• 2020-04-10 07:18:13
  • ព័ត៌មាន

គួរឲ្យសរសើរ! ក្រុមហ៊ុន​ ២ ឧបត្ថម្ភ​សាប៊ូ​​ប្រូថិក​ ជាង ១លាន​ដុំ ដល់​ក្រសួង​សុខាភិបាល ទុកចែក​ជូន​ប្រជាពលរដ្ឋ

  • 2020-04-10 07:18:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Colgate-Palmolive Thailand និងក្រុមហ៊ុន ស៊ី ភី & អេ ត្រេឌីង អ៊ិនធើណេសិនណល ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានឧបត្ថម្ភ សាប៊ូដុំប្រូថិក ជាង ១លានដុំ ជូនក្រសួងសុខាភិបាល ដើម្បីចែកជូនដល់ប្រជាជនកម្ពុជា ដែលមានឈ្មោះថា “១លានប្រូថិក ១លានការពារ” ដើម្បីចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩។

អំឡុងពេលដែល​វិបត្តិកូវីដ១៩ កំពុងជះឥទ្ធិពលដ៏អាក្រក់ដល់ជីវិតមនុស្សនៅទូទាំងពិភពលោក មានមនុស្សជាច្រើនកំពុងតែព្រួយបារម្ភ និងយកចិត្តទុកដាក់ពីការការពារខ្លួនពីវីរុស និងបាក់តេរី ហើយក៏មានមនុស្សជា​ច្រើនកំពុងតែប្រឈមមុខនឹងកង្វះខាតក្នុងការទិញនូវផលិតផលការពារខ្លួនរបស់ពួកគេ ពីការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ ដែលកើតមាននៅក្នុងប្រទេសពួកគេផងដែរ។

លោកឧកញ៉ា ជៀម ផែន អគ្គនាយកក្រុមហ៊ុន ស៊ី ភី & អេ ត្រេឌីង អ៊ិនធើណេសិនណល បានមានប្រសាសន៍ថា ដើម្បីចូលរួមការពារ ទប់ស្កាត់ និងកាត់បន្ថយហានិភ័យ នៃការឆ្លង​ជំងឺកូវីដ១៩ ក្រុមហ៊ុន Colgate-Palmolive Thailand និងក្រុមហ៊ុន ស៊ី ភី & អេ ត្រេឌីង អ៊ិនធើណេសិនណល បានឧបត្ថម្ភសាប៊ូដុំប្រូថិក ដែលអាចកំចាត់បាក់តេរីបានរហូតដល់ ៩៩,៩% ចំនួន ១លាន៨ដុំ ស្មើនឹងទឹកប្រាក់សរុបចំនួន ៥១២ ៦៩៩ដុល្លារ​អាមេរិក តាមរយៈក្រសួងសុខាភិបាល ដើម្បីចែកជូនដល់ប្រជាជនកម្ពុជាប្រើប្រាស់ក្នុងការលាងសម្អាតដៃ និងខ្លួនប្រាណ។

ទន្ទឹមនឹងនោះឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន Colgate-Palmolive Thailand និងក្រុមហ៊ុន ស៊ី ភី & អេ ត្រេឌីង អ៊ិនធើណេសិនណល ដែលជាកាយវិការត្រូវបានចងចាំទុកនៅក្នុងប្រវត្តិសាស្រ្តសាមគ្គីភាពរបស់ជាតិយើង។ ឯកឧត្តម ម៉ម ប៊ុនហេង សង្ឃឹមថា ក្រុមហ៊ុននឹងផ្តល់ជំនួយជាបន្តបន្ទាប់ទៀត ដើម្បីកម្ពុជា ជម្រុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃកូវីដ១៩ ឲ្យទទួលបានជោគជ័យកាន់តែឆាប់រហ័ស។

សូមបញ្ជាក់ផងដែរថា ដោយយោងតាមសារអប់រំរបស់ក្រសួងសុខាភិបាល គឺការលាងសំអាតដៃឲ្យបានញឹកញាប់គឺជាសកម្មភាពដ៏សំខាន់បំផុតដើម្បីការពារអ្នក ពីការឆ្លងនៃវីរុស និងបាក់តេរីផ្សេងៗ ដូច្នេះតាមរយៈយុទ្ធនាការបរិច្ចាគ “១លានប្រូថិក ១លានការពារ” ដល់ប្រជាជនកម្ពុជានេះ ក្រុមហ៊ុនសាប៊ូប្រូថិក សង្ឃឹមថាប្រជាជនកម្ពុជារបស់យើង នឹងចូលរួមលាង សំអាតដៃ និងខ្លួនប្រាណទាំងអស់គ្នា ដើម្បីរក្សាអនាម័យសម្រាប់ប្រឆាំងជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជាយើងទាំងមូល៕

មតិយោបល់