ាត់ និង​មាន​គាំទ្រ​ការ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​នោះ​ឡើយ។ សម្រាប់​ម៉ូដែល​នេះ​នឹង​មាន​ដាក់​លក់​នៅ​អឺរ៉ុប អាមេរិក​ឡាទីន និង​អាស៊ីប៉ាស៊ីហ្វិក​ នា​ខែ​ឧសភា ដោយ​តម្លៃ​នៅ​អឺរ៉ុប​គឺ ៥៩៩ អឺរ៉ូ ប្រមាណ ៦៤៧ ដុល្លារ៕​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់